ក្រចេះ: បណ្ដាញ​សហគមន៍​ព្រៃឡង់​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ ៣ ​ខែ​ បាន​រកឃើញ​បទល្មើស​ព្រៃឈើ​កើតឡើង​នៅក្នុង​តំបន់​ព្រៃឡង់​ជាង​ ៩០ ​ករណី ​គឺ​បទល្មើស​កំពុង​កើនឡើង​ជាង​មុន​។ ប៉ុន្តែ​មន្ត្រី​បញ្ជាក់​ថា បណ្ដាញ​នេះ​មិន​តំណាង​ឲ្យ​ការងារ​ការពារ​​តំបន់​ព្រៃឡង់​ឡើយ​។

ក្នុង​របាយការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១៣ មិថុនា ដោយ​បណ្ដាញ​នេះ​ឲ្យ​ដឹងថា នៅក្នុង​ចំណោម​បទល្មើស​ព្រៃឈើ​ជាង​ ៩០ ​ករណី​ដែល​ត្រូវបាន​កត់ត្រា​ទុកចន្លោះ​ពី​ខែមករា​ដល់​ខែ​មីនា ឆ្នាំ​ ២០២០ បាន​កើតឡើង​នៅក្នុង​ខេត្តក្រចេះ​ច្រើន​ជាងគេ​គឺ​មាន​ជិត​ ៣៥% បន្ទាប់មក​ខេត្តកំពង់ធំ​មាន​ជិត​ ៣២% ខេត្ត​​ស្ទឹងត្រែង​ជិត​ ២១% និង​ខេត្តព្រះវិហារ​មាន​ជិត​ ១៣%​។ «​ព្រៃឡង់​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​។ ឆ្នាំ​ ២០២០ ចាប់ផ្ដើម​ដោយ​ការទទួល​សម្ពាធ​ពី​ស្ថានភាព​វិបត្តិ​កូវីដ​១៩ និង​ការ​មិនមាន​កិច្ចសហការ​របស់​រដ្ឋាភិបាល បាន​ធ្វើឱ្យ​ក្រុម​អ្នក​ល្បាត​មាន​លទ្ធភាព​ចូល​ព្រៃ​តិចតួច ហើយ​មាន​សញ្ញា​កាន់តែច្បាស់​នៃ​ការកាប់​ឈើ​កើនឡើង​ក្នុងអំឡុង​ពេលនេះ​»​។

ការចេញផ្សាយ​ថ្មី​នេះ ស្របពេល​បណ្ដាញ​សហគមន៍​ព្រៃឡង់​ត្រូវបាន​ក្រសួង​បរិស្ថាន​ចាត់ទុកជា​ក្រុម​ខុសច្បាប់ និង​បាន​ហាមឃាត់​មិនឱ្យ​ចុះ​ល្បាត​នៅក្នុង​តំបន់​ព្រៃឡង់​តាំងពី​ដើម​ខែកុម្ភៈ ដោយ​ក្រសួង​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​បណ្ដាញ​នេះ ប្រសិន​នៅ​តែ​បន្តសកម្មភាព​ប្រមូល​ទិន្នន័យ​អំពី​ការកាប់បំផ្លាញ​ព្រៃឡង់​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​។

លោក ហឿន សុភាព សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​នៅ​ខេត្តកំពង់ធំ​ឲ្យ​ដឹងថា នៅក្នុង​របាយការណ៍​ស្ដីពី​បទល្មើស​​ព្រៃឈើ​នៅ​ព្រៃឡង់​ទាំង​ ៣ ​ខែ​នោះ​គឺ​ទិន្នន័យ​ទទួលបាន​ពី​ការចុះ​ល្បាត​ឃើញ​ផ្ទាល់​នូវ​សកម្មភាព​កាប់​ឈើ​ខ្លះ និង​ការឃ្លាំមើល​នៅ​តាម​ច្រក​ផ្លូវ​ដែលមាន​ការដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃឡង់​។ បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃឡង់​នៅពេល​នេះ​គឺ​មិនបាន​ថមថយ​នោះទេ ព្រោះ​នៅ​តែ​សង្កេត​ឃើញ​ក្រុម​គោយន្ត​បានចេញ​ចូល​ជា​រៀងរាល់ថ្ងៃ​ទៅក្នុង​ព្រៃឡង់​ដោយ​ក្នុង​មួយ​គោយន្ត​អាច​ចូល​ទៅ​ដឹកជញ្ជូន​ឈើ​ ៣ ​ទៅ​ ៤ ​ជើង​ក្នុង​ ១ ​ថ្ងៃ និង​ក្នុង​ ១ ​គោយន្ត​អាច​ដឹកឈើ​ចាប់ពី ២ ​ម៉ែត្រគុប​ទៅដល់​ ៤ ​ម៉ែត្រគុប​។

