សៀមរាបៈ ស្រុក​បន្ទាយស្រី​ក្នុង​ខេត្តសៀមរាប ត្រូវ​បាន​ប្រកាស​ជា​ស្រុក​គំរូ ផ្នែក​សោភណភាព​ស្អាត អនាម័យ និង​មាន​ផាសុកភាព​សម្រាប់​ការរស់នៅ ខណៈ​រដ្ឋបាល​ស្រុក​នេះ​បន្ត​ពង្រឹង​វិធានការ​បន្ថែម​ទៀត​លើ​ការទុក​ដាក់​សំរាម​ដោយ​តម្រូវឱ្យ​មេភូមិ​នីមួយៗ ក្នុង​ស្រុក បំផុសគំនិត​ប្រមូល​សំរាម​នៅតាម​ទីសាធារណៈ​ជា​ទៀងទាត់​។

កាលពី​ពេល​ថ្មីៗ​នេះ ស្រុក​បន្ទាយស្រី និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ស្រុក​នេះ ត្រូវបាន​ក្រសួង បរិស្ថាន កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអនុវត្ត​អនាម័យ បរិស្ថាន​បាន​យ៉ាង​ល្អប្រសើរ​ធ្វើឱ្យ​ភូមិឋាន និង​សហគមន៍​មាន​សោភណភាព​ស្អាត មាន​ផាសុកភាព​សម្រាប់​ការរស់នៅ និង​ជា​ទីទាក់ទាញ​ភ្ញៀវទេសចរ​។

ជាមួយ​នឹង​ភាពជា​គំរូ​នេះ ភូមិ​ព្រះដាក់​ក៏​ត្រូវបាន​ចាត់ទុក​ជា​ភូមិ ល្អឥតខ្ចោះ ទាំង​ការរស់នៅ​របស់​អ្នកភូមិ ទាំង​ការទុកដាក់​សំរាម និង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​លោក​ ឃឹម ហ្វីណង់ អភិបាល ស្រុក​បន្ទាយស្រី​មាន​មហិច្ឆតា អភិវឌ្ឍន៍​ភូមិ​ដទៃទៀត ឱ្យ​ដូចគ្នា​នឹង​ភូមិ​មួយ​នេះ​។

លោក​ ហ្វីណង់ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​យើង​ចង់ឱ្យមាន​យន្តការ​អចិន្រៃ្តយ៍​ណាមួយ ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ជា​រៀងរហូត​នៅ​ទូទាំង​ស្រុក​។ ការងារ​នេះ​ដើម្បី​ដោះស្រាយ​បាន​ទាល់តែ​យើង​មាន​យន្តការ​ដល់​ថ្នាក់ភូមិ​តែម្តង​ព្រោះ​បើ​ភូមិ​មិន​ស្អាត ខ្លួនឯង​ទេ គឺ​មិន​ងាយ​នោះទេ​»​។

ភាពស្អាត​ជាប្រចាំ​នៅ​តាម​ភូមិ លោក​ ហ្វីណង់ តម្រូវឱ្យ​មេភូមិ​ទាំងអស់​ក្នុងស្រុក​បន្ទាយស្រី​ចំណាយពេល​ ១ ​ថ្ងៃ​ ឬ​ច្រើនជាង​នេះ ក្នុង​ ១ ​ខែ​ដើម្បី​ប្រមូល​សំរាម​នៅតាម​ទីសាធារណៈ តាមរយៈ​ការដឹកនាំ​ចលនា​សម្អាត​សំរាម​នៅក្នុង​ភូមិ​។ ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ក៏​ត្រូវមាន​កាតព្វកិច្ច​រៀបចំ​ទុកដាក់​សំរាម​ដែល​ខ្លួន​ប្រើប្រាស់​ហើយ​ឱ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។

អភិបាលស្រុក​វ័យក្មេង សម្បុរស​រូប​នេះ​បន្ថែមថា​៖ «១ ​ខែ​ម្តង​ឱ្យ​គាត់​ដឹកនាំ​ប្រមូល​សំរាម គឺ​មិនទាន់​ប្រាកដ​អាច​ធានា​បាន​នូវ​ការប្រមូល​សំរាម​ឱ្យបាន​ស្អាត​នៅក្នុង​ភូមិ​នោះទេ​។ ស្រុក​នៅ​តែ​អនុវត្ត​គោលការណ៍​បន្ថែមទៀត​ដើម្បី​ធ្វើឱ្យ​ប្រាកដថា សំរាម​ដែល​រាយប៉ាយ​លើ​ទីសាធារណៈ ឬ​តាម​ដងផ្លូវ​នោះ ត្រូវ​បាន​ដកចេញ​»​។

