ភ្នំពេញៈ នគរបាលខណ្ឌសែនសុខ នឹងបញ្ជូនម្តាយ និងកូនស្រី ទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ២៧ ខែ ឧសភា នេះ បន្ទាប់ពីចាប់ខ្លួនបាន ២ ថ្ងៃ ក្នុងរឿងសម្លាប់កូនប្រសា និងប្តី ពាក់ព័ន្ធនឹងលុយ ១ ម៉ឺនរៀល ប្រព្រឹត្តនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានឲ្យដឹងកាលពីម្សិលមិញថា ស្រ្តីបង្កហេតុឈ្មោះ គង់ ធីតា អាយុ ៤៩ ឆ្នាំ រីឯកូនស្រីឈ្មោះ ង៉ូយ សុម៉ារី អាយុ ២០ ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។ ចំពោះជនរងគ្រោះជាប្តីស្លាប់ឈ្មោះ គឹម យ៉ត អាយុ ២៩ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន។ ពួកគេនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ នៅថ្ងៃទី ២៧ ឧសភា។
លោកថា៖ «រឿងនេះកើតឡើងពីរឿងសុំលុយ និងមានទំនាស់ប្រចណ្ឌគ្នាផង»។
លោកបានថ្លែងតាមសម្តីស្រ្តីសង្ស័យថា ទំនាស់ដែលចេះតែពូនផ្តុំ និងឈានដល់ការសម្លាប់នេះ គឺថា រវាងជនរងគ្រោះ និងស្រ្តីជាប្រពន្ធបានរៀបការជាមួយគ្នាកាលពីដើមឆ្នាំ ២០១៩។ នៅពេលនោះស្រ្តីសង្ស័យបានសុំជនរងគ្រោះទៅចុះលិខិតអាពាហ៍ពិពាហ៍ ដើម្បីឲ្យស្របច្បាប់ ប៉ុន្តែជនរងគ្រោះ ចេះតែប្រកែក។ ម៉្យាងពួកគេ ក៏កើតមានការសង្ស័យប្រចណ្ឌនឹងគ្នាផងដែរ។
លោក សុខ សុផល នាយនគរបាលប៉ុស្តិ៍សង្កាត់ទឹកថ្លា ក៏បានថ្លែងឲ្យដឹងកាលពីម្សិលមិញដែរថា ករណីនេះអាចផ្តើមចេញពីជម្លោះរឿងលុយកាក់ ដែលស្រ្តីជាប្រពន្ធសុំលុយជនរងគ្រោះ តែជនរងគ្រោះមិនឲ្យនិងគួបផ្សំមានរឿងទំនាស់ក្នុងគ្រួសារផ្សេងៗទៀតផង។
លោកបន្តថា៖ «រឿងនេះស្រ្តីសង្ស័យថា ដំបូងកើតឡើងមិមែនមានតែរឿងសុំលុយ ១ ម៉ឺនរៀលទេ ប៉ុន្តែក៏មានទំនាស់គ្នារឿងផ្សេងៗទៀតដែរ»។
លោកប្រាប់តាមសម្តីសារភាពរបស់ស្រ្តីសង្ស័យទាំង ២ នាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ មិនស្រួលខ្លួនហើយស្រ្តីជាប្រពន្ធបានហៅម្តាយមកដើម្បីជួយមើលថែ។ នៅពេលនោះ ស្រ្តីជាប្រពន្ធ បានសុំលុយប្តីចំនួន១ម៉ឺនរៀល ប៉ុន្តែជនរងគ្រោះមិនឲ្យ។
លោកបន្តថា ដោយសារតែរឿងសុំលុយមិនឲ្យនេះហើយ ទើបទាំង ២ នាក់ប្តី ប្រពន្ធ មានការឈ្លោះប្រកែកគ្នា ហើយជនរង គ្រោះក៏បានចាប់ច្របាច់កប្រពន្ធ។ នៅពេលនោះ ស្រ្តីជាប្រពន្ធបានស្រែកហៅម្តាយឲ្យចូលជួយ គ្រានោះស្រ្តីជាម្តាយក៏បានស្ទុះចូលទៅជួយកូនស្រី ដោយដៃមានកាន់កាំបិតប៉័ងតោមួយផង ហើយបានកាប់ត្រូវសៀតផ្កានិងកញ្ចឹងករបស់ជនរងគ្រោះបណ្តាលឲ្យដួល។
ដោយសារតែខ្លាចជនរងគ្រោះតដៃស្រ្តីជាប្រពន្ធបានយកខ្សែភ្លើង និងស្កុតចងរុំដៃ និងជើង រួចយកកូនកាំបិតចិតបន្លែចាក់ត្រង់បំពង់កចំនួន ២ កាំបិតបន្ថែមទៀត បណ្តាលឲ្យជនរងគ្រោះស្លាប់តែម្តង។
បន្ទាប់ពីសម្លាប់ជនរងគ្រោះរួចហើយ ស្ត្រីទាំង ២ នាក់ម្តាយកូន ក៏បានចាក់សោបន្ទប់ជួលហើយនាំគ្នាទៅប្រាប់ឪពុកប្រាប់ប្តី ដែលជានគរបាលនៅ ពេលនោះ ឪពុកក៏នាំខ្លួនពួកគេមកសារភាពប្រាប់សមត្ថកិច្ចតែម្តង៕