លោក សុភាព ថ្លែង​ថា​៖ «​នៅ​ថ្ងៃទី​ ១៤ មិថុនា ខ្ញុំ​ថត​បាន​ច្រើន​ករណី​ណាស់ ដែល​មាន​ក្រុម​គោយន្ត​ប្រហែល​ ១០ ​គ្រឿង ហើយ​នេះ​ខ្ញុំ​គ្រាន់តែ​ឃ្លាំមើល​នៅ​ផ្លូវ​ ១ ​ខ្សែ​នៅក្នុង​ភូមិ​ខ្ញុំ​ផង ហើយ​បើ​ផ្លូវ​មាន​រាប់រយ​ខ្សែ​ឯណោះ​អ៊ីចឹង​! គឺ​មាន​គោយន្ត​ច្រើន​មែនទែន​ចេញ​ចូល​ទៅ​ដឹកឈើ​ពី​ព្រៃឡង់​»​។

លោក​អះអាងថា ឈើ​ដែល​ដឹក​ចេញ​ពី​ព្រៃឡង់​តាម​គោយន្ត​គឺ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដែល​ភាគច្រើន​ជា​មន្ត្រីប៉ូលិស ទាហាន និង​ប៉េអឹម រង់ចាំ​ទិញ​បន្ត ដើម្បី​ដឹកយក​ទៅ​ចែកចាយ​ដាក់​នៅ​តាម​ដេប៉ូ​លក់​ឈើ​នានា​ដើម្បី​បន្លំ​ធ្វើជា​ឈើ​ស្របច្បាប់​។

លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែងថា របាយការណ៍​របស់​ក្រុម​បណ្ដាញ​សហគមន៍​ព្រៃឡង់​នោះ គឺ​មិន​តំណាង​ឱ្យ​ការងារ​ការពារ​តំបន់​ព្រៃឡង់​ឡើយ​។ លោក​ថ្លែងថា​៖ «​ការចេញ​របាយការណ៍​ណាមួយ​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​ដែល​មិន​ស្ថិតក្រោម​ច្បាប់​ជា​ការទទួល​ខុសត្រូវ​ផ្ទាល់ ហើយ​ជា​ព័ត៌មាន​សម្រាប់​តែ​ក្រុម​គាត់​ប៉ុណ្ណោះ មិន​តំណាង​ឱ្យ​ការងារ​គ្រប់គ្រង​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​តំបន់​ព្រៃឡង់​នោះទេ​»​។

លោក​ថ្លែង​ថា ក្រសួង​បរិស្ថាន​បន្ត​សហការ​ជាមួយ​ដៃគូ​របស់​ខ្លួន​ក្នុង​នោះ​មាន​គម្រោង​ព្រៃឡង់​បៃតង​របស់ USAID និង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ទាំង ១៩ ​ក្នុង​សហគមន៍​ព្រៃឡង់​ដែលមាន​កិច្ចព្រមព្រៀង​សហការ​ជាមួយ​ក្រសួង​បរិស្ថាន​បន្តទៀត​ដើម្បី​ចុះ​ល្បាត​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នៅក្នុង​តំបន់​ព្រៃឡង់ ថែរក្សា​ធនធាន​ធម្មជាតិ​ដែលមាន ឱ្យ​បាន​គង់វង្ស​។

បើតាម​របាយការណ៍​ក្រសួង​បរិស្ថាន​ក្នុង​រយៈពេល​ ៤ ​ខែ​ គឺ​ចាប់ពី​ខែ​មករា​ដល់​ខែមេសា​ឆ្នាំ​ ២០២០ ​មន្ត្រី​បរិស្ថាន អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​សហគមន៍​ស្ថិត​ក្នុង​ភូមិសាស្ត្រ​តំបន់​ដែនជម្រក​សត្វព្រៃ ព្រៃឡង់​បាន​ចុះ​ល្បាត​ ៥១១ ​លើក និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​រួមមាន​ការលួច​កាប់​ឈើ​ខុសច្បាប់ ទន្ទ្រាន​កាន់កាប់​ដីព្រៃ ការបរបាញ់​សត្វ​ខុសច្បាប់​បាន​ចំនួន​ ៣៩៩ ​ករណី​។

លោក ភក្ត្រា ថ្លែង​ថា​ការជំរុញ​ឱ្យមាន​បទល្មើស​ទាំងនេះ​កើតឡើង​ក្នុង​តំបន់​ព្រៃឡង់​គឺ​ដោយសារ​កត្ដា​ជីវភាព​របស់​ប្រជាសហគមន៍​ដែល​ធ្លាប់តែ​ពឹង​អាស្រ័យ​ទៅលើ​ផល អនុផល​ព្រៃឈើ និង​ការទាក់ទាញ​ និង​ញុះញង់​ពី​សំណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត គួបផ្សំ​នឹង​ចំនួន​មន្ដ្រី​ឧទ្យានុរក្ស​ដែល​បាន​ឈរជើង​នៅក្នុង​តំបន់​នោះ​នៅ​មាន​កម្រិត​នៅ​ឡើយ​៕