បន្ទាយមានជ័យ៖ សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជូនស្រ្តីវ័យចំណាស់ម្នាក់ និងគ្រឿងញៀនមេតំហ្វេតាមីនជាង ២ គីឡូ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យពីមិញ (៨ សីហា) បន្ទាប់ពីចាប់ខ្លួននៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ៥ សីហា ឆ្នាំ ២០១៩។
លោក ង៉េង សុជា ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនបានប្រាប់កាលពីថ្ងៃទី ៨ សីហា ថា ស្រ្តីសង្ស័យជួញដូរគ្រឿងញៀនមានឈ្មោះ ឆៃ ឌិចឡាមី ហៅ ហ៊ុច អាយុ ៤៨ ឆ្នាំ មានលំនៅផ្ទះលេខ ១ ស្ថិតក្នុងភូមិ-ឃុំខាងលើ ។ស្រ្តីសង្ស័យត្រូវបានសមត្ថកិច្ចរបស់លោកបញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យហើយនៅព្រឹកថ្ងៃទី៨សីហានេះ ។
ពាក់ព័ន្ធការចាប់ខ្លួនស្រ្តីសង្ស័យខាងលើនេះ លោកបានប្រាប់ឲ្យថា ស្រ្តីឈ្មោះ ឆៃ ឌិចឡាមី ត្រូវបានសមត្ថកិច្ចតាមដានជាច្រើនខែមកហើយដោយសង្ស័យថាជាមុខសញ្ញារកស៊ីជួញដូរគ្រឿងញៀន ។ ដូច្នេះហើយទើបសមត្ថកិច្ចរបស់លោកបានសុំយោបល់បីអយ្យការអមសាលាដំបូងខេត្តដើម្បីចាប់ខ្លួនគាត់។ បន្ទាប់មកត្រូវខាងអយ្យការអមសាលាដំបូងខេត្ត បានចេញដីកាឲ្យចាប់ខ្លួនស្រ្តីសង្ស័យតែម្តង ។
លោកបន្តថា លុះដល់វេលាម៉ោង ១២ និង ១០ នាទី ថ្ងៃត្រង់ថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៩ សមត្ថកិច្ចបានចុះប្រតិបត្តិការនិងឃាត់ខ្លួនស្រ្តីសង្ស័យហើយឈានទៅឆែកឆេរក្នុងលំនៅឋានរបស់ស្រ្តីសង្ស័យក៏រកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ម៉ាទឹកកកទម្ងន់ ១៨២៤,១៩ ក្រាម និងថ្នាំញៀនមេតំហ្វេតាមីនប្រភេទគ្រាប់ (WY) ទម្ងន់ ២២៨,៩៦ ក្រាមទៀត ដែលសរុបទាំងអស់មានទម្ងន់ ២០៥៣,១៥ ក្រាម ។
លោកបញ្ជាក់ប្រាប់ថា៖ «សមត្ថកិច្ចរបស់យើងចាប់ខ្លួនស្រ្តីម្នាក់នេះ ដោយសារគាត់ជាមុខសញ្ញាចាស់ ហើយគាត់ក៏មានដីកាបញ្ជាឲ្យចាប់ខ្លួនពីតុលាការខេត្ត បន្ទាយមានជ័យដែរ»៕