ភ្នំពេញៈ អតីតអ្នកសារព័ត៌មានឌឹខេមបូឌាដេលី (The Cambodia Daily) ជាច្រើននាក់កាលពីម្សិលមិញ បានចូលរួមគោរពវិញ្ញាណក្ខន្ធ លោក Bernard Krisher ដែលជាស្ថាបនិកកាសែតនេះ បានធ្វើឡើងនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក Krisher ស្ថាបនិកកាសែតឌឹខេមបូឌាដេលី និងជាប្រធានអង្គការជំនួយពិភពលោកសម្រាប់កម្ពុជា និងជាអតីតប្រធានការិយាល័យ Newsweek Tokyo បានទទួលមរណភាព ក្នុងវ័យ ៨៧ ឆ្នាំ កាលពីថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០១៩ នៅក្នុងមន្ទីរពេទ្យនៅទីក្រុងតូក្យូ ប្រទេស ជប៉ុន ដោយជំងឺគាំងបេះដូង។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ The Cambodia Daily កាលពីថ្ងៃទី ១៨ មីនា ២០១៩។
លោក ឆន ចាន់ស៊ី អតីតអ្នកយកព័ត៌មានឌឹខេមបូឌាដេលី បានបង្ហាញនូវការសោកស្តាយបំផុតចំពោះការបាត់បង់ស្ថាបនិក និងសប្បុរសជនមួយដែលបានជួយអភិវឌ្ឍប្រទេសកម្ពុជាលើវិស័យ អប់រំ សុខាភិបាល សង្គមកិច្ច និងវិស័យព័ត៌មាន។
លោក ចាន់ស៊ី ថ្លែងថា៖ «យើងដឹងហើយគាត់បានសាងសង់សាលាជាង ៥០០ ខ្នងក្នុងរយៈពេលជិត ២០ ឆ្នាំមកនេះ។ គាត់បាន បណ្តុះបណ្តាលទៅដល់អ្នកព័ត៌មានវ័យក្មេងរបស់យើងឱ្យចេះធ្វើព័ត៌មានឯករាជ្យ និងវិជ្ជាជីវៈដើម្បីបម្រើលើព័ត៌មានពិតដល់ប្រជាជនយើងទូទាំងប្រទេសក៏ដូចជាពិភពលោកឱ្យបានដឹង»។
លោក ឆន ចាន់ស៊ី ជាអ្នកសារព័ត៌មានម្នាក់បានទទួលចំណេះដឹងខាងវិស័យសារព័ត៌មាននេះក៏តាមរយៈលោក Krisher ផងដែរ។
យោងតាមគេហទំព័ររបស់កាសែតខេមបូឌាដេលីដដែលនេះបានឲ្យដឹងថា មរណភាពរបស់លោក Krisher ត្រូវបានក្រុមគ្រួសាររបស់លោកផ្សព្វផ្សាយជាសាធារណៈបន្ទាប់ពីការរៀបចំពិធីបញ្ចុះសពឯកជនមួយនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
លោក Krisher ដែលបានចាប់ផ្តើមអាជីពជាអ្នកឆ្លើយឆ្លងព័ត៌មានបរទេសនៅប្រទេសជប៉ុនបានលះបង់កម្លាំងកាយចិត្ត និងពេលវេលារយៈពេល ៣ ទសវត្សរ៍ចុងក្រោយរបស់លោកដើម្បីបម្រើការងារមនុស្សធម៌នៅកម្ពុជា។
សារព័ត៌មានឌឹខេមបូឌាដេលីដែលជាគម្រោងដំបូងរបស់លោកគឺជាសារព័ត៌មានជាភាសាអង់គ្លេសមួយដែលបានដើរតួនាទីរាយការណ៍ “រាល់ដំណឹងទាំងអស់គ្មានការភ័យខ្លាច ឬលម្អៀង”។
សារព័ត៌មាននេះគឺជាកន្លែងបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានកម្ពុជា និងបរទេស ដែលបានបោះពុម្ពផ្សាយដំណឹងក្នុងស្រុក និងអន្តរជាតិដល់អ្នកអាននៅរាជធានីភ្នំពេញ។ នៅឆ្នាំ ១៩៩៣ លោក Krisher បានបង្កើតសារព័ត៌មាន ឌឹខេមបូឌាដេលី ដើម្បីជួយលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងអំឡុងពេលការកសាង និងការផ្សះផ្សាជាតិឡើងវិញរបស់ប្រទេស កម្ពុជា ក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩៣ ដែលបានបញ្ចប់សង្រ្គាមស៊ីវិលអស់រយៈពេល ២ ទសវត្សរ៍។
