ភ្នំពេញៈ លោក Arash Borbar ប្រធានបណ្ដាញសិទ្ធិជនភៀសខ្លួនអាស៊ីប៉ាស៊ីហ្វិក(APRRN) ដែលជាបណ្ដាញរបស់បុគ្គលនិងអង្គការសង្គមស៊ីវិលចំនួន ៤០០ មកពី ២៩ ប្រទេស បានផ្ញើលិខិតចំហមួយច្បាប់ជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យជួយការពារជនជាតិភាគតិចម៉ុងតាញ៉ា ខណៈបណ្ដាញនេះចាត់ទុកការចាប់បញ្ជូនជនជាតិម៉ុងតាញ៉ាពីកម្ពុជាទៅវៀតណាមវិញ អាចបង្កឲ្យពួកគេធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់នៃការរំលោភសិទ្ធិធ្ងន់ធ្ងរ។
លោក Arash Border បានទទូចដល់រដ្ឋាភិបាលកម្ពុជា ឱ្យចូលរួមជួយការពារសិទ្ធិរបស់ជនភៀសខ្លួននៅប្រទេសរបស់ខ្លួន ជាពិសេសក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ា ដែលភាគច្រើននៃជនជាតិទាំងនេះកំពុងប្រឈមនឹងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងនៅប្រទេស វៀតណាម។
លោកថា ការបន្តចាប់បញ្ជូនជនជាតិភាគតិចម៉ុងតាញ៉ាដែលជាជនភៀសខ្លួនស្វែងរកសិទ្ធិជ្រកកោន ពីប្រទេស កម្ពុជា ត្រឡប់ទៅកាន់ប្រទេស វៀតណាម វិញ កំពុងក្លាយជាចំណោទមួយសម្រាប់កម្ពុជា ដែលជាប្រទេសបានប្ដេជ្ញាចិត្តគោរពតាមច្បាប់ជាតិ និងអន្តរជាតិដើម្បីការពារជនភៀសខ្លួន។ មានដូចជាអនុក្រឹត្យលេខ ២២៤ កាលពីឆ្នាំ ២០០៩ ស្ដីពីការទទួលស្គាល់ជាជនភៀសខ្លួនឬផ្ដល់សិទ្ធិជ្រកកោនទៅជនបរទេសនៅកម្ពុជា និងសន្ធិសញ្ញាអន្តរជាតិចំនួន ២ ទៀត។
លោកលើកឡើងក្នុងលិខិតចំហនោះថា៖ «កម្ពុជាគឺភាគីអនុសញ្ញាឆ្នាំ ១៩៥១ ដែលពាក់ព័ន្ធនឹងលក្ខខណ្ឌរបស់ជនភៀសខ្លួន និងអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងការធ្វើទារុណកម្ម។ ស្ថិតក្រោមសន្ធិសញ្ញាអន្តរជាតិទាំង ២ នេះ កម្ពុជាមានកាតព្វកិច្ចស្របច្បាប់យ៉ាងច្បាស់ ដើម្បីមិនបញ្ជូនជនណាម្នាក់ត្រឡប់ទៅកាន់ប្រទេស ដែលប្រឈមនឹងហានិភ័យរងការធ្វើទុក្ខបុកម្នេញ និងការធ្វើទារុណកម្ម។ ពួកយើងលើកទឹកចិត្តកម្ពុជា ប្រកាន់ខ្ជាប់កាតព្វកិច្ចទាំងនេះ»។
ការស្នើសុំនេះធ្វើឡើង បន្ទាប់ពីអាជ្ញាធររដ្ឋាភិបាលកម្ពុជាកាលពីពាក់កណ្ដាលខែ មិថុនា ឆ្នាំ ២០១៩ នេះបានបញ្ជូនជនជាតិម៉ុងតាញ៉ាចំនួន ៤ នាក់ ត្រឡប់ទៅកាន់ប្រទេស វៀតណាម វិញ។ ករណីនេះ កំពុងធ្វើឱ្យជនជាតិម៉ុងតាញ៉ាជាច្រើននាក់ទៀត បារម្ភនិងភ័យខ្លាចអំពីការចាប់បញ្ជូនដូចគ្នា ព្រោះការចាប់បញ្ជូននោះ នឹងធ្វើឱ្យពួកគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៃការរំលោភសិទ្ធិជាមូលដ្ឋានធ្ងន់ធ្ងរនៅក្នុងប្រទេស វៀតណាម។
