
លោក ស ខេង នៅក្នុងពិធីកាលពីម្សិលមិញ។ រូបថត Sar Kheng page
ភ្នំពេញៈ បុគ្គលិកសុខាភិបាលជាង ២ ម៉ឺននាក់ និងថវិកាប្រមាណ ១៦៦ លានដុល្លារ នឹង ត្រូវផ្ទេរទៅឲ្យរដ្ឋបាលរាជធានី-ខេត្ដសាមីនីមួយៗក្នុងការអនុវត្ដមុខងារផ្ដល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។ នេះបើតាមលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត កាលពីថ្ងៃពុធនៅក្រសួងមហាផ្ទៃ។
លោក ស ខេង បានថ្លែងថា ទោះបីកម្ពុជាបាននិងកំពុងជួបនូវស្ថានភាពលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ដែលតម្រូវឲ្យទាំងអស់គ្នាអនុវត្ដវិធានការនានាដើម្បីការពារទប់ស្កាត់ជំងឺនេះក៏ដោយ ប៉ុន្តែផ្អែកតាមរបាយការណ៍ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ ២០២០ នេះ រដ្ឋាភិបាលបានរួមគ្នារៀបចំលិខិតបទដ្ឋានគតិយុត្ដ និងបានអនុវត្ដកិច្ចការជាអាទិភាពចាំបាច់មួយចំនួនដើម្បីធានាដល់ការចាប់ផ្ដើមអនុវត្ដអនុក្រឹត្យនៃការដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត។
លោកថ្លែងថា៖ «ក្នុងនោះរួមមានការផ្ទេរបុគ្គលិកសុខាភិបាលចំនួនជាង ២ ម៉ឺននាក់ទៅឲ្យរដ្ឋបាលរាជធានី-ខេត្ដសាមីនីមួយៗ។ ការដាក់ចេញនូវប្រកាសអន្តរក្រសួងស្ដីពីការផ្ទេរថវិកាចំនួនប្រមាណ ១៦៦ លានដុល្លារ អាមេរិកឲ្យទៅរដ្ឋបាលរាជធានី-ខេត្ដ សម្រាប់គ្រប់គ្រងចាត់ចែង និងប្រើប្រាស់លើការអនុវត្ដមុខងារផ្ដល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងប្រកាសអន្តរក្រសួងស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ដ»។
លោក ស ខេង បញ្ជាក់ថា ដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តនេះគឺជាសមិទ្ធផលមួយថ្មីទៀតនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលដែលបានដំណើរការប្រមាណជាង ១០ ឆ្នាំកន្លងមកនេះ។
លោកបន្តថា ដោយសារនេះជាកិច្ចការថ្មីក្នុងប្រវត្ដិសាស្ដ្រនៃការគ្រប់គ្រងរដ្ឋបាល ដូច្នេះចាំបាច់ត្រូវតែអត់ធ្មត់ហើយនឹងពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយចៀសវាងនូវកំហុសទាំងឡាយដែលនាំឲ្យប៉ះពាល់ទៅដល់ការបម្រើសេវាដល់ប្រជាពលរដ្ឋ បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញនូវអនុក្រឹត្យស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ដនៅចុងឆ្នាំ ២០១៩ កន្លងទៅ។
បើតាមលោក ស ខេង ការរៀបចំពិធីកាលពីម្សិលមិញគឺមានគោលបំណងផ្សព្វផ្សាយនឹងផ្ដល់ការណែនាំអំពីគោលការណ៍សំខាន់ៗជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានី-ខេត្ដ ព្រមទាំងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ដអំពីការចាប់ផ្ដើមជាផ្លូវការនូវការអនុវត្ដតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រងការចាត់ចែង និងការផ្ដល់សេវាសុខាភិបាលជូនពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្ដពាក់ព័ន្ធនឹងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ដ។
លោក ស ខេង បន្ថែមថាបើទោះបីជាមានការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ដ ក៏ប៉ុន្ដែជាការផ្ទេរផ្នែកប្រតិបត្ដិការប៉ុណ្ណោះ ហើយផ្នែកមួយចំនួនសំខាន់ៗទៀតនៅតែស្ថិតក្រោមការចាត់ចែង គ្រប់គ្រងរបស់ក្រសួងសុខាភិបាលដដែល។
វីដេអូ៖
