
លោក ថោង លីម (ឆ្វេង) ក្នុងពិធីបិទសន្និបាតបូកសរុបការងារនគរបាលនៅខេត្តព្រះសីហនុពីម្សិលមិញ។ ហ្វេសប៊ុក
ព្រះសីហនុៈ បទល្មើសព្រហ្មទណ្ឌនៅខេត្តព្រះសីហនុមានការកើនឡើងប្រមាណ ២៥ ភាគរយឬស្មើនឹងចំនួន ២១ លើកក្នុងឆ្នាំ ២០១៨ ខណៈបទល្មើសនេះកើតមានចំនួន ១០៥ លើក បើធៀបទៅនឹងឆ្នាំ ២០១៧ ដែលមានត្រឹមតែ ៨៤ លើក។ នេះបើតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំរបស់អាជ្ញាធរខេត្តដែលផ្សព្វផ្សាយ កាលពីម្សិលមិញ។
របាយការណ៍នោះ បានឲ្យដឹងថា ការកើនឡើងនូវបទល្មើសព្រហ្មទណ្ឌនេះ មានដូចជា បទល្មើសឧក្រិដ្ឋ កើតឡើង ២៩ លើក កើនឡើង ៤ លើក។ បទល្មើសមជ្ឈិម កើតឡើង ៧៦ លើក កើនឡើង ១៧ លើក ហើយបទល្មើសទាំងនេះ បានបណ្ដាលឲ្យមនុស្សស្លាប់ ៥ នាក់ (ស្រី) រងរបួសមនុស្ស ២១ នាក់ (ស្រី ៣ នាក់) បាត់ម៉ូតូចំនួន ២ គ្រឿងនិងសម្ភារផ្សេងជាច្រើនទៀត។
របាយការណ៍ដដែលបន្តថា៖ «លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសបានចំនួន ១០៣ ករណីស្មើនឹង ៩៨%, ឃាត់ខ្លួនចំនួន ២៣៥ នាក់ក្នុងនោះមានបទល្មើសឧក្រិដ្ឋចំនួន ២៩ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៧៣ នាក់ មានជនបរទេស ៤៨ នាក់ (ចិន)។ បទល្មើសមជ្ឈិមចំនួន ៧៤ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៦២ នាក់ ជនបរទេស ៤៧ នាក់មាន ៤ សញ្ជាតិ (ចិន អាល្លឺម៉ង់ កាហ្សាស្ថាន និងឥណ្ឌា)។ ករណីខាងលើបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូង»។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍លទ្ធផលនៃកិច្ចប្រតិបត្តិការប្រចាំឆ្នាំ និងផ្សព្វផ្សាយទិសដៅការងារបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុកាលពីម្សិលមិញ លោក ថោង លីម អគ្គស្នងការរងនគរបាលជាតិបានណែនាំឲ្យកងកម្លាំងនគរបាលត្រូវយកចិត្តទុកដាក់លើការងារក្តាប់សភាពការណ៍អំពីសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សង្គម ឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ ដាក់ចេញនូវវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យល្អប្រសើរ។
ចំណែកលោក គង់ វិថាណាក់ អភិបាលរងខេត្តព្រះសីហនុបានរំឭកដល់កងកម្លាំងនគរបាលខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់លើបញ្ហាទាំងនេះនិងត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ចថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់បម្រើប្រជាពលរដ្ឋបន្ថែមទៀត។
លោកបានបញ្ជាក់ថា៖ «សណ្តាប់ធ្នាប់សាធារណៈការកកស្ទះចរាចរណ៍ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះជនបរទេសបើកបរយានយន្តដោយគ្មានបណ្ណបើកបរ បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការគ្រប់គ្រងជនបរទេសនិងចូលរួមបង្ការទប់ស្កាត់ក្រុមមនុស្ស បង្កភាពអនាធិបតេយ្យ រំលោភបំពានទន្ទ្រាន កាន់កាប់ដីធ្លីរបស់រដ្ឋ របស់ពលរដ្ឋ។ល។»។
លោកស្រី ជៀប សុធារី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ មើលឃើញថា បទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តនេះពិតជាមានការកើនឡើងមែន ប៉ុន្តែលោកស្រីបានសាទរចំពោះរបាយការណ៍របស់សមត្ថកិច្ចដែលបានបង្ហាញការពិតដែលថាបទល្មើសព្រហ្មទណ្ឌមានការកើនឡើង ព្រោះបច្ចុប្បន្នពលរដ្ឋមានការបារម្ភខ្លាំងអំពីសុវត្ថិភាពរបស់ពួកគាត់ ស្របពេលកំណើនជនបរទេសមានការកើនឡើងខ្លាំង ហើយចំនួននៃអ្នកចំណូលថ្មី ក៏មានការកើនឡើងផងដែរ។
លោកស្រីបញ្ជាក់ថា៖ «យើងទទួលស្គាល់ថា បទល្មើសពិតជាមានការកើនឡើងមែន បើថានៅពេលបច្ចុប្បន្ននេះថា សន្តិសុខអីមានលក្ខណៈល្អប្រសើរអី គឺមិនអាចទទួលយកបានទេ ព្រោះបទល្មើសមានការកើនឡើងច្រើនណាស់ជាពិសេសគ្រឿងញៀន។ យើងមានការព្រួយបារម្ភដែរពីការហូរចូលជនបរទេសនិងលំហូរចូលជនចំណូលថ្មី ដែលមានដោយជនល្អ និងជនអាក្រក់ ដូច្នេះទាមទារឲ្យកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋហ្នឹង ត្រូវសហការគ្នាក្នុងការបង្ក្រាបបទល្មើស និងផ្តល់ព័ត៌មាន។ចំណែកស្ថាប័នតុលាការ ត្រូវពង្រឹងនូវការអនុវត្តច្បាប់របស់ខ្លួន»៕