កំពត: ប្រធានអង្គការសហគមន៍អភិវឌ្ឍន៍ខ្មែរលោក ហ៊ិន យុត្ថាណា និងជំនួយការម្នាក់ត្រូវបានសមត្ថកិច្ចខេត្តកំពតបញ្ជូនទៅសាលាដំបូងខេត្តពីម្សិលមិញ បន្ទាប់ពីឃាត់ខ្លួនពាក់ព័ន្ធប្រើព្រះកិត្តិនាមព្រះមហាក្សត្រ និងប្រើស្លាកលេខរថយន្ត និងលេខម៉ូតូក្លែងក្លាយ ខណៈមនុស្ស ២ នាក់ ត្រូវបានដោះលែងក្រោយពីរកមិនឃើញពាក់ព័ន្ធ។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ៤ នាក់ ក្នុងនោះមានម្នាក់ជាប្រធានអង្គការសហគមន៍អភិវឌ្ឍន៍ខ្មែរ (O.K.C.D) ប៉ុន្ដែក្រោយសាកសួរ សមត្ថកិច្ចបានដោះលែង ២ នាក់វិញ រីឯ ២ នាក់ទៀត បញ្ជូនទៅសាលាដំបូងខេត្តកំពតនៅរសៀលថ្ងៃទី ១៦ មិថុនា។
លោកបន្តថា ការឃាត់ខ្លួននេះដោយសារពួកគេប្រើព្រះកិត្តិនាមព្រះមហាក្សត្រនិងប្រើស្លាកលេខរថយន្ត និងស្លាកលេខម៉ូតូក្លែងក្លាយ។
លើសពីនេះពួកគេបានប្រកាសជ្រើសរើសសន្ដិសុខជាច្រើននាក់ដោយគ្មានការអនុញ្ញាតនិងដើរបោកប្រាស់លុយពលរដ្ឋជាច្រើនកន្លែងផងដែរ។
លោក ច័ន្ទមធុរិទ្ធ បញ្ជាក់ថា៖ «ដំបូងយើងចាប់គាត់តែរឿងរថយន្ត និងម៉ូតូគាត់ប្រើប្រាស់ស្លាកលេខរដ្ឋក្លែងក្លាយទេ ប៉ុន្ដែពេលសួរនាំបន្ថែមគាត់ថា គាត់ត្រូវបានព្រះមហាក្សត្រតែងតាំងជាប្រធានអង្គការហ្នឹងហើយខ្ញុំសួរថាចុះមានលិខិតអ្វីបញ្ជាក់អត់? គាត់ថាអត់មានទេ! អ៊ីចឹងបានន័យថាគាត់បោកប្រាស់ទាំងខ្ញុំដែរហើយ»។
លោក ហាង គា អធិការងនគរបាលស្រុកកំពង់ត្រាចបានថ្លែងពីម្សិលមិញថា ការឃាត់ខ្លួននេះពេលពួកគេធ្វើដំណើរតាមផ្លូវដោយសារសមត្ថកិច្ចសង្ស័យប្រើស្លាកលេខរថយន្តនិងស្លាកម៉ូតូក្លែងក្លាយ។ ក្រោយពីសាកសួរ ពួកគាត់ថាមិនមានឯកសារអ្វីបញ្ជាក់ពីការប្រើស្លាកលេខទេ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តតែម្ដង។
លោកបន្តថាក្រោយបញ្ជូនដល់ស្នងការដ្ឋាន លោកមិនបានទទួលដំណឹងអ្វីបន្ថែមទៀតទេ ដោយគ្រាន់តែដឹងថា ពួកគេបានប្រើប្រាស់ស្លាកលេខរថយន្ត និងលេខម៉ូតូក្លែងក្លាយ។ លើសពីនេះ ឈ្មោះ ហ៊ិន យុត្ថាណា អួតអាងថា ខ្លួនត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យធ្វើជាប្រធានអង្គការសហគមន៍អភិវឌ្ឍន៍ខ្មែរទៀតផង។
