
ទេសភាពដ៏ស្រស់ស្អាតនៃបឹងយក្ខឡោម នៅខេត្តរតនគិរី។ វ៉ន ដារ៉ា
រតនគិរីៈ ក្រសួងបរិស្ថាន កាលពីសប្ដាហ៍មុន បានប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ «បឹងយក្ខឡោម» ខេត្ដរតនគិរី ដើម្បីគាំទ្រ និងបង្កើនការចូលរួមរក្សាធនធានធម្មជាតិ វប្បធម៌និងអេកូទេសចរណ៍ធម្មជាតិឱ្យនៅស្ថិតស្ថេរ ស្របពេលតំណាងសហគមន៍ជនជាតិដើមភាគតិចក៏ចាត់ទុកថា ទង្វើនេះល្អប៉ុន្ដែមានភាពយឺតយ៉ាវ និងស្នើឱ្យស្ថាប័នពាក់ព័ន្ធគិតគូររឿងនេះជាធំឡើងវិញ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ លោក ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន បានប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ «បឹងយក្ខឡោម» នៅសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ លោកគាំទ្រ និងថ្លែងអំណរគុណដល់ប្រជាសហគមន៍ក្នុងការចូលរួម ជាមួយក្រសួងបរិស្ថានក្នុងការថែរក្សាធនធានព្រៃឈើ ក៏ដូចជាលើកកម្ពស់វប្បធម៌ទេសចរណ៍ធម្មជាតិ។
លោកថា ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិនេះ ក៏ជាផ្នែកសំខាន់ ដើម្បីកាត់បន្ថយការពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃ។
លោកលើកឡើងថា៖ «ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិ ជាពិសេសសហគមន៍ទេសចរណ៍ធម្មជាតិ គឺជាយន្តការមួយដ៏សំខាន់ នៅក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ ដើម្បីចូលរួមការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព»។
បើតាមការបង្ហាញរបស់ ក្រសួងបរិស្ថាន «សហគមន៍ព្រៃឈើយក្ខឡោម» ដែលប្តូរឈ្មោះ និងកែប្រែមកជា«សហគមន៍តំបន់ការពារធម្មជាតិ បឹងយក្ខឡោម» នៅពេលនេះ គឺបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៨ ក្រោមការគាំទ្រដោយកម្មវិធីសីលា ដែលមានការចូលរួមពីប្រជាជនចំនួន ៥ ភូមិគឺភូមិជ្រី ភូមិឡាប៉ូ ភូមិស៊ិល ភូមិលន និងភូមិភ្នំ មានប្រជាជន ៦៣៧ គ្រួសារ និងមានផ្ទៃដីទំហំ ៣៨៧ ហិកតា។
តំណាងសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក គ្រើង តុលា បានសាទរចំពោះការប្រកាសទទួលស្គាល់សហគមន៍ធនធានធម្មជាតិនេះ ប៉ុន្ដែលោកមើលឃើញថា ការទទួលស្គាល់នេះមានភាព យឺតយ៉ាវ ដែលបណ្ដាលឱ្យពហុធនធានធម្មជាតិនៅក្នុងតំបន់នេះមានការបាត់បង់។
លោកបន្តថា៖ «ខ្ញុំនៅតែត្រេកអរចំពោះការទទួលស្គាល់សហគមន៍នេះ ទោះមានការយឺតយ៉ាវ។ ខ្ញុំក៏សូមឱ្យក្រសួងពាក់ព័ន្ធទាំងអស់ បែរមកគិតគូររឿងហ្នឹងជាធំ (ការពារធនធានធម្មជាតិ) ប្រសើរជាង នាំគ្នាគិតគូរតែរឿងគ្មានប្រយោជន៍ ដូចជារឿងនយោបាយបច្ចុប្បន្ននេះដោយមកគិតគូររឿងធនធានធម្មជាតិប្រទេសជាតិមុន ចៀសវាងការបាត់បង់ពីមួយខេត្ដទៅមួយខេត្ដ»។
