ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រួម​នឹង​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ ២០១៩ ​នេះ​បាន​ទទួល​ពាក្យបណ្ដឹង​ពី​បញ្ហា​ទំនាស់​ដីធ្លី​សរុប​ចំនួន​ ២ ៧១៣ ​ករណី​ ក្នុង​នោះ​ទទួលដោះស្រាយ​ចំនួន​ ១ ៨៧១ ​ករណី ដោយ​ដោះស្រាយ​បញ្ចប់​ចំនួន​ ១ ៨៤៧ ​ករណី និង​កំពុង​ដោះស្រាយ​ចំនួន​ ១២៨ ​ករណី ខណៈ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ពន្លឿន​ការដោះស្រាយ​។

តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៩ ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា ការដោះស្រាយ​វិវាទ​ដីធ្លី​ក្រុមការងារ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ទទួល​ពាក្យបណ្តឹង​សរុប​ចំនួន​ ៨១៧ ​ករណី ទទួល​ដោះស្រាយ​បាន​ចំនួន​ ១០៥ ​ករណី​។ ក្នុងនោះ​ដោះស្រាយ​បញ្ចប់​ចំនួន​ ៨១ ​ករណី និង​ធ្វើលិខិត​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​ ឬ​បង្វែរ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​វិញ​ចំនួន​ ២៤ ​ករណី​។

របាយការណ៍​បន្តថា រីឯ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ទទួល​បាន​ចំនួន​ ១ ៨៩៦ ​ករណី​ ដោះស្រាយ​សរុប​បាន​ចំនួន​ ១ ៧៦៦ ​ករណី បង្វែរ​ទៅ​ម្ចាស់​បណ្តឹង​វិញ​ចំនួន​ ២ ​ករណី និង​កំពុង​ដោះស្រាយ​ចំនួន​ ១២៨ ករណី​។

របាយការណ៍​បន្ថែមថា យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ ត្រូវ​បាន​បង្កើត​ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​ទាក់ទង​នឹង​អចលនវត្ថុ​ដែល​មិនទាន់​ចុះបញ្ជី​សុរិយោដី និង​វិវាទ​ដីធ្លី​ស្ថិត​ក្នុង​តំបន់​វិនិច្ឆ័យ ដែល​គណៈកម្មការ​រដ្ឋបាល​មិនអាច​ដោះស្រាយ​បាន​នៅក្នុង​ឆ្នាំ ២០១៩ ​នេះ​។ ការដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​យន្តការ​គណៈកម្មការ​សុរិយោដី​ដោយ​ទទួល​ពាក្យបណ្តឹង​ចំនួន​ ២៩០ ​ករណី​ (​ទទួល​ពី​គណៈកម្មការ​រដ្ឋបាល​ចំនួន​ ២៣៨ ​ករណី​)​។

ក្នុងនោះ​ដោះស្រាយ​បញ្ចប់​ចំនួន​ ១៦៩ ​ករណី​មាន​ពលរដ្ឋ​ចំនួន​ ៧២៣ ​គ្រួសារ​ស្មើនឹង​ផ្ទៃដី​ទំហំ​ ១៣០,៥១ ​ហិកតា​។ ច្រានចោល​ពាក្យបណ្តឹង បន្ទាប់ពី​ស៊ើបអង្កេត​ឃើញថា​ខុស​សមត្ថកិច្ច​ចំនួន​ ៩៥ ​ករណី និង​សុំ​ដក​ពាក្យបណ្តឹង​ចំនួន​ ៣០ ​ករណី​។ ចំពោះ​ក្រុម​ដោះស្រាយ​វិវាទ​ដីធ្លី​ចល័ត​ក្រុង ស្រុក ខណ្ឌ ដោះស្រាយ​បញ្ចប់​ចំនួន​ ១៤១ ​ករណី ច្រានចោល​ចំនួន​ ៨៩ ​ករណី ដក​ពាក្យ​ចំនួន ២២ ​ករណី និង​បញ្ជូនទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត​ចំនួន​ ៤១ ​ករណី​។

លោក​ សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក​ ឡោ ដាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​នៃ​ក្រសួង​រៀបចំ​ដែនដី​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញរបាយការណ៍​នេះ​បាន​ទេ​ពី​ម្សិលមិញ​។

លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនបាន​ចាំ​ចំនួន​ករណី​ទំនាស់​ដីធ្លី​នៅក្នុង​ខេត្តកណ្ដាល​ទេ ដោយ​គ្រាន់តែ​ដឹងថា ករណី​ទំនាស់​ដីធ្លី​នៅ​ខេត្ត​នេះ​ត្រូវបាន​មន្ត្រី​ជំនាញ​ដោះស្រាយ​ជិត​រួចរាល់​ហើយ​។ លោក​រំពឹងថា នៅ​ឆ្នាំ​ ២០២០ ​នេះ​និង​ឆ្នាំ​បន្ទាប់​ទៀត​នៅ​ខេត្តកណ្ដាល​នឹង​មិន​មាន​ករណី​ទំនាស់​ដីធ្លី​យូរអង្វែង​ទៀត​ទេ​។

