ព្រះ​វិហារៈ ចៅក្រម​ស៊ើប​សួរ​​សាលាដំបូង​ខេត្ត​ព្រះ​វិហារ​ បាន​ព្រមាន​ចេញ​ដីកានាំខ្លួន ​បុគ្គ​លិក​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ចំនួន​ពីរ​នាក់​និង​អ្នក​ភូមិ​ដែល​ជា​ជន​ជាតិ​ដើម​ភាគ​តិច​គួ​យ​ប្រមាណ​ ១០​ នាក់​ផ្សេង​ទៀត​ ប្រសិន​បើ​ពួក​គេ​ មិន​ព្រម​ចូល​ខ្លួន​ទៅ​​តុលា​ការ​នៅ​ថ្ងៃ​​ទី​១៤​ខែ​វិច្ឆិកា​ ទាក់​ទង​នឹង​​រឿង​ជម្លោះ​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ចិន​​ចំនួន​ពីរ។

យោង​តាម​ដីកា​កោះ​ហៅ​ចុះ​ថ្ងៃ​ទី​ ២៧ ​ខែក​ញ្ញា​ ដែល​​​ភ្នំពេញ​ប៉ុស្តិ៍​ទើប​តែ​ទទួល​បាន ​បាន​បង្ហាញ​ថា ​ចៅ​ក្រម​​ស៊ើប​សួរ​លោក​ជៀន​ ស្រស់​ បាន​កោះ​ហៅ​លោក ​ប៉ឹ​ក ​សោភ័ណ​ និង​លោក ​លូត​ សាំង​ ដែល​​​ជា​បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ​ ដែល​មាន​មូល​ដ្ឋាន​នៅ​ខេត្ត​ព្រះ​វិហារ​ ឲ្យ​ចូល​ខ្លួន​មក​សាក​សួរ​ នៅ​សាលា​ដំបូង​ខេត្ត​ព្រះ​វិហារ​នៅ​ថ្ងៃ​ទី​ ១៤ ​ខែ​វិច្ឆិកា ​ពី​បទ​សម​គំនិត​ក្នុង​អំពើ​ចាប់​ឃុំ​ឃាំង ​និង​ការ​បង្ខាំង​ដោយ​ខុស​ច្បាប់​។

ដីកា​កោះ​​ហៅ​ ​ដែល​អ្នក​ភូមិ​ទើប​តែ​ទទួល​បាន​ កាល​ពី​ថ្ងៃ​​ទី ១០​ខែ​វិច្ឆិកា ​បាន​បញ្ជាក់​ថា​៖«បុគ្គល​នោះ​ ត្រូវតែ​យក​ឯក​សារ​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ករណីនេះ​ ទៅជា​មួយ​ ប្រសិន​បើ​មាន។​ ក្នុង​ករណី​មិន​ចូល​ខ្លួន​ [នៅ​តុលា​ការ] តាម​កាល​បរិច្ឆេទ​ខាង​លើ​ទេ នោះ​យើង​នឹង​ចេញ​ដីកា​នាំ​ខ្លួន​»។

លោក​ ប៉ឹ​ក ​សោភ័ណ ​បាន​ថ្លែង​​នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា​​ថា​ កាលពី​ខែធ្នូ​ ឆ្នាំ​ ២០១៤​ អ្នក​ភូមិ​ប្រមាណ​ ៣០០​ នាក់​បាន​ឃាត់​គ្រឿង​ចក្រ​ក្រុម​ហ៊ុន​ឡាន​ហ្វេង​ និង​ក្រុម​ហ៊ុន​រួយ​ហ្វេង​ចំនួន ៦​ គ្រឿង​ ដែល​កំពុង​ឈូស​ឆាយ​ដី​កំពុង​មាន​ជម្លោះ​ជា​មួយ​អ្នក​ភូមិ​។ អ្នក​ភូមិ​បាន​ឃាត់​គ្រឿង​ចក្រ​ពីរ​គ្រឿង​ និង​អ្នក​បើក​បរ​ទុក​មួយ​យប់​ មុន​ពេល​អាជ្ញា​ធរ​មក​យក​គ្រឿង​ចក្រ​និង​អ្នក​បើក​បរ​​ទៅ​សា​សា​ឃុំ​ ប្រមេរ​។

លោក​បញ្ជាក់​ថា៖«នៅ​ពេល​នោះ ​ខ្ញុំ​បាន​ទៅ​ពិនិត្យ​មើល​ ដើម្បី​ការពារ​អ្នក​ភូមិ​ ក្នុង​ករណី​ពួកគេ​ចង់​ដុត​គ្រឿង​ចក្រ​ទាំង​នោះ។ ​នៅ​តាម​ផ្លូវ ក្នុង​ចម្ងាយ​ប្រមាណ​ ២​ គីឡូ​ម៉ែត្រ​ ពី​ភូមិ​ យើង​បាន​ឃើញ​អាជ្ញា​ធរ ​អ្នក​តំណាង​ក្រុម​ហ៊ុន ​និង​ព្រះរាជ​អាជ្ញា​មក​បញ្ឈប់​និង​ថតរូប​ពួក​យើង​។ ពួ​កគេ​បាន​ឃើញ​ខ្ញុំ​ និង​លោក​ លូត ​សាំង​ហើយ​ក៏​បាន​ថតរូប​ពួក​យើង​។ បន្ទាប់​មក​ខ្ញុំ​ក៏​បាន​ចេញ​ទៅ​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ​ ពី​ព្រោះ​រាងរ​សៀល​​ជ្រេរ​បន្តិច​ទៅ​ហើយ​»។

