ភ្នំពេញៈ នគរបាល​ខណ្ឌ​ច្បារ​អំ​ពៅ​នឹង​​បញ្ជូន​ជន​ជា​ឪពុក​ចុង​ម្នាក់​ទៅ​សា​លា​ដំ​បូង​រាជ​ធា​នី​ភ្នំពេញ​នៅ​ថ្ងៃទី ៤ ខែ មេសា បន្ទាប់ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​ ២​ ខែ មេ​សា​ តាម​បណ្តឹង​របស់ ម្តាយ​ក្មេង​ស្រី​រងគ្រោះ​ ក្រោយពី​កូន​ស្រី​របស់​ខ្លួន​ត្រូវ​ជន​សង្ស័យ​ចាប់​រំលោភ​សេពសន្ថវៈ​បាន​សម្រេច ៣ លើក។

លោក​វរសេ​នីយ៍​ទោ ​ម៉ៅ​ សឿត ​អធិ​ការ​រង​ទ​ទួល​ផែន​យុត្តិធម៌​នៃ​អ​ធិ​ការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំ​ពៅ​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា​ ជន​សង្ស័យ​ដែល​ជា​ឪពុក​ចុង​នោះ​ឈ្មោះ​ ព្រុំ​ ភារម្យ​ អាយុ​ ២​៧ ​ឆ្នាំ ​រីឯ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​យ​.ស​.ន​ អាយុ​ ១៣​ ឆ្នាំ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​សមត្ថកិច្ច​របស់​លោក​បាន​ប្រគល់​ទៅ​ឲ្យ​ម្តាយ​នាង​វិញ​ហើយ។

លោក​បញ្ជាក់​ថា​៖ ​«ជន​សង្ស័យ​​ត្រូវ​បានសមត្ថកិច្ច​របស់​ខ្ញុំ​កំ​ពុង​កសាង​សំ​ណុំរឿ​ង​និង​បញ្ជូន​ជន​នេះ​ទៅ​តុលាការ​ហើយ​ដើម្បី​ចាត់​ការ​តាម​ច្បាប់»។

តាម​កំណត់ហេតុ នគរបាល​ ឲ្យដឹងថា​ កាលពី​ថ្ងៃ​ទី​ ៣១​ ខែមីនា ឆ្នាំ​ ២០១៩ ​ ម្តាយ​ក្មេងស្រី​រង​គ្រោះ​បាន​ចេញ​ទៅ​រើស​អេ​ត​ចាយនៅ​ វេលា​ម៉ោង ១០ យប់។ ពេល​នោះ​ជនសង្ស័យ​ដែល​ត្រូវជា​ឪពុក​ចុង​ បាន​នាំ​ក្មេងស្រី​រង​គ្រោះ​ ទៅ​ដេក​នៅផ្ទះ​សំណាក់យីហោ ​ដាលី​ន​ ក្នុង​ភូមិ​សាស្រ្ត​កើត​ហេតុ​ខាង​លើ​ដែល​ពេល​នោះ​ជនសង្ស័យ​បាន​ចាប់​នាង​រំ​លោភ​បាន​សម្រេច​ ៣​ ដង​។ ​ក្រោយ​ពី​ជន​សង្ស័យ​​ធ្វើ​សកម្មភាព​រំ​លោភ​ក្មេង​ស្រី​រង​គ្រោះហើ​យ​ក៏​នាំ​នាង​ត្រ​ឡប់​ទៅ​កន្លែង​ស្នាក់​នៅ​ក្នុង​ចេតិយ​ក្នុង​វត្ត​និរោធ​វិញ។

កំណត់​ហេតុ​បន្ត​ថា​ ដោយ​សារ​តែ​ម្តាយ​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​មាន​សភាព​ស្លេក​ស្លាំង​ ក៏​សួរ​នាំ​ ហើយ​នាង​បាន​រៀប​រាប់​ប្រាប់​ម្តាយ​ពី​ដំណើរ​រឿង​។ ទើប​មក​ដល់​ថ្ងៃ​ទី​ ២​ ខែ មេសា​ ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​ ១៤ ​និង​ ៣០ នាទី​ ម្តាយ​ក៏​នាំ​ក្មេងស្រី ​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ៕