សៀមរាបៈ សំណុំរឿង​បាក់​រលំ​អគារ​សាលា​ធម្មសភា​នៅ​វត្ត​ប្រាសាទ​គោកចក នា​ខេត្ត​សៀមរាប​ត្រូវ​បាន​បញ្ជូនទៅ​ឲ្យ​តុលាការ​ចាត់ការ​បន្ត​ហើយ ដោយសារ​តែ​នគរបាល​មិនអាច​ធ្វើ​សេចក្តីសន្និដ្ឋាន​ការងារ​បច្ចេកទេស​នៃ​ការសាងសង់​ដែល​នាំឲ្យ​មាន​ការបាក់​រលំ​សាលា​ធម្មសភា​នោះ និង​ក៏​មិនអាច​កំណត់ថា បុគ្គល​ណា​ម្នាក់​ជា​អ្នក​ទទួលខុសត្រូវ ឬ​ត្រូវ​ចោទប្រកាន់ ទោះ​យ៉ាងណា​មិនទាន់​មាន​ជនណាម្នាក់​ត្រូវ​បាន​ចោទប្រកាន់​នៅឡើយ​ទេ​។

លោក​ ភឹង ចិន្ដារ៉េត ស្នងការរង​នគរបាល​ខេត្តសៀមរាប​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១៨ ធ្នូ ថា​មូលហេតុ​ដែល​ខាង​នគរបាល​បាន​បញ្ជូន​សំណុំរឿង​បាក់​រលំ​សាលា​ធម្មសភា​ទៅ​ឱ្យ​តុលាការ​ស៊ើបអង្កេត​បន្ត ទាំង​គ្មាន​ការចោទប្រកាន់ និង​ចាប់បញ្ជូន​អ្នកណា​ម្នាក់​ដើម្បីឱ្យ​ទទួលខុសត្រូវ​ក្នុង​សំណុំ​រឿងនេះ​គឺ​ដោយសារ​នគរបាល​មិន​អាច​ធ្វើ​សេចក្ដី​សន្និដ្ឋាន​អំពី​ការងារ​បច្ចេកទេស​នៃ​ការសាងសង់​ដែល​នាំឱ្យ​មាន​ការបាក់​រលំ​សាលា​ធម្មសភា​នេះ​។ លោក​បន្តថា សំណុំរឿង​នៃ​ការបាក់​រលំ​សាលា​ធម្មសភា​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​តាំងពី​ថ្ងៃទី​ ៩ ​ខែធ្នូ​។

លោក​បញ្ជាក់ថា​៖ «​ប៉ូលិស​អត់​ជំនាញ​ខាង​សំណង់​ទេ​។ អ៊ីចឹង​បាន​យើង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ឱ្យ​តុលាការ​ជា​សមត្ថកិច្ច​វិញ ព្រោះ​តុលាការ​មាន​សិទ្ធិ​តម្រូវឱ្យ​ខាង​ក្រសួង​សំណង់ និង​នគរូបនីយកម្ម​ធ្វើការ​ពិនិត្យ​បច្ចេកទេស​ដែល​បណ្ដាល​ឱ្យ​បាក់​សំណង់​ហ្នឹង​»​។

កាលពី​ថ្ងៃទី​​ ២ ​ខែ​ធ្នូ សាលា​ធម្មសភា​កម្ពស់​​ ៨ ​ម៉ែត្រ ទទឹង​ប្រវែង​ ៣០ ​ម៉ែត្រ និង​បណ្ដោយ​ប្រវែង​ ៤០ ​ម៉ែត្រ​ក្នុង​វត្តប្រាសាទ​គោកចក​ក្នុង​ក្រុង​សៀមរាប បាន​បាក់​រលំ​នៅវេលា​ម៉ោង​ ២ និង​ ១៤ ​នាទី​រសៀល អំឡុងពេល​កំពុង​ចាក់​ប្លង់សេ​ដែល​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ៣ ​នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន​ ១១ ​នាក់​ក្នុង​នោះ​មាន​ព្រះសង្ឃ​ចំនួន ២ ​អង្គ​ផង​។

លោក ចិន្តារ៉េត ឲ្យ​ដឹងថា ក្នុង​ចំណោម​អ្នករងរបួស​ទាំងនេះ​គឺ​ខ្លះ​បាន​ចេញពី​មន្ទីរពេទ្យ​ហើយ​ដោយឡែក​មេការ​សំណង់​ម្នាក់​ឈ្មោះ យ៉ាត ភឿង អាយុ​ ៥២ ​ឆ្នាំ​ ដែល​រងរបួស​ធ្ងន់​ដោយសារ​ការបាក់​ឆ្អឹងជំនីរ​ និង​បាក់ដៃ​ត្រូវ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​។ លោក​សន្និដ្ឋាន​ជា​បឋម​ថា បុរស​ម្នាក់​នេះ​ក្នុងនាម​ជា​មេការ​សំណង់​អាច​ជា​អ្នកទទួល​ខុសត្រូវ​ក្នុង​ហេតុការណ៍​បាក់​រលំ​សាលា​ធម្មសភា​នេះ​។

