ភ្នំពេញៈ ក្រសួងមហាផ្ទៃ និងក្រសួងយុត្ដិធម៌ព្រមទាំងសមាជិកក្រុមការងារអ្នកជំនាញផ្នែកច្បាប់កាលពីថ្ងៃទី ២០ ឧសភាបានបន្តប្រជុំអន្តរក្រសួង ពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មលើអត្ថន័យនៃមាត្រានីមួយៗ ដើម្បីឈានទៅបញ្ចប់សេចក្តីព្រាងច្បាប់នៅចុងឆ្នាំនេះ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅក្រសួងមហាផ្ទៃក្រោមអធិបតីភាព លោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី ១ រៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី ២ និងលោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី ៣។ ក្នុងនោះក៏មានសមាជិក-សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក តុប នេត អ្នកនាំពាក្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃថ្លែងពីម្សិលមិញថា៖ «កិច្ចប្រជុំនេះយើងបានពិភាក្សា និងពិនិត្យទៅលើសេចក្ដីព្រាងច្បាប់នេះដែលយើងបានព្រាងរួចរាល់ហើយនោះ ដើម្បីពិនិត្យម្ដង ១ មាត្រាៗលើសេចក្ដី និងខ្លឹមសារ»។
លោកថា អន្តរក្រសួងនឹងបន្តកិច្ចប្រជុំ ពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់នេះជាបន្តបន្ទាប់ទៀតជារៀងរាល់ ២ សប្ដាហ៍ម្ដងដើម្បីធ្វើយ៉ាងណាជំរុញសេចក្ដីព្រាងច្បាប់នេះឲ្យបានចប់រួចរាល់មុនចុងឆ្នាំ ២០២០ នេះ។
តាមរបាយការណ៍កិច្ចប្រជុំកាលពីថ្ងៃពុធរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ច្បាប់នេះមានគោលបំណង ធានាឲ្យមានការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការចុះបញ្ជីអត្តសញ្ញាណបុគ្គលជាសកលជាកាតព្វកិច្ចជាសកលដោយជាប់លាប់ និងជាអចិន្រៃ្តយ៍។
របាយការណ៍ដដែលបញ្ជាក់ថា៖ «[ច្បាប់នេះ] ធានាឲ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់តាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណដោយផ្ដល់ចំពោះបុគ្គលម្នាក់ៗនូវលេខសម្គាល់អត្តសញ្ញាណបុគ្គល និងធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋានសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម»។
លោក តុប នេត បញ្ជាក់ថាច្បាប់នេះមានវិសាលភាពអនុវត្តចំពោះ ជនគ្រប់រូបដែលនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងពលរដ្ឋខ្មែរដែលរស់នៅឯបរទេស។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃទី ១៣ ឧសភា ក៏បានជំរុញឲ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ពន្លឿនការឈានទៅបញ្ចប់សេចក្ដីព្រាងច្បាប់ឲ្យបានចប់ត្រឹមចុងឆ្នាំនេះផងដែរ។ ព្រោះច្បាប់នេះគោលដៅសំខាន់ដើម្បីកំណត់អត្ដសញ្ញាណ ពលរដ្ឋឲ្យបានច្បាស់លាស់។
លោក តុប នេត បញ្ជាក់ថាមិនទាន់កំណត់សេចក្តីព្រាងច្បាប់នេះមានប៉ុន្មានមាត្រានោះទេ។ ព្រោះអាចមានការផ្លាស់ប្ដូរ ប៉ុន្ដែជាបឋមច្បាប់នេះមាន ១២ ជំពូក ឬអាចលើសនេះ។ ឯចំនួនមាត្រាគឺនៅមានការប្រែប្រួលច្រើនព្រោះកំពុងស្ថិតនៅដំណាក់កាលកែប្រែសេចក្ដីព្រាងនៅឡើយ៕