លោក​បន្ថែមថា​៖ «​គោលដៅ​ចុងក្រោយ​នោះ​គឺ​ធ្វើយ៉ាងណា ដើម្បី​ឱ្យ​សហគមន៍​នីមួយៗ​មាន​លទ្ធភាព​ស្វ័យគ្រប់គ្រង​លើ​ការងារ សំរាម ហើយ​រដ្ឋបាល​ស្រុក​ដើរតួនាទី​ជា​អ្នកសម្របសម្រួល ត្រួតពិនិត្យ ហើយ​និង​លើកទឹកចិត្ត​វិញ ព្រោះ​ការងារ​នេះ​បើ​យើង​ធ្វើបាន គឺ​ល្អ​ទាំងអស់​គ្នា​វិញ ហើយ​សមល្មម​ក្នុង​ការគ្រប់គ្រង​ការងារ​របស់​យើង​»​។

បើ​តាម​ការប្រកាស​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី​ក្នុង​ចំណោម​ភូមិ​ទាំង​ ៣៦ ដោយ​លើកលែង​ភូមិ​ព្រះ​ដាក់​មួយ​គឺ​ត្រូវ​ប្រកាស​ដាក់ឱ្យ​ធ្វើការ​ប្រកួតប្រជែង​ជា​ភូមិ​ស្អាត ខណៈ​ភូមិ​ព្រះដាក់​ផ្ទាល់​ក៏​នឹង​ប្រកាស​ធ្វើការ​ប្រកួត​ប្រជែង​ស្វែងរក​ផ្ទះ​ស្អាត ដើម្បី​ទទួល​បាន​ពានរង្វាន់ ពី​ការខិតខំ​ប្រឹងប្រែង​របស់​ពលរដ្ឋ​ផងដែរ​។

លោក​ ហ្វីណង់ ​ថ្លែងថា​៖ «​បច្ចុប្បន្ន​នេះ​គ្រប់​ភូមិ គាត់​បាន​ធ្វើការ​សម្អាត​អនាម័យ គ្រាន់តែ​ធ្វើបាន​ប៉ុន្មាន​យើង​មិនទាន់​ហ៊ាន​សន្និដ្ឋាន​ឱ្យ​បាន​នោះទេ​។ ប៉ុន្តែ​តាម​របាយការណ៍ និង​លទ្ធផល​ជាក់ស្តែង​គ្រប់​ភូមិ​នីមួយៗ​ក្នុងស្រុក គឺ​បាន​ធ្វើជា​ប្រចាំ​រួចទៅ​ហើយ​នៅក្នុង​ការធានា​ឱ្យបាន​ថា ការប្រមូល​សំរាម​ជា​រៀងរាល់ខែ​នេះ​»​។

បើ​តាម​លោក​ ឃឹម ហ្វីណង់ ភូមិ​ដែលជា​គោលដៅ​បន្ត​ក្នុង​ការរៀបចំ​រចនាសម្ព័ន្ធ​ឱ្យ​ដូច​ទៅនឹង​ភូមិ​ព្រះដាក់​នេះ គឺ​ភូមិ​បន្ទាយស្រី និង​ភូមិ​ចំនួន​ ៥ ​ទៀត​ដែល​ស្ថិតក្នុង​ឃុំ​ព្រះដាក់​។ គម្រោង​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ដើមឆ្នាំ​ ២០២១ ដែល​លោក​ ហ្វីណង់ បារម្ភ​ថា បញ្ហា​ប្រឈម​ចំពោះមុខ​គឺ​ការកែប្រែ​ឥរិយាបថ និង​អត្តចរិត​របស់​មនុស្ស ជុំវិញ​ការទុកដាក់​សំរាម​នេះ​។

