ភ្នំពេញៈ បុរសជនជាតិ​ចិន​ម្នាក់​ ដែល​ប្រើ​គ្រាប់​បែក​ក្លែង​ក្លាយ​​គំ​រាម​មិត្ត​ភកិ្ត​ជា​ជន​ជាតិ​ចិន​ដូច​គ្នា ​ដែល​​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចាប់​ឃាត់​ខ្លួន​កាល​ពីម្សិល​មិញ ​ក្នុង​ភូមិ​ត្រ​ពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​​ ១​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ ត្រូវ​នាំ​ខ្លួន​ទៅ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធា​នី​ភ្នំពេ​ញ​ ដើម្បី​សាកសួរ​បន្ថែម។

លោក​ ស​ ថេត ​អគ្គ​ស្នង​ការ​រង​ន​គរ​បាល​ជាតិ​ និង​ជា​ស្នង​ការ​​រាជ​ធា​នី​ភ្នំពេញ ​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​រសៀល​ម្សិល​មិញ​ថា​ ករណី​បុរស​ចិន​ម្នាក់​ឈ្មោះ ​​លីវ​​ ជីន​​ អា​យុ​​ ៣​៦ ​ឆ្នាំ​ ដែល​ប្រើគ្រាប់បែកហើយមុន​ដំ​បូង​សមត្ថកិច្ច​សង្ស័យ​ថា​ ជា​គ្រាប់​បែក​មែន​ទែន​ និង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើលទៅ​​ដល់​កម្លាំង​សមត្ថកិច្ច​នោះ ​តាម​ពិត​ទៅ​មិន​មែន​ជា​គ្រាប់​បែក​ពិត​ប្រាកដ​ទេ។

លោក​បន្ត​ថា​ តាម​ពិត​ទៅ​បុរស​ជន​ជាតិ​ចិន​ម្នាក់​នោះ​​ មាន​ទំ​នាស់​ជា​មួយ​មិត្ត​ភកិ្ត​របស់​គាត់​ម្នាក់​ទៀត​ដែល​ជា​ជន​ជាតិ​ចិន​ដូច​គ្នា​ ហើយ​ជន​នោះ​ បាន​យក​គ្រាប់​បែក​ក្លែង​ក្លាយ​ ទៅ​កម្លាមិត្ត​ភកិ្ត​នោះ​ ព្រោះ​គាត់​មាន​ទំ​នាស់​ក្នុង​រឿង​រក​ស៊ី​ជាមួយ​គ្នា។​

លោក​បញ្ជាក់​ថា​៖​ «​នៅ​ក្នុង​បំពង់​គ្រាប់​នោះ​ មាន​សុទ្ធ​តែ​ដី​​ខ្សាច់​ហ្នឹង​ មាន​អី​ផ្ទុះ​មក​ពី​ណា​។ អ៊ីចឹង ​វា​មិន​មែន​ជា​ឧបករណ៍​​អី​សម្រាប់​ផ្ទុះ​បណ្តាល​ឲ្យ​មាន​របួស​មនុស្ស​អី​ទេ​។​ ចាំ​មើល​ខ្ញុំ​ឲ្យ​មន្រ្តី​នាំ​មក​សួរ​នាំ​បន្ត​ទៀត​ ចង់​ដឹង​ថា ​ជន​នោះ​មាន​គោល​បំ​ណង​អីទៀត»។

