ភ្នំពេញៈ ក្រុង​បាត់ដំបង​ត្រូវបាន​ទទួលស្គាល់​ជា​ទីក្រុង​គំរូ​លើ​ការងារ​គ្រប់គ្រង​សំរាម​ដោយ​បាន​កែច្នៃ​សំរាម​ទៅ​ជា​ជីកំប៉ុស្តិ៍ និង​កែច្នៃ​សំណល់​ប្លាស្ទិក​ទៅ​ជា​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) កាលពី​ថ្ងៃទី​ ២១ មករា​។

ក្នុង​របាយការណ៍​នោះ UNDP គូសបញ្ជាក់​ថា ដំបូង​ឡើយ​ក្រុង​បាត់ដំបង ក៏មាន​បញ្ហា​ប្រឈម​ចំពោះ​ការងារ​គ្រប់គ្រង​កាកសំណល់​ដូចជា​បណ្ដា​ក្រុង​ផ្សេងទៀត​នៅ​ទូទាំង​ប្រទេស​ដែរ​។ ប៉ុន្តែ​ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក និង​ដោយ​មាន​កិច្ចសហការ​គាំទ្រ​ពី​អង្គការ​ជាតិ និង​អន្តរជាតិ​ជា​ដៃគូ ព្រមទាំង​វិស័យ​ឯកជន និង​ផ្នែក​ពាក់ព័ន្ធ​នានា ក្រុង​បាត់ដំបង​ត្រូវបាន​ទទួលស្គាល់​ថា ជា​ទីក្រុង​គំរូ​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ ដោយ​កាកសំណល់​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​កែច្នៃ​ទៅជា​ជីកំប៉ុស្តិ៍ និង​វត្ថុ​ប្រើប្រាស់​ផ្សេងៗ​។

តាមរយៈ​ការប្រឹងប្រែង​ប្រកប​ដោយ​ផ្លែផ្កា​នេះ UNDP បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ.ជ.អ.ប) និង ដោយមាន​ការគាំទ្រ​ពី​ស្ថានទូត​ស៊ុយអែត បាន​បង្កើត​កម្មវិធី​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្តូរ​បទពិសោធ​នៅ​ទីតាំង​កែច្នៃ​កាកសំណល់​សំរាម​ និង​កាកសំណល់ ប្លាស្ទិក​នៅ​ទីក្រុង​បាត់ដំបង​។

កាលពី​ថ្ងៃទី​ ២១ ខែមករា មាន​មន្ត្រី​ជាច្រើនរូប​នៃ​រដ្ឋបាលខេត្ត​កែប ​ត្រូវបាន​អញ្ជើញ​ឱ្យចូលរួម​នៅក្នុង​គម្រោង​ចុះ​ទស្សនកិច្ច​សិក្សា​ដើម្បី​ស្វែងយល់ និង​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សំណល់ បទប្បញ្ញត្តិ និង​ដំណោះស្រាយ​នានា​នៃ​ការកែច្នៃ​សំណល់​ទីក្រុង​ដើម្បី​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច​វិលជុំ​នៅ​កម្ពុជា​។

លោក សេ មុត នាយករង​រដ្ឋបាល​ខេត្ត​កែប​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​នោះ ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​សិក្សា​នោះ​លោក​ចាប់​អារម្មណ៍​លើ​ការងារ​គ្រប់គ្រង និង​កែច្នៃ​កាកសំណល់​ប្លាស្ទិក​ទៅជា​វត្ថុ​ប្រើប្រាស់​ផ្សេងៗ​ច្រើន​ជាង​ការកែច្នៃ​សំរាម​ទៅជា​ជី​កំប៉ុស្តិ៍​។ លោក​ថ្លែងថា​៖ «​ខេត្ត​កែប​របស់​យើង​ស្ថិតក្នុង​តំបន់ឆ្នេរ​ដែល​ចាំបាច់​ត្រូវមាន​សិប្បកម្ម​កែច្នៃ​សំណល់​ប្លាស្ទិក​ទៅជា​វត្ថុ​ផ្សេង ដើម្បី​កាត់បន្ថយ​ការបោះចោល​ពាសវាល​ពាសកាល​នៃ​សំណល់​ប្លាស្ទិក​»​។