លោក​សោ​ភ័​ណ្ឌ​បន្ថែម​ថា ​នៅ​ពាក់ក​ណ្តាល​ឆ្នាំ ​២០១៥​ តុលាការ​បាន​កោះ​ហៅ​អ្នក​ភូមិ ​និង​រូបលោក​​ម្តង​រួច​ហើយ​ ហើយ​ ​អ្នក​ភូមិ​ខ្លះ​ ក៏​បាន​ចូល​ខ្លួន​​ទៅ​​តុលា​ការ​រួច​ហើយ​ដែរ។​ ប៉ុន្តែ​​រូប​លោក​​មិន​ចូល​ខ្លួន​​ទេ ដោយ​សារតែ​ឈ្មោះ​របស់​​លោក​​សរសេរ​ខុស។ លោក​រៀប​រាប់​ថា​ នៅ​ពេល​នេះ​ ដីកា​កោះ​ហៅ នៅ​សរសេ​ឈ្មោះ​របស់​​លោក​​ខុស​ដដែល​។

លោ​ក ​ឡោ ​ចាន់​​អ្នក​សម្រប​សម្រួល​អង្គកា​រ​អាដ​ហុក​ ប្រចាំខេត្ត​ព្រះវិហារ​ បាន​និយាយ​នៅ​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា​​ថា ​អ្នក​ភូមិ​ចំនួន ​១០ នាក់​ ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ ពី​បទ​ចាប់​ឃុំ​ឃាំង​ និង​បង្ខាំង​ដោយ​ខុស​ច្បាប់​ ហើយ​បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ​ចំនួន​ពីរ​នាក់ ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត។ ប៉ុន្តែ​លោក​ចាន់​ ជឿ​ជាក់​ថា​ ជន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ទាំង​១២ ​នាក់​នោះ​ មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ ដូច​អ្វី​ដែល​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​នោះ​ទេ​។

លោក​បន្ត​ថា៖«ពួកគេ​ឃាត់​គ្រឿង​ចក្រ​ទុក​ នៅឯ​សាលាឃុំ​ ប៉ុន្តែ​ក្រុម​ហ៊ុន​ បាន​ប្តឹង​ពួកគេ​ ពីបទ​បង្ខាំង​មនុស្ស​ និង​គ្រឿង​ចក្រ​ដោយ​ខុស​ច្បាប់។ អ្នក​បើក​បរ​គ្រឿង​ចក្រ​ មិន​ហ៊ាន​ចាក​ចេញ​ទេ ពី​ព្រោះ​ពួកគេ​ ភ័យ​ខ្លាច​អ្នក​ភូមិ​ដុត​គ្រឿង​ចក្រ​ទាំង​នោះ។ ពួក​គេ​មិន​បាន​បង្ខាំង​អ្នក​បើក​បរ​ទេ ហើយ​​ពួកគេ​ ក៏​មិន​បាន​រារាំង​អ្នក​បើក​បរ​ ​មិន​ឱ្យ​ចាក​ចេញ​ដែរ ហើយ​ការ​ពិត​គឺ​ថា អ្នក​បើក​បរ​ មិន​បាន​ជាប់​ឃុំ​អ្វី​នោះ​ទេ។​ អ្នក​បើក​បរ​​អាច​ទៅ​កន្លែង​ណា​ក៏បាន ​តាម​តែ​គេ​ចង់​ ប៉ុន្តែ​​គេ​នៅ​ទីនោះ​ ដើម្បី​ការ​ពារ​គ្រឿង​ចក្រ​របស់​ពួក​គេ»។

លោក​ចាន់​បន្ថែម​ថា​ នៅ​ពេល​នោះ ​ប្រជា​ជន​ បាន​ព្យាយាម​បញ្ឈប់​គ្រឿង​ចក្រ​ជា​ច្រើន​ដង ​មុនពេល​ពួកគេ​សម្រេច​ចិត្ត​ឃា​ត់​គ្រឿង​ចក្រ​ទាំង​នោះ​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ពី​អាជ្ញា​ធរ។

មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ឱ្យដឹ​ង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ កាលពី​ថ្ងៃ​​ទី ១០ ខែ​វិច្ឆិកា​ថា​ គ្រឿង​ចក្រ​ចំនួន​ពីរ​គ្រឿង​នោះ ​ត្រូវ​បាន​ប្រគល់​ឱ្យ​ម្ចាស់​វិញ​នៅ​ឆ្នាំ​ ២០១៧។

ចៅ​ក្រម​ស៊ើប​សួរ​ លោក​ជៀន​ ស្រស់​ មិន​អាច​ទាក់​ទង​ ដើម្បី​សុំ​ការបំភ្លឺ​បាន​ទេ។

លោក​ គុយ​ យឿន​ បុគ្គ​លិក​ទំនាក់​ទំនង​នៅ​ក្រុម​ហ៊ុន​រួយ​ហ្វេ​ង បាន​​ថ្លែង​​​នៅ​​ថ្ងៃ​ទី១១ ​ខែ​វិច្ឆិកា​​ថា ​លោក​មិន​មាន​ព័ត៌​មាន​អំពី​ជម្លោះ​នេះ​ទេ​ ប៉ុន្តែ​លោក​បាន​និយាយ​ថា ​ជម្លោះ​ដី​ធ្លី​ជា​មួយ​អ្នក​ភូមិ​នៅ​ក្នុង​ឃុំ​ប្រមេរ​នេះ​ ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ​។

លោក​យឿន​បន្ថែម​ថា​៖«ថ្មីៗនេះ ​មិនមាន​ជម្លោះ​អ្វី​ជា​មួយ​អ្នក​ភូមិ​ទេ ​ដោយ​សារតែ​ដី​របស់​យើង​ ត្រូវបាន​ចុះ​បញ្ជី​ជាមួយ​អាជ្ញាធរ​រួច​ហើយ»៕ NS