កំពតៈ បទល្មើស​នេសាទ​ខុសច្បាប់​នៅតាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ មាន​​ការធ្លាក់ចុះ​គួរឱ្យ​កត់សម្គាល់​នៅក្នុង​ឆ្នាំនេះ ដោយ​មន្ត្រី​ជំនាញ​បាន​ពន្យល់ថា គឺ​ដោយសារ​ពលរដ្ឋ​មាន​ការយល់ដឹង និង​មាន​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ពី​មន្ត្រី​តាម​មូលដ្ឋាន​ពាក់ព័ន្ធ​នឹង​ច្បាប់​។

លោក ថឺង បូរិន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កែប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ៦ ខែ​ធ្នូ ថា បទល្មើស​ជលផល​នៅក្នុង​ខេត្ត​កែប​ដែល​ត្រូវបាន​បង្ក្រាប​ក្នុង​ឆ្នាំ​ ២០២០ នេះ​មាន​ចំនួន​ ២១ ​ករណី​រួមមាន​បទល្មើស​នេសាទ​មុជ​ខ្យល់​ខុសច្បាប់ នេសាទ​ដោយ​ឈឹប​រុញ​ដែល​មាន​ភ្ជាប់​ឧបករណ៍​ឆក់ ប្រើ​លប​កណ្ដុរ​ក្នុង​ដែន​សហគមន៍​នេសាទ និង​ប្រើប្រាស់​ទូក​អួន​អូស​ខុសច្បាប់​ដោយ​ប្រើ​មួង​ជាដើម​។

បើ​ធៀប​ជាមួយ​នឹង​ឆ្នាំ ២០១៩ បទល្មើស​នេសាទ​ខុសច្បាប់​មាន​ការថយចុះ​ប្រមាណ​ ២០% ដោយសារ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ធ្វើការ​ផ្សព្វផ្សាយ និង​ណែនាំ​ជាប្រចាំ​ដល់​ពលរដ្ឋ​នៅក្នុង​ខេត្ត និង​ការចុះ​ល្បាត​ជាប្រចាំ​នៅ​តាម​ភូមិសាស្ត្រ​នានា​ក្នុង​ដែនសមុទ្រ​។

លោក​បន្តថា​៖ «​ក្នុងចំណោម​ករណី​ទាំង ២១ ​ករណី ​ត្រូវ​បាន​ធ្វើការ​អប់រំ​ណែនាំ និង​ចុះកិច្ចសន្យា​ទៅ​ដល់​ជនល្មើស​ដោយ​មិនមាន​បញ្ជូន​ទៅ​តុលាការ​នោះទេ​»​។ អាជ្ញាធរ​មិន​ចង់ឱ្យ​មាន​បទល្មើស​នេសាទ​ខុសច្បាប់​នេះ​ទេ ព្រោះ​នៅពេល​ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​ដោយ​ការឆក់ និង​ឧបករណ៍​ខុសច្បាប់​ផ្សេងទៀត​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​ និង​ប្រភេទ​សត្វ​ត្រី​សមុទ្រ​មាន​ការថយចុះ​។

លោក អ៊ី ម៉េងលាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកោះកុង​ក៏​បាន​ឱ្យដឹង​ដែរ​ថា បទល្មើស​នេសាទ​ក្នុង​នេះ​នៅក្នុង​ឆ្នាំ​ ២០២០ ក៏មាន​ការថយចុះ​ដែរ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ចំនួន​ប៉ុន្មាន​នោះទេ​។ លោក​ថា បទល្មើស​ខ្លះ​មាន​ស្ថានភាព​តូចតាច ហើយ​សមត្ថកិច្ច​របស់​មន្ទីរក៏​មាន​ការយល់យោគ​ខ្លះៗ​ដែរ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង និង​ដោះស្រាយ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​ដោយ​ធ្វើការ​ពិន័យ​អន្តរកាល និង​ធ្វើការ​ណែនាំ​។ «​អា​បទល្មើស​នេសាទ​ហ្នឹង យើង​បង្ក្រាប​ញឹកញយ​ណាស់ ប៉ុន្តែ​វា​នៅតែ​មាន​តិចតួច​ដែរ វា​មិនចេះ​បាត់​ទេ ដោយ​ហាម​ ១ ​កន្លែង​ទៅ​ ១ ​កន្លែង​ទៀត​»​។