លោក​ មុត ​បន្តថា ដំណោះស្រាយ​វិបត្តិ​សំរាម និង​កាកសំណល់​ប្លាស្ទិក​របស់​រដ្ឋបាល​ក្រុង​បាត់ដំបង​គឺ​ពិតជា​ល្អ និង​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​យក​ជា​គំរូ មិន​សម្រាប់តែ​ក្រុងកែប​ប៉ុណ្ណោះ​ទេ តែ​គ្រប់​បណ្ដា​ក្រុង​ទាំងអស់​នៅ​កម្ពុជា​»​។

នាយក​រដ្ឋបាល​ខេត្តបាត់ដំបង​លោក មូល ធន បាន​ថ្លែង​ដោយ​មោទនភាព​ពី​ម្សិលមិញ​ថា ការគ្រប់គ្រង​កាកសំណល់​សំរាម​មិនមែន​ជា​រឿង​ងាយស្រួល​នោះទេ​ប្រសិន​បើ​គ្មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មូលដ្ឋាន​។

លោក​ថា​៖ «​យើង​ពិត​ជាមាន​មោទនភាព​ខ្លាំងណាស់​នៅពេល​មានការ​វាយតម្លៃ​ពី UN-DP ក៏ដូចជា គ.ជ.អ.ប និង​តំណាង​អង្គទូត​នានា​ថា ក្រុង​បាត់ដំបង​របស់ខ្ញុំ​ជា​ក្រុង​គំរូ​លើ​ការងារ​គ្រប់គ្រង និង​កែច្នៃ​សំរាម និង​ជា​ក្រុង​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ​»​។

រដ្ឋបាលខេត្ត​បាត់ដំបង​បាន​រៀបចំ​បង្កើត​ទីលាន​ចាក់សំរាម​មួយកន្លែង​ផ្សេងទៀត​ដែលមាន​ទំហំ​ ២០ ​ហិកតា​ ស្ថិតក្នុង​ឃុំ​តាក្រៀម ស្រុក​បាណន់​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ និង​សង្គម ដែល​បង្ក​ពី​ក្លិន​មិន​ល្អ​នៃ​កាកសំណល់​សំរាម​ទាំងនោះ​។

ទីលាន​ចាក់សំរាម​បច្ចុប្បន្ន​ដែល​មាន​ទំហំ​ ៨ ​ហិកតា ស្ថិតនៅក្នុង​សង្កាត់​ស្លាកែត ក្រុង​បាត់ដំបង​ត្រូវ​បាន​ប្រែក្លាយជា​កន្លែង​កែច្នៃ ធ្វើជា​ជីកំប៉ុស្តិ៍ (​សំណល់​ផ្ទះបាយ​) និង​ជា​វត្ថុ​ប្រើប្រាស់​ផ្សេងៗ ដូចជា កែវ ដប តង់ ទុយោ (​សំណល់​ប្លាស្ទិក​)​។

លោក សំ ផល្លា នាយករង​អង្គការ COMPED និង​ជា​ប្រធាន​គម្រោង​កែច្នៃ​ជីកំប៉ុស្តិ៍​ថ្លែង​ថា បច្ចុប្បន្ន​ក្រុង​បាត់ដំបង​មាន​កាកសំណល់​រឹង​ប្រមាណ​ពី​​ ១៨០ ​តោន​ ទៅ​ ២៤០ ​តោន​ ក្នុង​ ១ ​ថ្ងៃ​ ហើយ​ត្រូវបាន​នាំយកទៅ​ចាក់​នៅក្នុង​ទីលាន​ចាក់​សំរាម​ចាស់​។ ដោយមាន​កិច្ចសហកា​ជាមួយ​អាជ្ញាធរខេត្ត និង​ក្រុមហ៊ុន ស៊ីនទ្រី អង្គការ​របស់​លោក​បាន​ធ្វើការ​ប្រមូល​សំរាម​ប្រមាណ​ពី​ ៥ ​ទៅ​ ៧ ​តោន ក្នុង​ ១ ​ថ្ងៃ​ សម្រាប់​យក​មក​កែច្នៃ​ធ្វើជា​ជីកំប៉ុស្តិ៍ ៕

វីដេអូ៖