វីង​បាន​រៀបចំ​កម្មវិធី ​“​សង្គ្រោះ​ជីវិត បរិច្ចាគ​ឈាម​” ដើម្បី​អបអរ​ខួប​ ១២ ​ឆ្នាំ​ដែ​លវីង​បាន​ផ្តល់​សេវាកម្ម ផ្នែក​ហិរញ្ញវត្ថុ​តាម​បែប​ឌីជីថល​នៅ​កម្ពុជា​​ធនាគារ​ឯកទេស​វីង (​ខេមបូឌា​) លីមីតធីត បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម ដើម្បី​អបអរ​ខួប​ ១២ ​ឆ្នាំ​របស់​ខ្លួន​នៅ​ថ្ងៃទី​ ១២ ខែសីហា ២០២០ ដែលជា​ការផ្តល់​ត្រឡប់​ទៅ​សហគមន៍​វិញ​។

យុទ្ធនាការ «​សង្គ្រោះ​ជីវិត បរិច្ចាគ​ឈាម​» របស់​វីង​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ដោះស្រាយ​កង្វះខាត​នៃ​ការបរិច្ចាគ​ឈាម ខណៈ​ពេល​ដែល​ជំងឺ​កូវីដ​១៩​កំពុង​បន្ត​រាតត្បាត​។

លោក សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​លើកឡើង​ថា ការធ្លាក់ចុះ​នៃ​អ្នកបរិច្ចាគឈាម​បណ្តាល​រួមផ្សំ​មកពី​ពួកគេ​មិន​ហ៊ាន​មក​បរិច្ចាគ​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដោយសារ​ព្រួយបារម្ភ​អំពី​ការឆ្លង​ជំងឺ​កូវីដ​១៩ ជាដើម​។

លោក សុខ ប៉ូ បាន​មាន​ប្រសាសន៍​ថា​៖ «​គិត​ត្រឹម​ ៦ ​ខែ​ដំបូង​ដើម​ឆ្នាំ​ ២០២០ ​នេះ អត្រា​ការបរិច្ចាគ​ឈាម​បាន​ធ្លាក់ចុះ​ប្រមាណ​ ១១ ភាគរយ​។ អ្នកជំងឺ​មួយ​ចំនួន​ត្រូវការ​បញ្ចូល​ឈាម​ជាបន្ទាន់ ប៉ុន្តែ​ក្រុមគ្រួសារ​របស់​ពួកគេ​ពិបាក​រក​ប្រភេទ​ឈាម​ដែល​ត្រូវ​»​។

លោក​បាន​បន្តថា​៖ «​ខ្ញុំ​ពិតជា​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ​របស់​វីង ដែល​បាន​លើក​ទឹកចិត្ត​ឱ្យ​បុគ្គលិក​ធ្វើការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដែល​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកជំងឺ​ជាច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ទង្វើ​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការជួយ​សង្គម​ក្នុង​គ្រា​ដ៏លំបាក​នេះ​។ វីង​មិន​ត្រឹមតែ​ជួយ​ប្រជាជន​ឱ្យមាន​ជីវភាព​ប្រចាំថ្ងៃ​កាន់តែ​ប្រសើរ​តាមរយៈ​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វីង​ថែមទាំង​បាន​ធ្វើ​ជា​គំរូ​ល្អ​ដល់​ក្រុមហ៊ុន​ដទៃ​ផ្សេង​ទៀត​ផងដែរ​»​។

ក្នុង​នាម​ជា​អ្នក​អភិវឌ្ឍន៍​សេវា​ហិរញ្ញវត្ថុ​ឈានមុខ​គេ វីង​បានដាក់​បញ្ចូល​នូវ​ស្មារតី​ដ៏រឹងមាំ​ក្នុង​ការជួយ​សហគមន៍​នៅក្នុង​សកម្មភាព​អាជីវកម្ម​ប្រចាំថ្ងៃ​។ ទាំង​ភ្នាក់ងារ​វីង និង​ដៃគូ​អាជីវកម្ម​ជាច្រើន​តែងតែ​គាំទ្រ​ការអភិវឌ្ឍ​សង្គម​ និង​កម្មវិធី​ផ្សេងៗ រួមមាន​ទាំង​យុទ្ធនាការ «​សង្គ្រោះ​ជីវិត បរិច្ចាគ​ឈាម​» ដែល​បាន​ប្រព្រឹត្ត​ទៅ​នាពេល​នេះ​ផងដែរ​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វីង បាន​មាន​ប្រសាសន៍​ថា​៖ «​ការបរិច្ចាគ​ឈាម​គឺជា​មធ្យោបាយ​ដ៏មាន​សុវត្ថិភាព និង​ងាយស្រួល​មួយ​ដែល​យើង​អាច​ធ្វើបាន​សម្រាប់​ជួយ​ដល់​សហគមន៍​នៅពេល​ដែលមាន​តម្រូវការ​ជា​ចាំបាច់​។ រាល់​តំណក់ឈាម​នីមួយៗ​គឺ​សុទ្ធតែ​ជា​ក្តីសង្ឃឹម​។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​បុគ្គលិក​របស់​យើង​ចំពោះ​ការប្តេជ្ញាចិត្ត​ជួយ​ដល់​សហគមន៍​តាមរយៈ​ការបរិច្ចាគ​ឈាម​ដើម្បី​ជួយ​ដល់​អ្នកជំងឺ​ដែល​កំពុង​ត្រូវការ​ឈាម​សម្រាប់​ព្យាបាល​ជំងឺ​»​។