លោក​បញ្ជាក់ថា​៖ «​ពួកខ្ញុំ​ដោះស្រាយ​ជិត​អស់ បញ្ហា​ទំនាស់​ដីធ្លី​ដែល​ធ្លាប់​ឈ្លោះ​គ្នា​យូរ​ឆ្នាំ​កន្លង​មក​នេះ​គឺ​យើង​បាន​ដោះស្រាយ​ហើយ ទាំង​ទំនាស់​ធំ និង​ទំនាស់​តូច​។ នៅ​ឆ្នាំក្រោយៗ​នេះ យើង​ដោះស្រាយ​បញ្ហា​ចាស់ៗ​នេះ​ឲ្យ​អស់ ហើយ​យើង​ចាប់ផ្ដើម​ធ្វើ​ការងារ​លើ​បញ្ហា​ថ្មីៗ​ទៀត​»​។

អ្នកស្រី ផាវ ញ៉ើង តំណាង​ពលរដ្ឋ​ទំនាស់​ដីធ្លី​ចំនួន​ ៧៥ ​គ្រួសារ​ នៅ​ស្រុកស្រែ​អំបិល ខេត្ត​កោះកុង​បាន​ថ្លែងថា ក្រុម​អ្នកស្រី​បាន​ទទួល​សំណង​រួចរាល់​ហើយ​។ ប៉ុន្ដែ​មិនទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ពេញលេញ​ទេ ដោយ​អាជ្ញាធរ​កំពុង​ដាំ​បង្គោល​កំណត់​ព្រំដី ហើយ​អាជ្ញាធរ​មូលដ្ឋាន​តែងតែ​មក​ឃ្លាំមើល​សកម្មភាព​អ្នកស្រី​ជា​រៀងរាល់​ថ្ងៃ​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ពួកខ្ញុំ​ទទួលបាន​ដី​ហើយ ដោយ​អាជ្ញាធរ​កំពុង​កំណត់​ព្រំ​ក្បាលដី ប៉ុន្ដែ​កំណត់​ក្បាលដី​នេះ​យឺតយ៉ាវ​ណាស់​។ រីឯ​ដី​ដែល​រដ្ឋាភិបាល​ចែក​ឲ្យ​នោះ​ក៏​មិនទាន់​មាន​ផ្លូវ​ចូល ព្រោះ​ដី​នៅ​ឆ្ងាយ​ពី​ភូមិ​។ ពួក​ខ្ញុំ​សូម​ឲ្យ​អាជ្ញាធរ​ជួយ​ធ្វើ​ផ្លូវ និង​ឈប់​មក​គំរាមកំហែង​ពលរដ្ឋ​បន្តទៀត ព្រោះ​ពួកខ្ញុំ​មិនបាន​ធ្វើ​អ្វី​ខុសច្បាប់​ទេ​»​។

លោក ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (ADHOC) ​ថ្លែង​ថា កន្លងមក​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ដោះស្រាយ​បាន​មួយចំនួន​ហើយ​។ ប៉ុន្ដែ​បញ្ហា​ដោះស្រាយ​ទាំងអស់​នេះ​មិនទាន់​បាន​ឆ្លើយតប​គ្រប់​បណ្ដឹង​របស់​ពលរដ្ឋ​នៅឡើយ​។ អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ជំរុញ​បន្ថែម​ពិនិត្យ​ទៅលើ​ករណី​ដី​សម្បទានសេដ្ឋកិច្ច​ធំៗ​មួយ​ចំនួន​ទៀត​។

លោក​បន្តថា ការសម្រេចចិត្ត​របស់​មន្ត្រី​ថ្នាក់មូលដ្ឋាន​នៅ​មាន​កម្រិត​ដោយ​មិនមាន​ឥទ្ធិពល​គ្រប់គ្រាន់​ក្នុង​ការទទួល​ដោះស្រាយ​ទំនាស់​ដីធ្លី​ធំៗ​មួយ​ចំនួន ដែល​មាន​ករណីខ្លះ​បាន​រុញ​បន្ត​មក​ថ្នាក់លើ ឬ​ថ្នាក់​ក្រសួង ដើម្បី​ដោះស្រាយ​វិញ​។ ចំណែក​ករណី​ខ្លះ​អាជ្ញាធរ​ដឹងថា ដី​របស់​ពលរដ្ឋ​ស្រប​ច្បាប់ ប៉ុន្ដែ​ពួកគាត់​មិន​ហ៊ាន​សម្រេចចិត្ត​ទេ ព្រោះ​ខ្លាច​អំណាច​បុគ្គល​មាន​អំណាច​មួយចំនួន​។

លោក​ សែន ករុណា បាន​បញ្ជាក់ថា​៖ «​បញ្ហា​ទាំងអស់​នេះ​យើង​សង្ឃឹមថា​នៅ​ឆ្នាំ​បន្ទាប់ៗ​នេះ​អាច​នឹង​ដោះស្រាយ​បញ្ចប់​ដើម្បី​កុំ​ឲ្យ​ទុក​អូសបន្លាយ​យូរ​ឆ្នាំ​បន្ដទៀត​។ យើង​ដឹងថា បើ​ពលរដ្ឋ​មានទំនាស់​ហើយ គឺ​ពួកគាត់​នឹង​ទន្ទឹងរង់ចាំ​ដំណោះស្រាយ​ពី​អាជ្ញាធរ​។ អ៊ីចឹង​អាជ្ញាធរ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ពួកគាត់​ខាត​ពេល​រង់ចាំ​ដំណោះស្រាយ​យូរ​ខែ​ឆ្នាំ ខាត​ពេល​ប្រកបរបរ​ចិញ្ចឹមជីវិត និង​ខាត​ទាំង​ដី​ថែមទៀត​»៕