ភ្នំពេញ: ​នគរបាល​រាជធានីភ្នំពេញ​ពី​ម្សិលមិញ​បាន​បញ្ជូន​ជន​ប្រុស-ស្រី ជាតិខ្មែរ​ ២ ​នាក់​ទៅ​សាលាដំបូង​ក្រុងភ្នំពេញ បន្ទាប់ពី​ឃាត់ខ្លួន​រឿង​បង្ហោះ​សារ​បំភ្លៃ​លើ​ការចាក់​វ៉ាក់សាំង​កូវីដ​។

លោក​ សាន សុខសីហា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា នគរបាល​ពីថ្ងៃ​ទី​ ២៦ និង​ទី​ ២៧ កុម្ភៈ​បាន​ឃាត់ខ្លួន​មនុស្ស​ ២ ​នាក់​រឿង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​​ពី​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​។

លោក​ថា ជន​ទាំង​ ២ ​នាក់​នេះ​​ទី​១ ​ឈ្មោះ ធន ច័ន្ទថា ភេទ​ប្រុស អាយុ​ ៤៤ ​ឆ្នាំ និង​ទី​២ ឈ្មោះ ម៉ី សុផន ភេទ​ស្រី អាយុ​ ៤៣ ​ឆ្នាំ​។ ​ពួកគេ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​​នៅ​ថ្ងៃទី​ ២៨ ​កុម្ភៈ ហើយ​អាច​នឹងត្រូវ​ចោទ​ពី​បទញុះញង់​ឱ្យមាន​ភាពវឹកវរ​ក្នុង​សង្គម ប៉ុន្តែ​ការដាក់ទោស​ជា​ឆន្ទានុសិទ្ធិ​តុលាការ​។

លោក សុខសីហា ឱ្យ​ដឹងថា ឈ្មោះ​ ធន ច័ន្ទថា បាន​ប្រើ​ហ្វេសប៊ុក​ «​ធន ច័ន្ទ​ថា​» ពីថ្ងៃ​ទី​ ២០ ​កុម្ភៈ បង្ហោះ​សារ ថា «​បើ​និយាយ​ឱ្យ​ចំ​​ទៅ បើ​វា​កើត​មែន​ងាប់​រាលដាល​ពេញ​ប្រទេស​ហើយ មិនចាំបាច់​​ទៅ​ឆ្ងល់​ឡើយ​ឥឡូវនេះ បែប​​ទប់​លែង​ជាប់ អត់​មាន​ប្រាក់ខែ​បើក​ឱ្យ​មន្ត្រី​រាជការ​ក៏​មិន​ដឹងផង​​រក​ល្បិច​គ្រប់​វិធី​ដើម្បី​រក​ជំនួយ​ពី​បរទេស​ហើយ​ទើប​ទប់​ជាប់​»​។

រីឯ ម៉ី សុផន បាន​បង្ហោះ​សារ​ពីថ្ងៃ​ ២៦ ​កុម្ភៈ​ថា​៖ «​កម្ពុជា​ជា​ប្រទេស​​មួយ​ដែល​មិនមាន​ការឆ្លង​ជំងឺ​​រលាក​ផ្លូវដង្ហើម​ (​កូវីដ ​១៩) ​ឬ​ស្លាប់​ដោយ​ជំងឺ​នេះ​គួរឱ្យ​ព្រួយបារម្ភ​ឡើយ​។ ​ហេតុអ្វី​បានជា​រដ្ឋាភិបាល​ឯក​បក្ស​ប្រញាប់ប្រញាល់​អំពាវនាវ​ឱ្យ​ប្រជារាស្ត្រ​ខ្មែរ​ចាក់​វ៉ាក់សាំង​ចិន​ដែល​មិនទាន់​បាន​​ទទួលស្គាល់​ពី​អង្គការ​សុខភាព​​ពិភពលោក​ (WHO) ​យ៉ាង​តក់ក្រហល់​បែប​នេះ​?​។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក គុជ គីមឡុង មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​។

ប៉ុន្តែ​តាម​មាត្រា​ ៤៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ ប្រសិន​បើ​តុលាការ​ចោទ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​វឹកវរ​ក្នុង​សង្គម​មែន​នោះ ពួកគេ​ត្រូវ​ប្រឈម​ជាប់ពន្ធនាគារ​ពី​ ៦ ខែ​ទៅ​ ២ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១ ​លាន ទៅ​ ៤ ​លាន​រៀល​៕