អ្នកឃ្លាំងមើលសិទ្ធិមនុស្សធ្លាប់លើកឡើងថា ជនជាតិម៉ុងតាញ៉ានៅប្រទេស វៀតណាម ប្រឈមនឹងការបំភិតបំភ័យ ការវាយដំ ការចាប់ខ្លួនតាមអំពើចិត្ត ការពន្យារពេលឃុំឃាំង និងការរឹតត្បិតជំនឿសាសនា ខណៈមួយចំនួនទៀត ដែលត្រូវចាប់បញ្ជូនពីកម្ពុជាទៅវៀតណាមវិញ បានបាត់ខ្លួនទាំងគ្មានដំណឹងជាដើម។
ភ្នំពេញ ប៉ុស្ដិ៍ មិនទាន់អាចសុំការឆ្លើយតបពីលោក តាន់ សុខវិជ្ជា ប្រធាននាយកដ្ឋានជនភៀសខ្លួននៅឡើយទេ ដោយសារលេខទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន ខណៈលោក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏មិនអាចសុំការលើកឡើងទាក់ទងនឹងបញ្ហានេះបានដែរ ដោយជំនួយការលោកបានបញ្ជាក់ថា លោករវល់ប្រជុំ។
ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលថ្លែងថា មូលហេតុដែលកម្ពុជាត្រូវចាប់បញ្ជូនជនជាតិម៉ុងតាញ៉ាទៅកាន់ប្រទេស វៀតណាម វិញ ដោយសាររដ្ឋធម្មនុញ្ញ មិនអនុញ្ញាតឱ្យកម្ពុជាលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ។
លោកអះអាងថា ជនជាតិម៉ុងតាញ៉ានេះ គឺជាជនជាតិដើមដែលរស់នៅតាមជើងភ្នំ ហើយត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិក ដើម្បីប្រឆាំងរដ្ឋាភិបាលកុម្មុយនីស្ដបច្ចុប្បន្នរបស់ប្រទេស វៀតណាម ហើយការរត់ភៀសខ្លួនរបស់ពួកគេមិនមែនដោយសារបញ្ហារឹតត្បិតខាងសេដ្ឋកិច្ចឬសិទ្ធិសេរីភាពឡើយ ប៉ុន្តែដោយសារពួកគេជាកូនអុកនយោបាយរបស់សហរដ្ឋអាមេរិក។
លោកបន្ថែមថា៖ «កម្ពុជាមិនមែនជាប្រទេសទី ២ ឬទី ៣ សម្រាប់អ្នកណាឡើយ ហើយការភៀសខ្លួនហ្នឹងវាប៉ះពាល់ដល់ច្បាប់របស់កម្ពុជា ដែលកម្រិតមិនឱ្យកម្ពុជាលូកលាន់ផ្ទៃក្នុងរបស់ប្រទេសជិតខាង ហើយអានេះគឺជាបញ្ហាសន្ដិសុខរបស់កម្ពុជា ហើយជនភៀសខ្លួនគឺជាការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ»។
ប៉ុន្តែលោក អំ សំអាត និយាយថា កម្ពុជាបានសម្រេចទទួលយកសន្ធិសញ្ញាស្ដីពីជនភៀសរបស់អង្គការសហប្រជាជាតិ ដូច្នេះកម្ពុជាមានកាតព្វកិច្ចដើម្បីអនុវត្តតាម។ លោកបន្ថែមថា ការរត់ភៀសខ្លួនរបស់ជនជាតិម៉ុងតាញ៉ាដើម្បីសុំសិទ្ធិជ្រកកោនទៅកាន់ប្រទេសទី៣ អាចដោយសារពួកគេជួបការលំបាកក្នុងការរស់នៅ ក្នុងប្រទេសកំណើត។
លោកបន្តថា៖ «ហើយប្រសិនបើយើងបញ្ជូនពួកគាត់ទៅវិញ អាហ្នឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពួកគាត់»៕