ចំណែក​លោក ស សូរិន នាយ​ខណ្ឌ​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពត​ក៏​ឱ្យ​ដឹង​ដែរ​ថា បទល្មើស​នេសាទ​ខុសច្បាប់​ដែល​ត្រូវបាន​បង្ក្រាប​នៅក្នុង​ខេត្ត​កំពត​ក្នុង​ឆ្នាំ ២០២០ ​មាន​ចំនួន ៦៨ ករណី បើ​ធៀប​ទៅនឹង​ឆ្នាំ​កន្លងមក​មាន​ការថយចុះ​ប្រមាណ ២០ ​ភាគរយ​។

លោក​បន្តថា នៅក្នុង​ឆ្នាំនេះ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពត​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​បាន​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាសហគមន៍​នេសាទ​បាន​ចំនួន ៥០ ​លើក ​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ ៥០០ ​នាក់ ។

លោក​ថ្លែងថា​៖ «​បទល្មើស​ខុសច្បាប់​ដែល​យើង​បង្ក្រាបបាន​មានដូចជា លប​កន្ទុយ​កណ្តុរ និង​ឈឹប​រុញ​ដៃ​ភ្ជាប់​ជាមួយ​នឹង​ឧបករណ៍​ឆក់​ពី​ប្រជានេសាទ »​។ សមត្ថកិច្ច​មិន​មាន​ការចាប់​ជនល្មើស​បញ្ជូន​ទៅ​តុលាការ​នោះ​ទេ ព្រោះ​នៅពេល​ដែល​សមត្ថកិច្ច​ចុះបង្ក្រាប អ្នកនេសាទ​ខុស​ច្បាប់​បាន​រត់ចោល​សម្ភារ​ហើយ​សមត្ថកិច្ច​ក៏​បាន​ប្រមូលយក​សម្ភារ​ទាំងនោះ​ដុតបំផ្លាញ​ចោល​។

ចំណែក​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ព្រះសីហនុ​មិន​អាច​ទាក់ទង​សុំ​ធ្វើការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​ដោយ​ទូរស័ព្ទ​លោក​ពុំ​មាន​អ្នក​ទទួល​។

លោក​ នាក់ សេន តំណាង​ប្រជានេសាទ​សហគមន៍​ត្រើយ​កោះ​នៃ​ខេត្ត​កំពត​ឱ្យដឹង​ដែរ​ថា បទល្មើស​នេសាទ​នៅក្នុង​ដែនសមុទ្រ​នៅ​តែ​មាន ជាពិសេស​នៅ​ខេត្ត​កំពត​នៅតែ​មាន​ជា​ប្រក្រតី បើ​ទោះបី​អាជ្ញាធរ​ខេត្ត​បាន​ចុះ​ទៅ​បង្ក្រាប​ជា​ញឹកញាប់​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​បទល្មើស​នេសាទ​នៅតែ​មាន​ហើយ​ភាគច្រើន​ពលរដ្ឋ​ប្រើប្រាស់​ឧបករណ៍​ឆក់ និង​អូសគូរ​»​។ លោក​បន្តថា សហគមន៍​នេសាទ​ក៏​ធ្លាប់​ហៅ​សមត្ថកិច្ច​របស់​ខេត្ត​ទៅ​ចូលរួម​បង្ក្រាប​ដែរ ប៉ុន្តែ​សមត្ថកិច្ច​ហាក់​ដូចជា​មិន​សូវ​សហការ​ជាមួយ​សហគមន៍​ទេ​៕