លោក យិន ស្រាង មន្ត្រី​នាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​ប្រាប់​ថា សំណុំរឿង​ដែល​ប៉ូលិស​បញ្ជូនមក​តុលាការ​នេះ​កំពុង​ស្ថិតនៅ​ខាង​រដ្ឋបាល​រៀបចំ​បែបបទ​នៅឡើយ​មុន​ត្រូវ​បញ្ជូនមក​ខាង​ព្រះរាជអាជ្ញា​។ លោក​បន្តថា មានតែ​ព្រះរាជអាជ្ញា​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិផ្ដាច់មុខ​ក្នុង​ការចោទ​ប្រកាន់​អ្នកណាម្នាក់​ឱ្យ​ចេញ​មុខ​ទទួលខុសត្រូវ​ក្នុង​សំណុំ​រឿងនេះ​។

លោក​ថា​៖ «​ការ​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា​នៅពេល​ណា​ចាំមើល​ខ្ញុំ​សួរ​ទៅ​មន្ត្រី​កាន់ការងារ​អយ្យការ​ហ្នឹង តើ​គាត់​ធ្វើ​កិច្ចការរដ្ឋបាល​ចប់​ហើយ​នៅ​។ ពាក់ព័ន្ធ​នឹង​សំណុំ​រឿងនេះ​គេ​ចាត់ការ​យ៉ាងម៉េច សូម​សួរ​ទៅខាង​អ្នកនាំពាក្យ​តំណាង​អយ្យការ​វិញ​ច្បាស់​ជាង​»​។

លោក​ រៀម ចន្ទម្នី ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តសៀមរាប​បានបញ្ជាក់​ថា តាម​នីតិវិធី​នៅពេល​សំណុំរឿង​បាន​ដាក់​ដល់ដៃ​ព្រះរាជអាជ្ញា នៅពេល​នោះ​នឹងមាន​ព្រះរាជអាជ្ញារង​ម្នាក់​កាន់​សំណុំ​រឿងនេះ ដើម្បី​កោះហៅ​ជនរងគ្រោះ និង​អ្នកពាក់ព័ន្ធ​មក​សាកសួរ​ដើម្បី​ផ្ដល់​ចម្លើយ​ក្នុង​តុលាការ​។

លោក​ថា​៖ «​នីតិវិធី គឺ​គេ​ឱ្យ​ព្រះរាជអាជ្ញា​ម្នាក់​ទទួល​បន្ទុក​សំណុំរឿង​ហ្នឹង​ចាត់ការ​ហៅ​អ្នករងគ្រោះ​ ឬ​អ្នកពាក់ព័ន្ធ​ក្នុង​សំណុំរឿង​មក​ផ្ដល់​ចម្លើយ​ក្នុង​តុលាការ ដើម្បី​ពិនិត្យមើល​»​។

លោក​បន្តថា ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដែល​មិនមាន​ឈ្មោះ​ជន​ត្រូវ​ចោទ​ដែល​មិនមែន​ជា​សំណុំរឿង​បទល្មើស​ជាក់ស្ដែង​នោះ គឺ​ព្រះរាជអាជ្ញា​អាច​មាន​រយៈពេល​យូរ​ក្នុង​ការស៊ើបសួរ ដើម្បី​ដឹងថា តើ​សំណុំរឿង​នោះ​អាច​មាន​អ្នក​ត្រូវ​ចោទប្រកាន់​ដែរឬទេ​។

លោក​បន្ថែមថា ប្រសិន​បើ​អ្នក​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​សំណុំរឿង​ត្រូវស្លាប់ សំណុំ​រឿង​នោះ​គ្មាន​អ្នក​ទទួលខុសត្រូវ​ខាង​ព្រហ្មទណ្ឌ​ឡើយ ហើយ​នឹង​ត្រូវ​សម្រេច​បិទ​សំណុំរឿង​ចោល​។

