ភ្នំពេញៈ រដ្ឋាភិបាល​ប្រទេស​បារាំង​ តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បានផ្តល់​ហិរញ្ញប្បទាន​ចំនួន ៧៥ លាន​អឺរ៉ូ ​ស្មើនឹង​ប្រមាណ​ជាង ៩១ ​លាន​ដុល្លារ​អាមេរិក សម្រាប់​ពង្រឹង​វិស័យ​កសិកម្ម និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើតាម​ការផ្សាយ​របស់​ស្ថានទូត​បារាំង ប្រចាំ​នៅ​កម្ពុជា​លើ​បណ្តាញ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ២១ ខែធ្នូ​។

តាម​ការផ្សាយ​របស់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​ឱ្យ​ដឹងថា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា និង​លោកស្រី អូហ្វេលី បួរីស នាយិកា​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ប្រចាំ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​ហិរញ្ញប្បទាន​ចំនួន​ ២ នៅ​ថ្ងៃទី​ ២១ ខែធ្នូ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ជនបទ​ប្រកប​ដោយ​ចីរភាព​ក៏​ដូចជា​ការអភិវឌ្ឍ​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​។

ស្ថានទូត​បារាំង​បាន​បញ្ជាក់ថា គម្រោង​ដែល​មាន​ឈ្មោះថា Rural Infrastructure Development for Cambodia (RID4CAM) ផ្តល់ជូន​សម្រាប់​ការជួយ​កែលម្អ​សេវា​មូលដ្ឋាន​សម្រាប់​ប្រជាជន​នៅតាម​ជនបទ និង​ចូលរួម​ចំណែក​តភ្ជាប់​តំបន់​ដាច់ស្រយាល​។

ចំណែក​គម្រោង Agriculture Value Chain Competitiveness and Safety Enhancement (ACSEP) នឹង​បង្កលក្ខណៈ​ងាយស្រួល​ទៅ​ដល់​វិស័យ​កសិកម្ម តាមរយៈ​ការគាំទ្រ​ដល់​ផ្នែក​ដ៏មាន​សក្តានុពល​នៃ​ដំណាំ​កសិកម្ម​មួយចំនួន​ដូចជា​គ្រាប់ស្វាយចន្ទី ផ្លែស្វាយ និង​ផ្នែក​បសុបក្សី​ជាដើម​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេង សាខុន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ តាមរយៈ​ប្រព័ន្ធ​តេឡេក្រាម​កាលពី​ម្សិលមិញ​ថា ថវិកា​គម្រោង ដែល​បារាំង​ផ្តល់ឱ្យ​នេះ​ត្រូវបាន​បែងចែក​ជា​ ២ ​គម្រោង​ធំៗ ដែល​គម្រោង​ទី​១ គឺ​បារាំង​សហការ​ផ្តល់​មូលនិធិ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា ADB ដែល​មាន​ថវិកា​ប្រមាណ​ ៣០ ​លាន​ដុល្លារ សម្រាប់​ការរៀបចំ​អភិវឌ្ឍ​គម្រោង​មួយ​ដែល​មាន​ឈ្មោះថា ការកែលម្អ​ខ្សែចង្វាក់ តម្លៃ ផលិតកម្ម​កសិកម្ម​។

លោក វេង សាខុន ថ្លែងថា​៖ «​គម្រោង​នេះ​មាន​ថវិកា​ប្រមាណ ៣០ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ​សម្រាប់​ផ្តោត​ទៅ​លើ​ការធ្វើ​ផ្លូវលំ​ជនបទ និង​ផ្តោតទៅលើ​ការអភិវឌ្ឍ​នូវ​ដំណាំ​ដែលមាន​តម្លៃ​ខ្ពស់​មួយចំនួន​ដូចជា​ដំឡូងមី ស្វាយចន្ទី បន្លែ និង​កៅស៊ូ​ជាដើម ហើយ​គម្រោង​នេះ​យើង​កំពុងតែ​ដំណើរការ​» ។

ដោយឡែក ថវិកា​ប្រមាណ​ជា​ ៦០ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៀត​ គឺ​សម្រាប់​អនុវត្ត​គម្រោង​ដែល​មាន​ឈ្មោះថា RID4CAM ដែលជា​គម្រោង​ស្ថិតនៅក្នុង​ដំណាក់កាល​សិក្សា​នៅឡើយ ហើយ​គម្រោង​នេះ​គឺ​ផ្តោត​ទៅ​លើ​ការដាំដុះ​​ដំណាំ​ដើម្បី​ជំរុញ​ទៅ​ដល់​ការផលិត​ចំណី​សត្វ​នៅ​កម្ពុជា​។

លោក​ សាខុន ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ព្រោះ​យើង​យល់ឃើញថា ការ​ត្រូវការ​ចំណី​សត្វ​នៅ​​កម្ពុជា​កំពុង​មាន​សម្ទុះ​កើនឡើង​ក្នុង​ការផ្គត់ផ្គង់​ទៅដល់​ការចិញ្ចឹម ទាំង​ត្រី ទាំង​សាច់​នៅ​កម្ពុជា ហើយ​ក្នុងនោះ​ក៏​ប្រមូលផ្តុំ​ទៅលើ​ដំណាំ​ដែល​មាន​តម្លៃ​ខ្ពស់​ដូចជា​បន្លែបង្ការ និង​អ្វី​ផ្សេងៗ​ទៀត​មាន​ការចាំបាច់​ក្នុង​ទីផ្សារ​ក្នុង​ពេល​បច្ចុប្បន្ននេះ​»​។

យោងតាម​របាយការណ៍​មួយ​របស់​អង្គការ USAID កាលពី​ឆ្នាំ​ ២០១៩ បានឱ្យដឹងថា វិស័យ​កសិកម្ម​មាន​សក្តានុពល​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​សន្តិសុខ​ស្បៀង​នៅក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវតែ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ផលិតកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោយ​ការប្រមូលផល​សម្រួល​បរិស្ថាន​ជំនួញ និង​បង្កើន​សមត្ថភាព​សម្រាប់​សេវា​ហិរញ្ញវត្ថុ​ឱ្យ​ទៅ​ដល់​សហគ្រិន​នៅតាម​ទីជនបទ​។

USAID ក៏បាន​បញ្ជាក់ដែរថា ជិត​ ៨០ ​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​រស់នៅ​តំបន់​ជនបទ ហើយ ៦៥ ​ភាគរយ​ ពឹងផ្អែក​វិស័យ​កសិកម្ម​ការនេសាទ និង​ព្រៃឈើ​។ ១ ​ភាគ​ ៥ នៃ​ប្រជាជន​កម្ពុជា​មាន​កង្វះ​ចំណី​អាហារ​មាន​ន័យថា បរិមាណកាឡូរី​ដែល​ពួកគេ​ទទួល​បាន​ប្រចាំ​ថ្ងៃ​មាន​ចំនួន​តិចជាង​បរិមាណ​កាឡូរី​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវ​ទទួលបាន​តាម​ការកំណត់​៕

វីដេអូ៖