ភ្នំពេញៈ ក្រសួងបរិស្ថានបានកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិដាក់ទៅតុលាការខេត្ត/ក្រុងចំនួន ២៧៨ ករណី ក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០១៩ នេះ ខណៈមនុស្សចំនួន ៥០៧ នាក់ ត្រូវបានអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងដកហូតរណារ និងម៉ូតូសរុបចំនួន ៦៥៧ គ្រឿង និងអន្ទាក់សត្វព្រៃចំនួន ៤ ០៤៧ ខ្សែ។ ប៉ុន្ដែសកម្មជនបរិស្ថានអះអាងថា របាយការណ៍នេះមិនឆ្លុះបញ្ចាំងពីការបំផ្លាញធនធានធម្មជាតិជាក់ស្ដែងទេ។
តាមរបាយការណ៍របស់ក្រសួង បរិស្ថាន បានបង្ហាញពីថ្ងៃចន្ទក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ បានឲ្យដឹងថា មន្ទីរបរិស្ថាន រាជធានីខេត្ត និងឧទ្យានុរក្ស បានចុះល្បាតជាប្រចាំក្នុងតំបន់ការពារធម្មជាតិនៅភូមិសាស្ត្រ រាជធានី ខេត្តសាមីដើម្បីតាមដាន ពិនិត្យ អង្កេត កត់ត្រា បង្ក្រាប និងដកហូតវត្ថុតាងនៃបទល្មើសធនធានធម្មជាតិ ធ្វើកំណត់ហេតុ និងរបាយការណ៍ស្ដីពីការបង្ក្រាប និងដកហូតវត្ថុតាងរៀបចំចងក្រងសំណុំរឿងពីបទល្មើសធនធានធម្មជាតិចំនួន ២៧៨ ករណី និងបានដាក់ទៅតុលាការក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០១៩ នេះ។
របាយការណ៍បានបន្តថា មន្ទីរជំនាញតាមបណ្ដាខេត្តបានសហការជាមួយក្រុមអ្នកច្បាប់ក្រសួងបរិស្ថានចំនួន ១២ ករណី ទាក់ទងនឹងបទល្មើសធនធានធម្មជាតិ ការកាប់គាស់រុករានដីព្រៃ ទន្ទ្រានដីព្រៃ ត្រូវបានដាក់បណ្ដឹងទៅតុលាការតាមនីតិវិធីច្បាប់។ លើសពីនេះមន្ត្រីបានអប់រំ និងធ្វើកិច្ចសន្យាចំពោះជនស្ស័យចំនួន ៥០៧ នាក់ ចាប់និងដកហូតរណារយន្តចំនួន ១៩០ គ្រឿង រណារដៃ ១៥៣ គ្រឿង ម៉ូតូ ៣១៤ គ្រឿង និងអន្ទាក់ចាប់សត្វព្រៃចំនួន ៤ ០៤៧ ខ្សែ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា ការងារបរិស្ថានអាចសម្រេចជោគជ័យទៅបានលុះត្រាតែមានកិច្ចសហប្រតិបត្តិការល្អ និងការចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងអស់ ទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងសង្គមស៊ីវិល ទាំងកម្រិតជាតិ និងអន្តរជាតិ។
លោកគូសបញ្ជាក់ថា៖ «ទោះបី ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ត្រូវការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមក៏ដោយ ក៏យើងត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ «ភាពជាម្ចាស់» និង «អធិបតេយ្យភាពជាតិ» ដើម្បីធានាឲ្យកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្ស ជីវចម្រុះ និងការអភិវឌ្ឍដោយចីរភាព ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព»។
ក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំឆ្នាំ ២០១៩ កាលពីថ្ងៃចន្ទមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនប្រមាណជាង ៥០០ នាក់ នៅទីស្ដីការក្រសួងបរិស្ថាន។
លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ និងបរិស្ថានបានថ្លែងថា របាយការណ៍ដែលក្រសួងបរិស្ថានបានបូកសរុបនេះហាក់ដូចជាមិនសូវស៊ីចង្វាក់ទៅនឹងបទល្មើសធនធានធម្មជាតិ និងព្រៃឈើទេ។ ប្រសិនបើគេមើលពីបទល្មើសធនធានធម្មជាតិនេះ គឺសុទ្ធតែក្រុមឧកញ៉ា ជាអ្នកប្រព្រឹត្ត ប៉ុន្ដែឧកញ៉ាប្រមាណ ២ ឬ ៣ នាក់ ត្រូវបានឃាត់ខ្លួន រីឯឧកញ៉ាមួយចំនួនធំផ្សេងទៀតត្រូវបានរួចខ្លួនរស់នៅក្រៅច្បាប់យ៉ាងសប្បាយរីករាយ។
លោកបន្តថា ចំណែកក្រសួងបរិស្ថានក៏មិនទាន់ឃើញមានចំណាត់ការក្ដៅទៅលើជនល្មើសទាំងអស់នោះដោយគ្រាន់តែដើរបន្លាចជនល្មើសឲ្យផ្អើលមួយរយៈពេលខ្លីប៉ុណ្ណោះ។ ប្រសិនបើមន្ត្រីក្រសួងបរិស្ថានឃាត់ខ្លួនមនុស្ស អាចចាប់បានតែអ្នករកស៊ីដឹកឈើតាមម៉ូតូ ឬគោយន្ត។ ចំណែកឯអ្នកកាប់ទន្ទ្រានដី ចាប់បានតែពលរដ្ឋតូចតាច ក្រខ្សត់គ្មានដីធ្លី ប៉ុន្ដែអ្នកមានអំណាចតែងតែរួចខ្លួន ឬត្រឹមតែតម្រូវឲ្យធ្វើកិច្ចសន្យាអប់រំប៉ុណ្ណោះ។
សកម្មជនព្រៃឈើរូបនេះបានបញ្ជាក់ថា៖ «ខ្ញុំយល់ថា ក្រសួងបរិស្ថានគួរតែស្វែងរកក្រុមអ្នកនៅពីក្រោយខ្នងជនល្មើសដែលជាអ្នកកាប់ទន្ទ្រានដី និងបំផ្លាញធនធានធម្មជាតិ មិនមែនទៅចាប់តែពលរដ្ឋគ្មានដីធ្លី ឬអ្នកក្រក្រីទេ។ ពេលខ្លះយើងមើលទៅវាអយុត្តិធម៌សម្រាប់អ្នកក្រណាស់។ បើយើងក្រឡេកទៅមើលរោងចក្រធំៗ ឬក្រុមហ៊ុនធំៗដែលកំពុងធ្វើអាជីវកម្មបំផ្លាញធនធានធម្មជាតិគឺបានដំណើរការយ៉ាងរលូនហើយសម្រាប់របាយការណ៍នេះ ខ្ញុំគិតថា គ្មានប្រសិទ្ធភាពអ្វីទេ»៕