លោក ឡៅ សៀងហៃ នាយក​គ្រប់គ្រង​ធនធាន​មនុស្ស​នៃ​ធនាគារ​ឯកទេស វីង បាន​ឲ្យ​ដឹងថា​៖ «​នៅពេល​ដែល​អ្នក​ក្លាយជា​ផ្នែក​មួយ​របស់​វីង យើង​មិន​ត្រឹមតែ​ផ្តោតលើ​ការងារ​តែប៉ុណ្ណោះ​ទេ យើង​តែងតែ​លើកទឹកចិត្ត​ក្រុម​ការងារ​របស់​យើង​ឱ្យចូល​រួម​ធ្វើឲ្យ​កម្ពុជា​កាន់តែ​ល្អប្រសើរ​។ បន្ថែម​ទៅលើ​ប្រតិបត្ដិការ​អាជីវកម្ម យើង​មាន​គោលបំណង​ចូលរួម​ចំណែក​ឱ្យ​កាន់តែ​ច្រើន​ទៅក្នុង​កិច្ចការ​សហគមន៍​កម្ពុជា​តាមរយៈ​ស្មារតី​នៃ​ការស្ម័គ្រចិត្ត​»​។

ក្នុង​ចំណោម​បុគ្គលិក​វីង​ជាច្រើន​នាក់​ដែល​បាន​បរិច្ចាគ​ឈាម កញ្ញា ភី យូឡែន ប្រធាន​គ្រប់គ្រង​ស្តីទី ផ្នែក​បំណែងចែក​ទីផ្សារ​ក៏​បាន​ចូលរួម​ចំណែក​នា​ថ្ងៃនេះ​ផងដែរ​។ កញ្ញា យូឡែន បាន​និយាយ​ថា កញ្ញា​មាន​ក្តី​រីករាយ​ដែល​បាន​បរិច្ចាគ​ឈាម​នា​ថ្ងៃនេះ ពីព្រោះ​វា​អនុញ្ញាត​ឱ្យ​នាង​ជួយ​ដល់​អ្នក​ដែល​មាន​តម្រូវ​ការចាំបាច់​។

ដូចជា​សប្បុរសជន​ដ៏ទៃ​ផ្សេងទៀត​ដែរ កញ្ញា យូឡែន ត្រូវ​បាន​ផ្តល់ជូន​បណ្ណ​បរិច្ចាគ​ឈាម​ស្ម័គ្រចិត្ត​ដែល​បញ្ជាក់​ពី​ការគាំទ្រ​របស់​នាង​ចំពោះ​បុព្វហេតុ​សង្គ្រោះ​ជីវិត​។

កញ្ញា យូឡែន បាន​និយាយ​ថា​៖ «​ពេល​ដឹងថា​វីង​រៀបចំ​កម្មវិធី​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ខ្ញុំ​បាន​ចុះឈ្មោះ​ភ្លាម ដោយ​ឥត​ស្ទាក់ស្ទើរ ពីព្រោះ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុងតែ​បាន​ជួយ​ជីវិត​មនុស្ស​ម្នាក់​។ ខ្ញុំ​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​របស់​វីង ព្រោះ​មិន​ត្រឹមតែ​ឱកាស​ការងារ​ឲ្យ​ខ្ញុំ​ប៉ុណ្ណោះ​ទេ វីង​តែងតែ​ផ្ដល់ឱកាស​ឲ្យ​ខ្ញុំ​អាច​ចូលរួម​ចំណែក​បាន​យ៉ាងច្រើន​ក្នុង​ការជួយ​ដល់​សង្គម​។ ការបរិច្ចាគ​ឈាម​គឺ​ប្រៀប​ដូចជា​ការផ្ដល់​ជីវិត​មួយ ដូច្នេះ​សូមកុំ​មាន​ការស្ទាក់ស្ទើរ​នៅក្នុង​ការចូលរួម​»៕