លោកបន្តថា ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី-ខេត្ដនឹងក្លាយទៅជាអ្នកទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអំពីលទ្ធផលនៃការបំពេញការងារ ពាក់ព័ន្ធនឹងការផ្ដល់សេវាសុខាភិបាលនានាដែលបានប្រគល់ឲ្យ។ លោកថា ទន្ទឹមនឹងនេះប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ដត្រូវមានគណនេយ្យភាព និងមានការទទួលខុសត្រូវចំពោះក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី-ខេត្ដសាមីនីមួយៗក្នុងការគ្រប់គ្រង ចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានទទួលខុសត្រូវនូវការផ្ដល់សេវាសុខាភិបាលដែលបានប្រគល់ឲ្យនេះ។
លោក ស ខេង បន្តថា ការចាត់ចែង និងការប្រើប្រាស់ថវិកាត្រូវផ្ទេរទៅឲ្យរដ្ឋបាលរាជធានី-ខេត្ដសម្រាប់អនុវត្ដមុខងារផ្ដល់សេវាសុខាភិបាលគឺជាថវិកាផ្ទេរដោយមានភ្ជាប់លក្ខខណ្ឌ អាស្រ័យហេតុនេះក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី-ខេត្ដត្រូវមានការយល់ដឹងឲ្យបានច្បាស់អំពីគោលការណ៍ បែបបទ និងនីតិវិធីក្នុងការគ្រប់គ្រង និងការប្រើប្រាស់ថវិកាផ្ទេរមានភ្ជាប់លក្ខខណ្ឌនេះ។
លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាលេខាធិការដ្ឋាន គ.ជ.អ.ប បានបង្ហាញរបាយការណ៍ស្ដីពីស្ថានភាពនៃការផ្ទេរមុខងារគ្រប់គ្រង និងផ្ទេរសេវាសុខាភិបាលទៅដល់រដ្ឋបាលរាជធានី-ខេត្ដ ថាជារួមរចនាសម្ព័ននៃមន្ទីរសុខាភិបាលរាជធានី-ខេត្ដបច្ចុប្បន្នត្រូវផ្ទេរទៅឲ្យស្ថិតនៅក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានី-ខេត្ដ ដែលរួមមានមន្ទីរសុខាភិបាលចំនួន ២៥ មន្ទីរពេទ្យបង្អែករាជធានី-ខេត្តចំនួន ២៥ ការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិចំនួន ១០៣ មន្ទីរពេទ្យបង្អែកក្រុង-ស្រុកចំនួន ៩២ មណ្ឌលសុខភាពចំនួន ១២២១ និងប៉ុស្តិ៍សុខភាពចំនួន ១២៧ ។
លោកថ្លែងថា ក្រសួងសុខាភិបាលបានដាក់ចេញនូវប្រកាសផ្ទេរបុគ្គលិកដែលកំពុងបម្រើការងារនៅតាមមន្ទីរសុខាភិបាល និងអង្គភាពក្រោមឱវាទមន្ទីរសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ដ ដែលមានបុគ្គលិកសរុបទាំងអស់ចំនួន ២១ ២៤០ នាក់ ក្នុងនោះរួមមានគ្រូពេទ្យដែលបំពេញការងារនៅតាមមន្ទីរពេទ្យបង្អែកមណ្ឌលសុខភាពមានចំនួន ១៧ ២៣៨ នាក់ និងបុគ្គលិកបម្រើការងាររដ្ឋបាលនៅតាមមន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិនានាមានចំនួន ២ ៨៨៦ នាក់។ «បន្ថែមលើនេះក៏មានបុគ្គលិកកិច្ចសន្យាជិត ៣ ពាន់នាក់ ដែលកំពុងបម្រើការងារនៅតាមមន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែករាជធានី-ខេត្ដ ក្រុង ស្រុក ខណ្ឌ និងមណ្ឌលសុខភាពនានាក៏ត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលរាជធានី-ខេត្ដផងដែរ»។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានលើកឡើងក្នុងពិធីនេះដែរថា ការផ្ទេររចនាសម្ព័ននៃមន្ទីរសុខាភិបាលរាជធានីខេត្ដបច្ចុប្បន្នទៅឲ្យស្ថិតនៅក្រោមរចនាសម្ព័នគ្រប់គ្រងរបស់រដ្ឋបាលរាជធានី ខេត្ដនេះគឺជារបត់ថ្មីមួយនៃកំណែទម្រង់ក្នុងវិស័យសុខាភិបាលដែលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិដើម្បីបន្តលើកកម្ពស់ និងពង្រឹងគុណវុឌ្ឍិប្រព័ន្ធសុខាភិបាល។
លោកថ្លែងថា៖ «ដូច្នេះការធ្វើវិមជ្ឈការនេះត្រូវរៀបចំជាជំហានៗតាមលទ្ធភាពជាក់ស្ដែង និងធ្វើឡើងដោយប្រុងប្រយ័ត្នបំផុតដើម្បីរក្សាភាពរលូននៃការផ្ដល់សេវាសុខាភិបាលស្របតាមគោលនយោបាយសុខាភិបាលជាតិ ពិសេសនិយាមគុណភាពដោយរក្សាកិច្ចដំណើរការការងាររបស់អង្គភាពសុខាភិបាលរាជធានី-ខេត្ដដូចធម្មតា និងមិនត្រូវឲ្យមានភាពរអាក់រអួលដល់ដំណើរការផ្ដល់សេវាថែទាំសុខភាពដែលធ្វើឲ្យប៉ះពាល់ដល់ការប្រើប្រាស់សេវាសុខាភិបាលរបស់ប្រជាពលរដ្ឋនោះទេ»៕