
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង (រូបទី ៣ រាប់ពីឆ្វេង)។
ជំងឺកូវីដ ១៩ បានធ្វើឲ្យមនុស្សទូទាំងសកលលោកជួបវិបត្តិយ៉ាងធ្ងន់ធ្ងរក្នុងនោះរួមបញ្ចូលទាំងកម្ពុជាផងដែរ។
វិបត្តិដ៏ធ្ងន់ធ្ងរនេះវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពមនុស្សប៉ុណ្ណោះទេ តែវាក៏បានធ្វើឲ្យសេដ្ឋកិច្ចទូទាំងសកលលោកដើរថយក្រោយដោយសារការនៅគម្លាតឆ្ងាយពីគ្នាដើម្បីបញ្ឈប់ការរីករាតត្បាតនៃជំងឺកូវីដ ១៩ នេះ។ នៅពេលដែលប្រជាជនមិនអាចចេញទៅខាងក្រៅដើម្បីរកប្រាក់កម្រៃចិញ្ចឹមជីវិតប្រចាំថ្ងៃទាំងនេះបានធ្វើឲ្យគ្រួសារជាច្រើនជួបទុក្ខលំបាក ជាពិសេសការរកប្រាក់កម្រៃប្រចាំថ្ងៃដែលពួកគេមិនអាចធ្វើការពីផ្ទះបាន។ នៅក្នុងប្រទេសកម្ពុជាយើងវិញ អ្នករត់រ៉ឺម៉កកង់បី (តុកតុក) និងមគ្គុទេ្ទសក៍ទេសចរកំពុងជួបវិបត្តិខ្វះខាតជាច្រើន។
លោក គួយ ដារ៉ាវុធ អ្នករត់រ៉ឺម៉កកង់បីនៅខេត្តសៀមរាបបានឲ្យដឹងថា មុនពេលមានជំងឺកូវីដ ១៩ កើតឡើង រូបលោកអាចរកប្រាក់កម្រៃបានជាមធ្យមជាង ២០ ដុល្លារជាប្រចាំថ្ងៃ។ តែក្នុងរយៈពេលនេះរូបលោកអាចរកបានត្រឹមតែ ២ ដុល្លារតែប៉ុណ្ណោះ ពេលខ្លះសូម្បីតែ ១ កាក់ ១ សេនក៏គ្មានដែរ។
នៅក្នុងប្រទេសកម្ពុជាមានប្រជាជនជាង ៥០ ០០០ នាក់ ដែលអាស្រ័យប្រកបរបររត់រ៉ឺម៉កកង់បីដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត។ យោងតាមសមាគកង់បីនៅកម្ពុជាបានឲ្យដឹងថា ជាទូទៅអ្នករត់រ៉ឺម៉កកង់បីអាចរកប្រាក់ចំណូលបាន ១៥ ដុល្លារក្នុង ១ ថ្ងៃ។ តែដោយសារមានជំងឺរាតត្បាត និងខ្វះតម្រូវការពីអ្នកធ្វើដំណើរ វាបានធ្វើឲ្យអ្នករត់រ៉ឺម៉កកង់បីអាចរកប្រាក់ចំណូលបានត្រឹមតែ ២ ដុល្លារប៉ុណ្ណោះដូចលោក ដារ៉ាវុធ យ៉ាងដូច្នោះដែរ។
វិបត្តិទាំងនេះវាមិនត្រឹមតែកំពុងបង្កផលវិបាកដល់អ្នករត់រ៉ឺម៉កកង់បីតែប៉ុណ្ណោះទេ តែសូម្បីតែមគ្គុទេ្ទសក៍ទេសចរជាង ៣ ០០០ នាក់ ក៏កំពុងជួបវាសនាដូចអ្នករត់រ៉ឺម៉កកង់បីផងដែរ។
អ្នកស្រី រ៉ា សាវ៉ែន អាយុ ៣៧ ឆ្នាំ បានប្រកបរបរជាមគ្គុទេ្ទសក៍ទេសចរក្នុងខេត្តសៀមរាបចាប់តាំងពីឆ្នាំ ២០១៦ ហើយអ្នកស្រីបានធ្វើការផ្សព្វផ្សាយ និងបង្ហាញពីបេតិកភណ្ឌវប្បធម៌របស់ប្រទេស កម្ពុជា ទៅភ្ញៀវជនជាតិជប៉ុនជាពិសេស។ តែដោយសារវិបត្តិជំងឺកូវីដ១៩នេះវាបានបង្ខំឲ្យអ្នកស្រីស្នាក់នៅតែក្នុងផ្ទះដោយមិនអាចរកប្រាក់ចំណូលដើម្បីជួយទប់ទល់ទ្រទ្រង់ជីវភាពគ្រួសារបាន។
ក្នុងកិច្ចគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់ដោយកូវីដ ១៩ នោះ បុគ្គលិក និងភ្នាក់ងាររបស់ធនាគារឯកទេសវីង ព្រមទាំងបុគ្គលិករបស់រ៉ូយ៉ាល់គ្រុបបានចូលរួមចំណែកផ្តួចផ្តើមនូវមូលនិធិដើម្បីជួយដល់ក្រុមគ្រួសារដែលងាយរងគ្រោះ និងជួបការលំបាកពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩។ តាមរយៈមូលនិធិសប្បុរសធម៌នេះ ពួកគេបានរៀបចំការរៃអង្គាសប្រមូលមូលនិធិ សម្រាប់ផ្តល់ជូនដល់ក្រុមគ្រួសារដែលងាយរងគ្រោះដោយផ្តល់ជូននូវតម្រូវការចាំបាច់មួយចំនួនសម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «ក្នុងនាមជាស្ថាប័នមួយដែលមានទំនួលខុសត្រូវចំពោះសង្គម យើងមិនត្រឹមតែគិតគូរពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើងនោះឡើយ ប៉ុន្តែយើងក៏បានយកចិត្តទុកដាក់ចំពោះអ្នកនៅជុំវិញខ្លួនយើងដែលពួកគេកំពុងទទួលរងផលប៉ះពាល់នៃវិបត្តិនេះផងដែរ។ វាជារឿងដ៏សំខាន់សម្រាប់វីងក្នុងការចូលរួមចំណែកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមួយនេះក៏ដូចជាជួយគាំទ្រសហគមន៍យើងឲ្យឆ្លងផុតពេលវេលាដ៏លំបាកនេះជាមួយគ្នា»។
លោក ម៉ានូ បានបន្ថែមថា៖ «ការចូលរួមគាំទ្រដ៏សប្បុរសរបស់អស់លោក លោកស្រី វាមិនត្រឹមតែមានសារៈសំខាន់ចំពោះសហគមន៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយជំរុញឲ្យអ្នកដទៃចូលរួមជួយការពារសហគមន៍របស់យើងទាំងអស់គ្នាផងដែរ»។
សប្បុរសជនទាំងឡាយក៏អាចចូលរួមជួយដល់ប្រជាជនដែលខ្វះខាតដោយការបរិច្ចាគថវិកាតាមរយៈគណនីមូលនិធិរបស់វីងផងដែរ។ សម្រាប់គណនីប្រាក់រៀលសូមផ្ញើទៅកាន់ ០៣ ២១០ ០០០ និង ០៣ ៣១០ ០០០ សម្រាប់គណនីប្រាក់ដុល្លារ ។ សប្បុរសជនក៏អាចបរិច្ចាគថវិកាតាមរយៈភ្នាក់ងារវីងណាមួយក្នុងចំណោមភ្នាក់ងារវីងជាង ៧ ៥០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា៕