លោក​ អ៊ិន សៀង មេភូមិខ្នារ ដែលជា​ភូមិ​គោលដៅ​បន្ត​ក្នុង​ការអភិវឌ្ឍ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភូមិ​របស់​លោក​មាន​ការប្រកាស​ការតាំង​ចិត្ត និង​សង្ឃឹមថា នឹង​ឈ្នះ​ក្នុង​ការប្រកួត​វាយតម្លៃ​ជាមួយ​ភូមិ​ដទៃ​ក្នុង​ការទទួល​បាន​ជ័យជម្នះ​ពី​ការរៀបចំ​ភូមិ​តាម​គំរូ​អ្នកភូមិ​ព្រះដាក់​។ លោក​មើលឃើញ​ថា ភូមិ​នីមួយៗ គឺ​សុទ្ធតែ​ប្រឈម​នឹង​បញ្ហា​ផ្នែក​ធនធាន​មនុស្ស និង​ថវិកា ដើម្បី​យក​ទៅ​អភិវឌ្ឍ​ក្នុងភូមិ​។ ប៉ុន្តែ​លោក​យល់​ថា ការដឹកនាំ​សកម្មភាព និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ គឺជា​រឿង​សំខាន់​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​នឹងធ្វើ​គំរូ​ឱ្យ​ប្រជាពលរដ្ឋ​គាត់​យល់ ហើយ​ធ្វើតាម​។ ខ្ញុំ​ក៏​ជំរុញ​បន្ថែមទៀត ឱ្យ​ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​នៅតាម​ផ្ទះ​អាចដាក់​សំរាម​ក្នុង​ថង់​ឬ​ការុង នៅ តាម​ផ្ទះ កុំឱ្យ​ពង្រាយ​ពាសវាល​ពាសកាល​។ ខ្ញុំ​ក៏​បង្កើត​អ្នកស្ម័គ្រ​ចិត្ត​បន្ថែម​ដើម្បី​ដើរ​ប្រមូល​សំរាម​យក​មក​ចោល​កន្លែង​ត្រឹមត្រូវ​»​។

តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ក្នុង​ពេល​នេះ​លោក​ សៀង និយាយ​ថា បើទោះ​ជា​ភូមិ​របស់លោក​មិន​ទាន់​ដូច​ទៅនឹង​ភូមិ​ព្រះ​ប្រដាក់ ប៉ុន្តែ​ស្ថានភាព​ភូមិ​របស់លោក គឺ​បាន​វិវឌ្ឍ​ទៅរក​ស្ថានភាព​ល្អ​ប្រសើរ​ជាង​មុន ដោយ​ការចោល​សំរាម​តាម​ទីសាធារណៈ​កាន់តែ​តិច​ទៅៗ ហើយ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងភូមិ​ដូចជា​ការចូលរួម​រៀបចំផ្ទះ​របស់​ភូមិ ការធ្វើ​សួន​ និង​ដាំ​ផ្កា​នៅតាម​ផ្លូវ​ក៏បាន​ល្អ ជាង​មុន​ផងដែរ​។

អ្នកស្រី​ ស៊ុន ហឿន អាយុ​ ៣៣ ​ឆ្នាំ​ជា​អាជីវករ​លក់​គ្រឿង​សម្ភារ​ធ្វើ​ដោយ​ដៃ​នៅតាម​បណ្តោយ​ផ្លូវ​ក្នុងភូមិ​ព្រះ​ដាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការដែល​ភូមិ​ព្រះដាក់​ត្រូវ​បាន​រៀបចំ​មាន​របៀបរៀបរយ​បែបនេះ បាន​ធ្វើឱ្យ​អាជីវកម្ម​របស់ខ្លួន​ក៏​ដូចជា​អ្នកស្រុក​ដទៃទៀត​មាន​ភាព​ល្អប្រសើរ​។ អ្នកស្រី​និយាយថា ភ្ញៀវទេសចរ​ដែល​តែង​ឆ្លងកាត់​ភូមិ​ព្រះដាក់​គឺ​តែងតែ​ចុះ​មកជួយ​គាំទ្រ ផលិតផល​របស់​អ្នកភូមិ​ដែល​ខុសពី​ពេល​កន្លងទៅ ភ្ញៀវទេសចរ​តែង​ជិះ​ហួស​ទៅ​ហួស​មក​។

