បន្ទាយមានជ័យៈ អាជ្ញាធរក្រុងប៉ោយប៉ែតសម្រេចបិទទីតាំងហ្គេមបាញ់ត្រី ១ កន្លែងស្ថិតក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីរកឃើញថាជាកន្លែងលក់ដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនហើយបានធ្វើតេស្ដនៅនឹងកន្លែងរកឃើញអ្នកផ្ទុកសារធាតុញៀនជាង ១៤០ នាក់ ដោយបានបញ្ជូនពួកគេទៅសាកសួរបន្តនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យថ្ងៃទី ១៨ មិថុនា។
លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត ប្រាប់ភ្នំពេញប៉ុស្ដិ៍ ម្សិលមិញថា ការបង្ក្រាបទីតាំងចែកចាយគ្រឿងញៀននៅទីតាំងបើកល្បែងហ្គេមបាញ់ត្រីនេះ សមត្ថកិច្ចបានរកឃើញអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ១៤០ នាក់ ដែលត្រូវបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន ក្រោយបញ្ចប់ការសាកសួរ។ ចំណែកអ្នកចែកចាយគ្រឿងញៀនម្នាក់រួមទាំងបុគ្គលិក ៤ នាក់ទៀត នឹងត្រូវបញ្ជូនទៅតុលាការ។
លោកបញ្ជាក់ថា៖ «នៅពេលយើងធ្វើតេស្ដជាក់ស្ដែងមានតែ ៤១០ នាក់ទេ ដែលយើងអនុញ្ញាតឱ្យទៅផ្ទះវិញដោយសារគ្មានសារធាតុញៀន ដោយឡែកអ្នកដែលនាំមកសាកសួរបន្តនៅស្នងការដ្ឋានខេត្តហ្នឹង សុទ្ធតែជាប់សារធាតុញៀនទាំងអស់ហើយ»។
លោកបន្តថា ក្នុងការបើកប្រតិបត្តិការបង្ក្រាប បានរកឃើញគ្រឿងញៀនមួយចំនួនដូចជា មេតំហ្វេតាមីន ៥ កញ្ចប់ ថ្នាំគ្រាប់ ៥៤ គ្រាប់ និងថ្នាំគ្រវី ១ គ្រាប់។
អធិការរូបនេះ ថា៖ «តាមចម្លើយសារភាពរបស់អ្នកផ្ទុកសារធាតុដែលនាំទៅសាកសួរបន្ថែមហ្នឹង គឺបានអះអាងថា ពួកគេតែងចេញចូលទៅទិញគ្រឿងញៀនពីទីតាំងហ្នឹង [កន្លែងហ្គេមបាញ់ត្រី]»។
លោក ស៊ុំ ចាន់គា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តបន្ទាយមានជ័យថ្លែងថា ទោះបីមានការចាប់អ្នកប្រើប្រាស់គ្រឿងញៀនចំនួនរហូតរាប់រយនាក់បែបនេះក្ដី ប៉ុន្តែមិនអាចលុបបំបាត់គ្រឿងញៀនបានឡើយ ប្រសិនបើអ្នកលក់គ្រឿងញៀន និងអ្នកនៅពីក្រោយមេខ្លោងគ្រឿងញៀនធំៗ នៅតែមិនអាចចាប់យកទៅផ្ដន្ទាទោសបាននោះ៕