បាត់ដំបងៈ វិទ្យាល័យសំពៅលូនស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុក សំពៅលូន ខេត្តបាត់ដំបង ត្រូវនាយកសាលានិងអាជ្ញាធរស្រុកសម្រេចបិទទ្វារ២ថ្ងៃ បន្ទាប់ពីមានករណីសិស្សមានបញ្ហាថប់ដង្ហើមរកកល់នឹងសន្លប់ ចាប់តាំងពីចុងខែមុនដល់ថ្ងៃទី៣ខែធ្នួ ។
លោក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូនប្រាប់នៅថ្ងៃទី៤ ធ្នូនេះថា ពាក់ព័ន្ធករណីសិស្សវិទ្យាល័យសំពៅលូន មានជួបបញ្ហាថប់ដង្ហើមអស់កម្លាំងនិងរកសន្លប់នោះ ខាងអាជ្ញាធរស្រុក និង ខាង វិទ្យាល័យបានឯកភាពឲ្យសិស្សសម្រាក២ថ្ងៃគឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ធ្នូ ដើម្បីកុំឲ្យពួកគេមានភាពនឿយហត់ក្នុងការសិក្សា ។
លោកថ្លែងថា៖«ការដែលសិស្សនឿយហត់ក្នុងការសិក្សានេះ មិនមែនមានន័យថាលោកគ្រូអ្នកគ្រូដាក់មេរៀនឲ្យរៀនច្រើនទេ តែពួកគាត់ហត់នឿដោយសារ គាត់ខំរៀនគួរ ប៉ុន្តែរឿងពុលអីនោះគឺគ្មានទេ។ឥឡូវនេះ សាលាសុំឲ្យសិស្សផ្អាករៀនមួយថ្ងៃពីរសិនដើម្បីទប់ទល់នឹងសភាពការណ៍ហ្នឹង។
លោក សារ៉ែន បញ្ជាក់ថា សិស្សដែលមានបញ្ហានោះ ចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ហើយសិស្សដែលជួបបញ្ហាមិនមែនមានតែ១ថ្នាក់ទេ គឺមានច្រើនថ្នាក់ក្នុងទូទាំងវិទ្យាល័យសំពៅលូនទាំងមូល ។
ជុំវិញករណីនេះ លោក ចក់ សំអុល ប្រធានមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនបានប្រាប់ដែរថាសិស្សដែលជួបបញ្ហាហើយបានចូលសម្រាកក្នុងមន្ទីរពេទ្យមានចំនួន៤០នាក់ក្នុងនោះមានប្រុស២នាក់ ។
ប៉ុន្តែមកទល់ ថ្ងៃទី៤ ខែធ្នូនេះ គឺពួកគាត់បានធូរស្រាល និងវិលទៅផ្ទះវិញអស់ច្រើនហើយ នៅសល់តែជាង ១០ នាក់ទេ ។
លោកបានបញ្ជាក់ថា៖ «មិនមានករណីសន្លប់សិស្សម្នាក់ណាទេប៉ុន្តែពួកគាត់មានបញ្ហាពិបាកដកដង្ហើម និងអស់កម្លាំង រីឯករណីថាសន្លប់គឺគ្មានទេ។ ចំពោះមូលហេតុគឺកត្តាទី១ រកឃើញថា មកពីកត្តាហូបចុកមិនទៀង និងហូបមិនគ្រប់គ្រាន់ ។កត្តាទី២គឺទៀតដោយសារពេលវេលារៀនរបស់ពួកគាត់និងកត្តាទី៣គឺអារម្មណ៍ផ្លូវចិត្ត ដោយឃើញគ្នាគាត់មានបញ្ហាក៏តាមគ្នាអីចឹងទៅ។គ្មានបញ្ហាធ្ងន់ធ្ងរទេ » ៕