ណែនាំ​ផលិតផល​ដល់​ភ្ញៀវ​បណ្តើរ ងាក​មក​ផ្តល់​បទ​សម្ភាស​បណ្តើរ អ្នកស្រី​ហឿន រៀបរាប់​ថា​៖ «​យើង​មាន​អារម្មណ៍​ថា សប្បាយ​ដែល​ថ្នាក់ដឹកនាំ​បាន​អភិវឌ្ឍ​ភូមិ​ស្រុក​យើង​ស្អាត ផ្លូវ​ក៏​ស្អាត ហើយ​ដាក់​ដាំ​ផ្កា​លម្អ​តាម​ផ្ទះ​ពួកយើង​ឱ្យ វា​កាន់តែ​ស្រស់ស្អាត​។ នៅពេល​មាន​បុណ្យទាន​អី គឺ​មាន​គេ​មកលេង ច្រើន គេ​មក​ហូប​នំ​បញ្ចុក គេ​មក​ទិញ​នេះ​ទិញ​នោះ​ពី​យើង​រហូត​»​។

ជា​អ្នកភូមិ​ម្នាក់​ដែល​មាន​ផ្ទះ​លម្អ ដោយ​សួនផ្កា​ និង​ការរៀបចំ​ទុកដាក់​ផ្ទះ​បាន​ត្រឹមត្រូវ​គួរឱ្យ​ទាក់ទាញ​ស្រដៀង​ទៅនឹង​ផ្ទះ​របស់​អ្នកភូមិ​ព្រះ​ដាក់​ដទៃទៀត អ្នកស្រី​ យ៉ត ត្រប់ អាយុ​ ៦២ ​ឆ្នាំ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ក្នុង​នាម​ជា​ពលរដ្ឋ ដែល​បាន​រស់នៅ​តពី​ដូនតា​មក អ្នកស្រី​សប្បាយចិត្ត នៅពេល​ទទួល​បាន​ការកោតសរសើរ​ពី​អ្នកដទៃ​អំពី​ការទុកដាក់​ផ្ទះសំបែង​ស្អាត​នេះ​។

អ្នកស្រី​បន្តថា ការកែប្រែ​របស់​អ្នកស្រី និង​អ្នកភូមិ​មួយចំនួនក៏​មិនមែន​កែប្រែបាន​ដោយ​ភ្លាមៗ​នោះដែរ គឺ​ត្រូវការ​ពេលវេលា និង​មាន​ការជួយ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ដែល​ល្អ​។ ក្នុងនាម​ជា​អ្នកភូមិ​គំរូ ស្ត្រី​សម្បុរស​សណ្តែកបាយ សម្តី​សំដៅ​ជា​អ្នក​ខេត្តសៀមរាប​នេះ រំពឹងថា​នៅតាម​ភូមិ​ដទៃ​នឹង​យក​គំរូ​តាម​ការដឹកនាំ​នេះ ដោយ​ធ្វើការ​កែប្រែ​ឥរិយាបថ​អ្នកភូមិ​ពី​ខាងក្នុង ដើម្បី​ទទួលបាន​សហគមន៍​មួយ​ដែល​ស្រស់ស្អាត​។

អ្នកស្រី​ត្រប់​រៀបរាប់​ថា​៖ «​នៅពេល​មាន​ការរៀបចំ​យ៉ាង​ដូច្នេះ ម្ចាស់ផ្ទះ​ក៏មាន​កេរ្តិ៍ឈ្មោះ ភូមិ ឃុំ ស្រុក ក៏មាន​កេរ្តិ៍ឈ្មោះ​ដូចជា​អង្គការ​ពិភពលោក ភ្ញៀវទេសចរ​ចុះមក​លេង គេ​ចេះតែ​សរសើរ ហើយ​ក៏ល្បី​។ ដូចជា​ផ្ទះ​ខ្ញុំ គេ​ដាក់​ជា​ផ្ទះ​គំរូ ហើយ​ផ្ទះ​អ្នកផ្សេងៗ​គួរឱ្យ​ធ្វើតាម ដោយ​ការបោសច្រាស ដាំដុះ​ទៅ​ក៏​ស្អាត​គ្រប់​ផ្ទះ​»៕