លោក ហាង គា បញ្ជាក់ថា៖ «យើងចាប់ខ្លួនគាត់ថ្ងៃ ១៤ មិថុនា ភ្លាមៗហ្នឹងក៏បញ្ជូនទៅស្នងការដ្ឋានខេត្តដើម្បីសាកសួរបន្ត ប៉ុន្ដែខ្ញុំអត់ដឹងគេបញ្ជូនទៅតុលាការប៉ុន្មាននាក់ទេ តែខាងខ្ញុំដែលបានចាប់ហ្នឹង ៤ នាក់ គឺក្រុមការងារគាត់ហ្នឹងដែលធ្វើដំណើរទៅជាមួយគ្នា»។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពតបានបង្ហាញកាលពីម្សិលមិញថា ជនសង្ស័យទី១-ឈ្មោះ ហ៊ិន យុត្ថាណា ភេទប្រុស អាយុ ៥៥ ឆ្នាំ ជាប្រធានត្រួតពិនិត្យទូទៅនៃអង្គការ (O.K.C.D) ទី២-ឈ្មោះ ចាន់ សុផល ភេទប្រុស អាយុ ៥៥ ឆ្នាំ ជាជំនួយការប្រធានអង្គការ ទី៣-ឈ្មោះ ធង ធា ភេទប្រុសអាយុ ៤៧ ឆ្នាំ (រួមដំណើរ) និងទី៤-ឈ្មោះ ពៅ ហង្សសេរី ភេទប្រុសអាយុ ៥១ (រួមដំណើរ)។ ជនសង្ស័យទាំង ៤ នាក់ រស់នៅភូមិដាស់ស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
របាយការណ៍ដដែលបញ្ជាក់ថា វត្ថុតាងដែលដកហូតបានរួមមាន រថយន្ត ១ គ្រឿង ម៉ាកមែរសឺដែសពាក់ស្លាកលេខរដ្ឋ 07 (ក្លែងក្លាយ) 2-6688 ម៉ូតូម៉ាក អ៊ែរប្លែដពណ៌ស ពាក់ស្លាកលេខរដ្ឋ 07 1-7777 (ក្លែងក្លាយ) និងបណ្ណសម្គាល់ខ្លួន ៤ សន្លឹក ព្រមទាំងឯកសារពាក់ព័ន្ធមួយចំនួន។ ក្រោយពេលសួរចម្លើយឈ្មោះ ហ៊ិន យុត្ថាណា និងឈ្មោះ ចាន់ សុផល បានសារភាពថា ស្លាកលេខម៉ូតូពិតជាក្លែងក្លាយមែន។ ចំណែករថយន្តមែរសឺដែស ហ៊ិន យុតថាណា អះអាងថា ខ្លួនបានទិញពីគេតម្លៃ ១ ៥០០ ដុល្លារ តែមិនទាន់សងលុយគេគ្រប់នៅឡើយ។ ចំណែកម៉ូតូអ៊ែរប្លែដ ខ្លួនទិញពីឃ្លាំងនៅភ្នំពេញរួចធ្វើស្លាកលេខ ក្លែងក្លាយរដ្ឋ 07 1-7777 មកបំពាក់ដើម្បីប្រើប្រាស់។ ក្រោយបំពេញសំណុំបែបបទរួចរាល់ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ២ នាក់ និងវត្ថុតាងទៅកាន់សាលាដំបូងខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោក ខាន់ សុផល ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកំពត បានអះអាងកាលពីម្សិលមិញថា លោកបានទទួលសំណុំរឿងនេះរួចហើយ ដោយលោកថា តុលាការកំពុងសាកសួរបន្ថែម «ឥឡូវនេះ ខាងតុលាការកំពុងធ្វើការងារហ្នឹង ប៉ុន្ដែខ្ញុំមិនទាន់ដឹងថា ចប់ម៉ោងប៉ុន្មានទេ បើ តាមមើល ប្រហែលជាថ្ងៃទី ១៧ មិថុនានេះ ទើបចប់»៕