លោក​ ស៊ូ លីដា ជា​បងថ្លៃ​របស់​ឈ្មោះ​ លី សំណាង ដែលជា​វិស្វករ​ស្លាប់​ក្នុង​ករណី​បាក់​សាលា​ធម្មសភា​បាន​និយាយ​ថា ប្អូនថ្លៃ​របស់​លោក​គឺ​មិនមែន​ជា​អ្នកដឹកនាំ​ការសាងសង់​ឡើយ ប៉ុន្តែ​គ្រាន់តែ​ត្រូវ​បាន​ព្រះសង្ឃ​ពឹង​ឱ្យ​ទៅ​ជួយ​មើល​ការចាក់​ប្លង់សេ​របស់​កម្មករ​ប៉ុណ្ណោះ​។

លោក​បន្តថា​សាលា​ធម្មសភា​នោះ ព្រះសង្ឃ​ជា​អ្នក​ជួល​កម្មករ និង​ដឹកនាំ​ការសាងសង់​ផ្ទាល់ ហើយ​សាលា​នេះ​បាន​ចាប់ផ្ដើម​សាងសង់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​បាន​ផ្អាក​នៅ​ពេល​ខ្វះ​ថវិកា​។

លោក​បញ្ជាក់ថា សសរ​គឺ​បាន​ចាក់​តាំងពី​ ២-៣ ​ឆ្នាំ​មុន​រួមទាំង​ធ្នឹម​ និង​រន្ទា​ក៏មាន​រយៈពេល​យូរហើយ​ដែរ មុន​ឈាន​ដល់​ការចាក់​ប្លង់សេ​កាលពី​ថ្ងៃទី​ ២ ​ធ្នូ​កន្លងទៅ​។ លោក​ថា​៖ «​លី សំណាង ​ហ្នឹង​ក៏បាន​ទៅយក រន្ទា​ពី​ក្រុមហ៊ុន​របស់​ខ្លួន​ដើម្បី​មកជួយ​ដាក់​ទ្រ​ដែរ ប៉ុន្តែ​អត់​ដឹងថា មាន​បញ្ហា​បាក់​សសរ​ហ្នឹង​ទាំងអស់​ក៏​មាន​ឧបទ្ទវហេតុ​ដល់​គាត់​ទៅ​»​។

បើ​តាម​លោក លីដា លោក សំណាង មាន​អាយុ​ ៣៣ ​ឆ្នាំ​មាន​កូន​ស្រី​ចំនួន​ ២ ​នាក់ និង​កូន​ម្នាក់​កំពុង​នៅក្នុង​ផ្ទៃ​។ លោក​បញ្ជាក់ថា ក្រុមគ្រួសារ​មិន​បាន​សម្រេច​ដាក់ពាក្យ​បណ្ដឹង​អ្នកណាម្នាក់​ដើម្បី​ស្វែងរក​យុត្តិធម៌​ឡើយ ដោយសារ​តែ​ចាត់ទុក​ថា វា​ជា​ឧបទ្ទវហេតុ​។

លោក​និយាយ​ថា​៖ «​និយាយ​ចំ​ទៅ វា​ឧបទ្ទវហេតុ ឬ​ជា​ការងារ​ដែល​យើង​មិនដឹងថា គួរ​ទៅ​ប្ដឹង​ពី​ណា​ដោយសារ​តែ​ការងារ​ហ្នឹង គឺជា​ការងារ​របស់​លោក​ (​ព្រះសង្ឃ​)»​។

កាលពី​ថ្ងៃទី​ ១៨ ធ្នូ ព្រះចៅអធិការ​វត្ត​ប្រាសាទ​គោកចក​មាន​សង្ឃ​ដីកា​ថា ព្រះអង្គ​កំពុង​ជាប់រវល់​ក្នុង​ពិធី​បង្សុកូល​ដែល​ពិបាក​ក្នុង​ការផ្ដល់​សម្ភាសន៍​។

លោក​ សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ​កម្ពុជា​បាន​លើក​ឡើង​ថា សំណុំ​រឿងនេះ​ហាក់​ដូចជា​ជនរងគ្រោះ​ពិបាក​ទទួល​បាន​យុត្តិធម៌​ណាស់ ពីព្រោះ​សំណុំរឿង​ដែល​បញ្ជូន​ទៅ​តុលាការ ដោយ​គ្មាន​អ្នកណាម្នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​ការទទួល​ខុសត្រូវ​នឹង​អាច​ត្រូវ​ទុកចោល​មិន​ចាត់ការ​។ លោក​ថ្លែងថា​៖ «​សំណុំ​រឿងនេះ​បើ​គ្មាន​មេធាវី​ ឬ​អ្នក​តំណាង​ឱ្យ​ពួកគាត់​ (​ប្ដឹង​) ​ទេ គឺ​យុត្តិធម៌​សម្រាប់​ពួកគាត់​គឺ​មាន​តិចតួច​ណាស់​»៕