លោកតុលា មើលឃើញថា សក្តានុពលធនធានធម្មជាតិមានតម្លៃនិងផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រជាពលរដ្ឋ និងប្រទេស កម្ពុជា បើប្រៀបធៀបទៅនឹងការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ការបង្កើតតំបន់សហគមន៍ធនធានធម្មជាតិនិងអេកូទេសចរណ៍ អាចបង្កើតចំណូលចូលរដ្ឋ និងជួយប្រជាជន និងប្រទេសជាតិបានច្រើនជាង។
លោកបន្ដថា៖ «បើយើងឱ្យដីតំបន់ធនធានធម្មជាតិ របស់រដ្ឋទៅឱ្យជាដីសម្បទានសេដ្ឋកិច្ច ខ្ញុំគិតថា រដ្ឋ និងប្រជាពលរដ្ឋអត់មានចំណេញទេ។ ចំពោះរដ្ឋដីសម្បទានក្នុង ១ ហិកតាបាន ៨ ដុល្លារទេក្នុង ១ ឆ្នាំ ប៉ុន្ដែក្រុមហ៊ុនចំណេញលើសលប់។ ក្រុមហ៊ុនចំណេញទៅលើអនុផលព្រៃឈើនៅក្នុងតំបន់នោះ និងចំណេញទៅលើការលក់ជ័រកៅស៊ូ ឬចំណេញលើផលិតផលពួកគាត់ ១ ទ្វេជា ២ ចំណែកប្រជាពលរដ្ឋគ្មានចំណេញអីសោះពីការឱ្យដីសម្បទានសេដ្ឋកិច្ចនេះ»។
លោកបញ្ជាក់ថា ពលរដ្ឋនៅតាមខេត្ដខ្វះខាតជំនាញ ទោះបីក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចក្នុងតំបន់របស់ពួកគាត់ ត្រូវការជ្រើសរើសបុគ្គលិក ឬកម្មករក៏ពួកគាត់មិនមានសមត្ថភាពក្នុងការធ្វើការងារនោះ ដែរ។ «អ៊ីចឹង ការចំណាកស្រុករបស់ប្រជាពលរដ្ឋនៅតែមាន។ ធនធានធម្មជាតិដែលធ្លាប់មានក៏ត្រូវបាត់បង់ដែលនេះជាចំណុចដែលសូមឱ្យរាជរដ្ឋាភិបាលគិតគូររឿងនេះឱ្យមែនទែន»។
ទាក់ទងនឹងការទន្រ្ទានធនធានធម្មជាតិ ព្រៃឈើក្នុងខេត្ដរតនគិរី លោក តុលា បានសង្កេតឃើញថា នៅតែមានការទន្រ្ទានដដែល ទោះមានការអំពាវនាវ ជាច្រើននាពេលកន្លងមកក៏ដោយ។
លោកបញ្ជាក់ថា៖ «យើងស្រែកបានតែស្រែក ចំណែកអ្នកបំផ្លាញនៅតែបំផ្លាញចំពោះធនធានធម្មជាតិនៅក្នុងខេត្ដរតនគិរីយើងនេះ។ បើនៅតែបែបនេះ មិនយូរទេព្រៃឈើនឹងវិនាសមិនខាន»។
លោក ញ៉ែម សំអឿន អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដរតនគិរី ប្រាប់ភ្នំពេញប៉ុស្ដិ៍ ពីម្សិលមិញថា សហគមន៍តំបន់ការពារធម្មជាតិ «បឹងយក្ខឡោម» គឺជាកន្លែង ដែលមានសារៈសំខាន់ណាស់ ដែលរដ្ឋបាលខេត្ដត្រូវតែថែរក្សា មិនឱ្យមានការកាប់ទន្រ្ទានធនធានធម្មជាតិ និងត្រូវមានការដាំដុះព្រៃឈើឡើងវិញផងដែរ។
លោកបានបន្តថា៖ «សហគមន៍នេះ មានសារៈសំខាន់លើធនធានធម្មជាតិ និងអេកូទេសចរណ៍។ បើសិនបឹងយក្ខឡោមយើង មានការកាប់បំផ្លាញ ឬមានការសាងសង់ នោះនឹងធ្វើឱ្យបាត់បង់ភាពដើមរបស់វា ដែលទីនេះយើងចង់រក្សានូវធាតុដើមធម្មជាតិរបស់វា យើងត្រូវរក្សាឱ្យដូចតំបន់ទ្រនាប់នៅតំបន់ប្រាសាទអង្គរអ៊ីចឹង»៕