ភ្នំពេញៈ បណ្ណាល័យសម្តេចម៉ែនៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានដាក់តម្កល់សៀវភៅរាប់ពាន់ក្បាល និងឯកសាររាប់ពាន់ប្រអប់ ហើយដែលត្រូវបានអ្នកជំនាញចាត់ទុកថា ជាកន្លែងសម្រាប់អភិរក្សប្រវត្តិសាស្ត្រកម្ពុជាត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីម្សិលមិញ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា នៅក្នុងពិធីសម្ពោធដ៏ឧត្តុង្គឧត្តមនៃបណ្តាល័យដែលស្ថិតនៅផ្ទះលេខ ៦៦ មហាវិថីព្រះសីហនុនេះមានការដាក់តាំងពិព័រណ៍ពិសេសចំនួន ២ គឺ ទី ១ ព្រះឆាយាលក្ខ័ណ៍របស់សម្តេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និងទី ២ គឺការរចនាប្លង់អគារវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដោយស្ថាបត្យករលំដាប់ពិភពលោកគឺលោកស្រី ហ្សាហា ហាឌីដ។
លោកលើកឡើងថា បណ្ណាល័យសម្តេចម៉ែ គឺជាកន្លែងអភិរក្សប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ លោកបន្តថា៖ «ក្នុងបណ្ណាល័យនេះ គឺយើងមានទាំងឯកសារសម័យខ្មែរក្រហម ឯកសារទាក់ទងនឹងព្រះបរមរតនកោដ្ឋ ឯកសារអនាគតរបស់ក្រុមគ្រួសារកម្ពុជា និយាយរួមយើងធ្វើនេះដើម្បីអភិរក្សប្រវត្តិសាស្ត្រកម្ពុជាតែម្តង»។
បើតាមលោក ឆាំង យុ បណ្ណាល័យនេះបង្កើតឡើងដើម្បីឲ្យយុវជនមានមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ ដើម្បីស្វែងយល់អំពីអត្តសញ្ញាណខ្លួនឯង។ លោក យុ សង្ឃឹមថា ទីនោះនឹងជួយឲ្យមានការយល់ដឹងខ្ពស់ ក្នុងការរួមចំណែកធ្វើឲ្យមានស្ថិរភាព សន្តិភាព និងការអភិវឌ្ឍជាតិ។ លោកបញ្ជាក់ថា៖ «មានន័យថា បើយើងមិនស្គាល់ខ្លួនយើងមិនដឹងប្រវត្តិសាស្ត្រខ្លួនយើងយើងគិតថា ការអភិវឌ្ឍវាអាចជាន់ដានអតីតកាល ដែលជាពិសេសស្រុកយើងធ្លាប់មានជម្លោះ មានសង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយ»។
លោកបន្តថា ប្រវត្តិសាស្ត្រ វាមានតម្លៃធំធេងណាស់ ហើយការអភិរក្សប្រវត្តិសាស្ត្រនេះវាជារឿងសំខាន់ដែល «សម្តេចម៉ែផ្ទាល់តែងតែយកចិត្តទុកដាក់លើបញ្ហានេះ អ៊ីចឹងហើយយើងក៏សម្រេចថា យកតាមព្រះនាមរបស់សម្តេចម៉ែ ដើម្បីបង្ហាញអំពីទឹកចិត្តរបស់សម្តេចម៉ែក្នុងការអភិរក្សប្រវត្តិសាស្ត្រ»។
ក្នុងពេលទ្រង់យាងសម្ពោធបណ្ណាល័យនេះកាលពីម្សិលមិញ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ទ្រង់បានព្រះលិខិតបង្ហាញពីហឫទ័យព្រះអង្គយ៉ាងដូច្នេះថា៖ «យើងសូមសម្តែងអំណរសាទរដ៏ជ្រាលជ្រៅបំផុត ចំពោះលោក ឆាំង យុ និងក្រុមការងារនៃវិទ្យាស្ថានស្លឹករឹតចំពោះការបង្កើតបណ្ណាល័យសម្ដេចម៉ែ។ យើងពិតជាមានការរំជួលព្រះហឫទ័យយ៉ាងក្រៃលែង ដែលវិទ្យាស្ថានស្លឹករឹតបានសម្រេចកំណត់យកឈ្មោះរបស់បណ្ណាល័យដ៏បវរនេះតាមព្រះនាមរបស់យើង»។
លោក ឆាំង យុ បញ្ជាក់ទៀតថា បណ្ណាល័យសម្ដេចម៉ែមានតម្កល់ទុកនូវសៀវភៅប្រមាណជាង ៣ ០០០ ក្បាល និងឯកសារចំនួន ២ ៨០០ ប្រអប់ ដែលប្រមែប្រមូលដោយលោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ ជែលដ្រេស ក្នុងអំឡុងរយៈពេលជាច្រើនឆ្នាំនៃការងារចងក្រងកត់ត្រាឯកសាររបស់លោក ស្ដីពីរាជវង្សានុវង្ស និងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។
ឯកសារដែលតម្កល់នៅក្នុងបណ្ណាល័យសម្តេចម៉ែរួមមានសៀវភៅជាច្រើនទៀតស្ដីពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងឯកសារស្តីពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) យ៉ាងហោចណាស់ ១ លាន ៧ សែនទំព័រដែលស្រាវជ្រាវដោយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាអស់រយៈពេលប្រមាណជាង ២០ ឆ្នាំកន្លងមក។
ទន្ទឹមនឹងនេះបណ្ណាល័យសម្តេចម៉ែថែមទាំងមានតម្កល់នូវឯកសារក្នុងទម្រង់ដទៃទៀតដូចជារូបថត ភាពយន្ត និងខ្សែអាត់សំឡេងជាច្រើនម៉ឺននាទីរបស់ជនរងគ្រោះក្នុងសម័យខ្មែរក្រហមដែលត្រូវបានធ្វើឲ្យទៅជាទម្រង់ឌីជីថលមានគុណភាពខ្ពស់ ដើម្បីធានាដល់ការអភិរក្សលើឯកសារឲ្យបានគង់វង្ស និងផ្តល់ភាពងាយស្រួលដល់សាធារណជនក្នុងការប្រើប្រាស់។
លោក ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ត្របានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការបង្កើតបណ្ណាល័យនេះ វាជារឿងសំខាន់ណាស់ ព្រោះបណ្ណាល័យជាកន្លែងតម្កល់ឯកសារ ហើយឯកសារនោះទៀតសោតវាជាមូលដ្ឋាននៃការស្រាវជ្រាវវិទ្យាសាស្ត្រ។
លោកបន្តថា៖ «ការស្រាវជ្រាវនីមួយៗមិនមែនធ្វើភ្លាមចេញលទ្ធផលភ្លែតនោះទេគឺត្រូវការគ្នាច្រើន... អ៊ីចឹងការធ្វើបណ្ណាល័យនេះទី១ គឺការតម្កល់ឯកសារអាចឲ្យយើងងាយស្រាវជ្រាវរកប្រភពដើមនៃរឿង ហេតុ និង ផល បច្ច័យរបស់វាផ្សេងៗមួយទៀត យើងអាចទៅអង្គុយអាន អង្គុយស្រាវជ្រាវ»៕