ជុំវិញ​ហេតុ​ការណ៍​នេះ​ដែរ​ លោក ​រស់ ​សា​រ៉ា​ឌី ​នាយ​នគរបាល​ប៉ុស្តិ៍​​សង្កាត់​ចោម​ចៅ​ ១ ​ក៏​បាន​ឲ្យ​ដឹង​​ដែរ​ថា ​ដំបូង​ឡើយ​បុរស​ជន​​ជាតិ​ចិន​ម្នាក់​ ឈ្មោះ​ តុង​ ដែល​រស់​នៅ​ក្នុង​ប្រ​ទេស​ កម្ពុជា​ បា​ន​ហៅ​បុរស​ឈ្មោះ ​​លីវ ជីន ​រូប​នេះពី​ប្រ​ទេស ​ចិន ​ឲ្យ​មក​ប្រ​ទេស​ កម្ពុជា​ ដោយ​ប្រាប់​ថា ​រូប​គេ ​(តុង) ​ចង់​ស​ហ​ការ​រក​ស៊ី​ជា​មួយ​គ្នា​ ខាង​បច្ចេកទេស​ថត​ខា​រ៉ា​អូ​ខេ​ ហើយ​បុរស​សង្ស័យ​ក៏​ធ្វើ​ដំណើរ​មក​ប្រទេស​ កម្ពុជា​ តាម​ការ​ប​បួល​របស់​បុរស​ឈ្មោះ​ តុង ​នោះ។​

លោក​បន្ត​ថា​​ ពេល​មក​ដល់​ប្រ​ទេស​ កម្ពុជា​ បុរស​សង្ស័យ​បាន​ចំ​ណាយ​លុយ​កាក់​ស៊ី​ចាយ​ជា​មួយ​ឈ្មោះ​ តុង​ និង​ឧស្សាហ៍​នាំ​គ្នា​ទៅ​ផឹក​តែ​គុជ​នៅ​ហាង​ចិន​មួយ​កន្លែង​ដែល​មាន​យី​ហោ​ឈ្មោះ​ ហឺ​ហឺ​ នៅ​ទល់​មុខ​ផ្សារ​កាណាឌី​យ៉ា​ ក្នុង​ភូមិ​-​សង្កាត់​ខាង​លើ​។ ​

រី​ឯ​ឈ្មោះ​ តុង​ ចេះ​តែ​សន្យា​ប្រាប់​បុរស​សង្ស័យ​ថា​ រក​ការ​ងា​រ​ឲ្យ​ធ្វើ​ តែ​មិន​ឃើញ​សាច់​ការ​អី​នោះ​ទេ ​ណា​មួយ​លុយ​ដែល​ចំ​ណាយ​លើ​ឈ្មោះ​ តុង​ អស់​ជិត ​៤​ ពាន់​ដុល្លារ ​ហើយ​ឈ្មោះ​ តុង ​បាន​គេច​ខ្លួន​បាត់​ផង​នោះ​​ ធ្វើ​ឲ្យ​បុរស​សង្ស័យ​​កើត​ក្តី​ខឹង​ ហើយ​ក៏​មាន​គំនិត​ច្នៃ​ជា​គ្រាប់​បែក​បំ​ណង​យក​មក​គំ​រាម​ជន​ឈ្មោះ​ តុង​ ទៅ។

លោក​បន្ត​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី ​១ ​ឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ បុរស​សង្ស័យ​បាន​យក​ក្រដាស ហើយ​ញាត់​ដី​ខ្សាច់​ប្រមាណ​ជា ​៤ ​ទៅ​ ៥​ បំ​ពង់​ និង​មាន​​​គ្រាប់​ ១ ​គ្រាប់​ទៀត ​ដែល​បុរស​សង្ស័យ​បាន​ច្នៃ​ជា​ ឧបករណ៍​ដាក់​នា​ឡិកា ​ដូច​ជា​គ្រាប់​បែក​បង្កៃ​ដូច្នោះ​ដែរ​​ដាក់​លាក់​ក្នុង​កា​បូប​ស្ពាយ​ យក​មក​កន្លែង​តែគុជ។​

ពេល​នោះ ​ម្ចាស់​ហាង​តែ​គុជ​ ជា​ជន​ជាតិ​​ចិន​ដែរ​នោះ ​ឃើញ​ហើយ​ក៏​ស្រែក​ឆោ​ឡោ​ ផ្អើល​ និង​រាយការណ៍​ដល់​នគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ ​និង​អញ្ជើញ​មន្រ្តី​ស៊ី​ម៉ាក់​មក​ត្រួត​ពិនិត្យ​ ទើប​ឃើញ​ថា ​មិន​មែន​ជា​គ្រឿង​ផ្ទុះ​ទេ៕