ភ្នំពេញៈ ​នគរបាល​ខណ្ឌ​កំបូល​បាន​កសាង​សំណុំរឿង​បញ្ជូន​បុរស​ ២ ​នាក់​បងប្អូន​បង្កើត​ទៅ​សាលាដំបូង​រាជធានី​​ភ្នំពេញ​នៅ​ថ្ងៃទី​ ៨ មីនា​នេះ បន្ទាប់ពី​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​យក​កាំភ្លើង​បាញ់​សត្វ​បាញ់​ត្រូវ​ក្មេងប្រុស​​អាយុ​ ១៤ ​ឆ្នាំ​ម្នាក់ បណ្ដាល​ឱ្យ​ស្លាប់ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​ ៦ មីនា នៅ​ភូមិ​​លិច​វត្ត​សង្កាត់-ខណ្ឌ​កំបូល រាជធានី-ភ្នំពេញ​។

លោក ហង្ស មុន្នី អធិការនគរបាល​ខណ្ឌ​កំបូល​ឱ្យដឹងពី​ម្សិលមិញ​ថា ជនសង្ស័យ​មាន​ឈ្មោះ ឌុត សុគន្ធារ៉ា អាយុ​ ៤១ ​ឆ្នាំ និង ​ឌុត សុគន្ធរ៉ាវ័ន្ត ជា​បងប្អូន​ប្រុស​បង្កើត​។ ​រីឯ​ក្មេងប្រុស​​រងគ្រោះ​ឈ្មោះ សារឿន ប៊ុនថា អាយុ​ ១៤ ​ឆ្នាំ រៀន​ថ្នាក់​ទី​ ៨ នៅ​អនុវិទ្យាល័យ​បែកចាន និង​រស់នៅក្នុង​មណ្ឌល​អង្គការសង្គ្រោះ​ជន​អស់សង្ឃឹម​។ ​ចំណែក​ជនសង្ស័យ​ទាំង​ ២ ​នាក់​សមត្ថកិច្ច​លោក​​ត្រូវ​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​ ៨ មីនា​នេះហើយ​។

លោក​បាន​ថ្លែងថា​៖ «​ជនសង្ស័យ​ទាំង ២ ​នាក់​នេះ​សមត្ថកិច្ច​ខ្ញុំ​បានបញ្ចប់​ការសួរចម្លើយ​ហើយ ហើយ​នឹង​បញ្ជូន​ទាំង​កំណត់ហេតុ និង​ជនសង្ស័យ​ទៅ​តុលាការ​បន្តទៀត​។ ចំពោះ​ការផ្តន្ទាទោស​យ៉ាងណា​នោះ​គឺ​អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​តុលាការ​»​។

ដោយឡែក​លោក ភិន ភាព នាយ​នគរបាល​ប៉ុស្តិ៍​កំបូល​បញ្ជាក់ប្រាប់​ពី​ម្សិលមិញ​តាម​សម្តី​សាក្សី​ជា​មិត្តភក្តិ​ក្មេង​រងគ្រោះ​ថា មុន​កើតហេតុ​នៅ​ម៉ោង​ប្រហែល​ ៥ ​ល្ងាច ថ្ងៃទី​ ៦ មីនា គេ​បានឃើញ​រថយន្ត​ ១ ​គ្រឿង​ពណ៌​ស​ម៉ាក REXTRON ពាក់​ស្លាក​លេខ ខ.ម-0282 បាន​បើក​សំដៅទៅ​ឈប់​នៅ​ដី​វាល​ ១ ​កន្លែង​ក្នុងភូមិ​លិច​វត្ត សង្កាត់​កំបូល​ជា​កន្លែង​​កើតហេតុ​។ ​ពេល​នោះគេ​ឃើញ​ជន​ទាំង​ ២ ​នាក់​បាន​ចុះ​ពីលើ​រថយន្ត​ដោយ​នៅ​​ក្នុង​ដៃ​មាន​កាន់​កាំភ្លើង​បាញ់​សត្វ​ ១ ​ដើម​ផង​។

លោក​បន្តថា ពេល​ជនសង្ស័យ​កំពុង​ដើរ​បាញ់​សត្វ​ក៏​មាន​ក្មេងប្រុស​ចំនួន​ ៤ ​នាក់​ទៅលេង​នៅ​ដី​វាល​នោះដែរ ដែលមាន​ចម្ងាយ​ប្រហែល​ ១០០ ​ម៉ែត្រ​ពី​ក្រុម​ជនសង្ស័យ​។ ​ពេលនោះ​មាន​ក្មេងប្រុស​​ម្នាក់​ក្នុងចំណោម​ ៤ ​នាក់​បាន​ចូល​បត់ជើង​ក្នុង​ព្រៃរបោះ រីឯ​ក្មេងប្រុស​ផ្សេងទៀត​អង្គុយ​នៅលើ​ដី​ទួល​។ ខណៈ​ក្មេងប្រុស​រងគ្រោះ​កំពុង​ឈរ ស្រាប់តែ​គ្រាប់​កាំភ្លើង​បាន​ហោះ​មក​ត្រូវ​ខាងក្រោម​ភ្នែក​ឆ្វេង​បណ្ដាល​ដួល​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​។

លោក​បាន​ឱ្យដឹងទៀតថា ក្រោយ​ហេតុការណ៍​ពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​កំបូល ហើយ​សមត្ថកិច្ច​របស់​លោក​ក៏បាន​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​។ ​គ្រានោះ​លោក​បានឃើញ​ក្មេងរងគ្រោះ​ដេកស្លាប់​នៅ​លើដី​ដោយមាន​ឈាម​ហូរ​ជោក​ដី​ផង​។

ពេល​លោក​ក៏បាន​ឃាត់​ជនសង្ស័យ​ ២ ​នាក់​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​កំបូល​ហើយ​ពួកគេ​បាន​ឆ្លើយថា ពិតជា​ប្រើ​កាំភ្លើង​ខ្យល់​ដើរ​បាញ់​សត្វ​នៅ​ទីនោះ​មែន​៕