ឧត្តរមានជ័យ៖ ពលរដ្ឋ​ចំនួន ៥ នាក់ ក្នុង​នោះ​មាន​ទាំង​ក្មេង​ប្រុស​ស្រី ៣ នាក់​ផង ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​ភ្លាមៗ ដោយសារ​មក​ពី​ពុល​នំប៉័ង​ដែល​ពួក​គេ​បាន​ទិញ​ពី​អ្នក​លក់​តាម​ម៉ូតូ​កាល​ពី​ម្សិលមិញ​ នៅ​ភូមិ​អូរតាម៉េង ឃុំ-ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។

លោក ស៊ីម វណ្ណៈ អធិការ​នគរបាល​ស្រុក​អន្លង់វែង​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅ​ថ្ងៃទី ៥ ឧសភា​នេះ​ថា ពលរដ្ឋ​ទាំង ៥ នាក់​នោះ ទី១- ឈ្មោះ មេត មៀន ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ, ទី២- ឈ្មោះ ផាន ភា ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ, ទី៣- ឈ្មោះ មៀន ផាលីដា ភេទ​ស្រី អាយុ ១១ ឆ្នាំ, ទី៤- ឈ្មោះ មៀន ផារិន ភេទស្រី អាយុ ១៧ ឆ្នាំ (ជា​កូន​ឈ្មោះ មេត មៀន) និង​ឈ្មោះ អ៊ាង សុខឡា ភេទប្រុស អាយុ ៧ ឆ្នាំ ជា​កូន​របស់​អ្នក​ភូមិ។

លោក​ថា៖ «ជន​រងគ្រោះ​អះអាង​ប្រាប់​សមត្ថកិច្ច​យើង​ថា ពួក​គាត់​ពុល​នំប៉័ង​ដែល​គេ​ជិះ​ម៉ូតូ​ដើរ​លក់។ ឥឡូវ​យើង​ស្វែងរក​អត្តសញ្ញាណ​អ្នក​លក់​នំប៉័ង​ដឹង​ហើយ»។

លោក​រៀបរាប់​តាម​សម្តី​ជន​រងគ្រោះ​ថា កាល​ពី​វេលាម៉ោង ៣ រសៀល​ថ្ងៃទី ៤ ឧសភា ខណៈ​ពួក​គាត់​កំពុង​ធ្វើ​ការងារ​ក៏​មាន​បុរស​ម្នាក់​បាន​ដឹក​នំប៉័ង​លក់​តាម​ម៉ូតូ ហើយ​ក៏​ហៅ​អ្នក​លក់​នោះ​ឱ្យ​ឈប់ ដើម្បី​ទិញ​ម្នាក់ ១ ដែល​នំប៉័ង ១ មាន​តម្លៃ ១ ពាន់​រៀល។

លោក​បាន​បន្ត​ថា ពេល​ហូប​នំប៉័ង​អស់​ភ្លាម គឺ​គ្មាន​សញ្ញា​អ្វី​ដែល​ធ្វើ​ទុក្ខ​ដល់​ពួក​គាត់​ទេ រួម​ទាំង​ក្មេងៗ​ផង។ ប៉ុន្តែ​លុះ​ដល់​ម៉ោង​ប្រហែល ៤ រសៀល​ថ្ងៃទី ៤ ឧសភា ស្រាប់​តែ​ម្នាក់ៗ​មាន​អាការ​វិល​មុខ ក្អួត​ចង្អោរ រាក​អាចម៍។ ពេល​នោះ​ពលរដ្ឋ​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​អន្លង់វែង ហើយ​សមត្ថកិច្ច​ក៏​បាន​ដឹក​ពួក​គាត់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​តែ​ម្តង។

បើ​តាម​លោក វណ្ណៈ ក្រោយ​ពី​លោកគ្រូ​ពេទ្យ​ពិនិត្យ​សុខភាព និង​ដាក់​ថ្នាំ​ព្យាបាល រហូត​មក​ទល់​ព្រឹក​ថ្ងៃទី ៥ ឧសភា​នេះ គឺ​ពួក​គាត់​បាន​ធូរ​ស្រាល​វិញ​អស់​ហើយ។

លោក​ថា៖ «នៅ​ថ្ងៃ​នេះ (ថ្ងៃទី ៥ ឧសភា) ពួក​គាត់​មាន​សុខភាព​ដូច​ធម្មតា​វិញ​ហើយ និង​ត្រៀម​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ដែរ»៕