សម្រាប់លោក Krisher សមិទ្ធផលដ៏អស្ចារ្យរបស់លោកគឺការបង្កើតមន្ទីរពេទ្យព្រះសីហនុមជ្ឈមណ្ឌលនៃក្តីសង្ឃឹម នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ នៅរាជធានីភ្នំពេញ ដែលផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃដល់ជនក្រីក្រ និងបានបង្កើតកម្មវិធីថែទាំសុខភាពពីចម្ងាយ (Telemedicine) នៅតាមភូមិដាច់ស្រយាល។
លោក គឺជាស្ថាបនិក និងជាប្រធានមន្ទីរពេទ្យនេះ។ លោក Krisher បានទទួលមរណភាពដោយបន្សល់ទុកភរិយា កូន ២ នាក់ និងចៅ ២ នាក់របស់លោក។
ដោយឡែកមជ្ឈមណ្ឌលខេមរសិក្សាបានចេញសេចក្ដីប្រកាសព័ត៌មានឲ្យដឹងផងដែរថា នៅក្នុងខែមីនានេះផងដែរ សមាជិកក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលខេមរសិក្សា លោក Benny Widyono ក៏បានទទួលមរណភាព កាលពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៩ ក្នុងពេលដែលដេក ដោយមានក្រុមគ្រួសារនៅកំដរគាត់នៅទីក្រុង Stamford សហរដ្ឋអាមេរិក។
មានដើមកំណើតឥណ្ឌូនេចិន លោក Benny ត្រូវបានផ្តល់សញ្ជាតិអាមេរិកកាលពីឆ្នាំមុន។ លោកបានរស់នៅក្នុងប្រទេស កម្ពុជា ជាមួយភរិយាអស់រយៈពេលជាច្រើនឆ្នាំ ដោយដំបូងបម្រើការងារជាឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិប្រចាំខេត្តសៀមរាប។ រយៈពេលជាច្រើនឆ្នាំក្រោយមក លោកបានបម្រើការងារជាឯកអគ្គរដ្ឋទូត ព្រឹទ្ធបុរស អង្គទូត និងឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិប្រចាំប្រទេស កម្ពុជា។ លោកអាចនិយាយភាសាខ្មែរ និងស្រឡាញ់វប្បធម៌ខ្មែរ។
ក្រោយពីបម្រើការងារអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងអង្គការសហប្រជាជាតិ លោក Benny បានបម្រើការងារជាក្រុមប្រឹក្សាភិបាលទាំងនៅក្នុងសាជីវកម្ម និងអង្គការមិនរកប្រាក់កម្រៃ ដូចជា Leopard Capital និង PIO នៅក្នុងប្រទេសកម្ពុជា។
លោក Benny បានទទួលសញ្ញាបត្របណ្ឌិតខាងផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Texas សហរដ្ឋអាមេរិក។ ក្រោយពីចូលនិវត្តន៍ក្នុងតួនាទីជាឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក Benny បានវិលត្រឡប់ធ្វើការជាសាស្ត្រាចារ្យសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Connecticut នៅក្បែរផ្ទះរបស់ គាត់។
លោក Benny គឺជាអ្នករួមចំណែកដ៏ធំចំពោះមជ្ឈមណ្ឌលខេមរសិក្សាអស់រយៈពេលជាង ១២ ឆ្នាំ ដែលបានផ្តល់បាឋកថាជាច្រើន និងមានតួនាទីជាគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌលនេះ។
មជ្ឈមណ្ឌលខេមរសិក្សាបានធ្វើការកាន់ទុក្ខ ដោយសម្ដែងការសោកសង្រេងជាខ្លាំងចំពោះមរណភាពរបស់លោក Benny និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក៕