ភ្នំពេញ៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ប្រកាស​ដំណឹង​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ចាប់​ពី​ថ្ងៃទី ១៤ ខែ​ឧសភា​នេះ​ទៅ ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ខ្លាំង​ក្នុង​ល្បឿន​ខ្លាំង​ពី ១០-២០ ម៉ែត្រ ក្នុង​មួយ​​វិនាទី។ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១៣ ខែ​ឧសភា។

សេចក្ដី​ជូន​ដំណឹង​នេះ​បាន​ឱ្យ​ដឹង​ថា តាមរយៈ​ការ​វិវត្តន៍​ជាក់​ស្តែង​នៃ​ស្ថានភាព​អាកាស​ធាតុ​ឃើញ​ថា បណ្តុំ​សម្ពាធ​ទាប​រួម​ជាមួយ​នឹង​ខ្យល់​និរតី​ដែល​បក់​មក​ពី​ឈូង​សមុទ្រ​ថៃ នឹង​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​ប្រទេស​កម្ពុជា ស្ទើរ​តែ​គ្រប់​ខេត្ត​ទាំង​អស់​ ដែល​ស្ថិត​នៅ​តំបន់​ជួរ​ភ្នំ​ដង​រែក និង​ខ្ពង់រាប​ភាគឦសាន នឹង​មាន​ភ្លៀង​លាយ​ឡំ​ជាមួយ​ផ្គរ​រន្ទះ ពី​បង្គួរ​ទៅ​ខ្លាំង​ស្ទើរ​គ្រប់​ទីកន្លែង និង​មាន​ខ្យល់​កន្ត្រាក់​មាន​ល្បឿន​ខ្លាំង។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និង​ជា​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​បាត់ដំបង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ១៣ ខែ​ឧសភា​នេះ​ថា រដ្ឋបាល​ខេត្ត​បាន​ទទួល​សេក្តី​ជូន​ដំណឹង​នេះ​រួច​ហើយ ហើយ​បាន​បញ្ជូន​ទៅ​តាម​បណ្តា​ស្រុក​នានា​ឱ្យ​ជួយ​ផ្សព្វផ្សាយ​បន្ត និង​ប្រាប់​ពលរដ្ឋ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន និង​យក​ចិត្ត​ទុក​ដាក់​ព័ត៌មាន​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​នេះ។

លោក សឿម ប៊ុនរិទ្ធិ ថ្លែង​ថា៖ «យើង​មាន​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​មាន​ភ្លៀង ព្យុះ កុំ​ឱ្យ​គាត់​ទៅ​នៅ​ក្រោម​ដើម​ឈើ​ខ្លាច​វា​រលំ​បាក់។ បើ​ផ្ទះ​យើង​មិនមាន​សុវត្ថិភាព​ទេ ទៅ​ផ្ទះ​អ្នក​ជិត​ខាង​ណា​ដែល​គេ​មាន​ផ្ទះ​សុវត្ថិភាព»។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ឱ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ផ្សព្វផ្សាយ​បន្ត​ទៅ​ប្រជាពលរដ្ឋ ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​ថ្នាក់​ដែល​អាច​នឹង​កើត​ឡើង​ដោយ​បាតុភូមិ​ធម្មជាតិ។

ភ្នំពេញ បុស្តិ៍ មិន​អាច​ទាក់ទង​ទៅ​លោក សៀក វិចិត្រ អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​សុំ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី ១៣ ខែ​ឧសភា។

ប៉ុន្តែ​លោក​បាន​ឱ្យ​ដឹង​នាពេល​កន្លង​មក​ថា ក្នុង​រយៈពេល ១ សប្តាហ៍ នៃ​ខែ​ឧសភា ឆ្នាំ ២០២១ នេះ កម្ពុជា​ទទួល​រង​នូវ​គ្រោះ​ធម្មជាតិ​ប៉ះពាល់​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​ជាង ១ ៦០០ ខ្នង​ផ្ទះ និង​មាន​ប្រជាពលរដ្ឋ​ទទួល​រង​គ្រោះ​ថ្នាក់​ចំនួន ៥ នាក់ ប៉ុន្តែ​មិនមាន​អ្នក​ស្លាប់​នោះ​ទេ។

លោក សៀក វិចិត្រ ថ្លែង​ថា៖ «យើង​ឃើញ​ថា គ្រោះ​ធម្មជាតិ​នេះ​បាន​ធ្វើ​ប៉ះពាល់​ដល់​អគារ​សាធារណៈ ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ជា​ច្រើន​ផង​ដែរ»៕

វីដេអូ៖