ព្រះសីហនុ៖ បុរសជាជនជាតិចិនម្នាក់ស្លាប់និង ៣ នាក់ទៀតរបួសធ្ងន់ ក្រោយពីបង្កអំពើហិង្សាកាប់ចាក់គ្នានៅក្នុងហាងនំមួយកន្លែង ស្ថិតនៅក្នុងភូមិ ១ សង្កាត់ ២ ក្រុង-ខេត្ត ព្រះសីហនុ កាលពីថ្ងៃទី ១៥ ខែមេសា។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងនៅថ្ងៃនេះថា ករណីអំពើហិង្សាដែលជនជាតិចិនដូចគ្នាចាក់សម្លាប់គ្នាក្នុងនោះមានបុរសម្នាក់ស្លាប់រីឯមនុស្សប្រុស-ស្រី ៣ នាក់របួសធ្ងន់។
លោក ណារិន្ទ បានថ្លែងថា៖ «រឿងនេះបង្កឡើងដោយជនជាតិចិននិងជនជាតិចិនគ្នាគាត់ទេហើយជនជាតិចិនប្រុស-ស្រី ២ នាក់កំពុងព្យាបាលនៅភ្នំពេញ»។
លោក កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះទាំងនោះមាន ឈ្មោះ ឈូ ហ័រសាំង ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិចិន មុខរបរថៅកែហាងនំ ស្នាក់នៅកន្លែងកើតហេតុ ( ស្លាប់ )។ ចាង ឃុន ភេទប្រុសអាយុ ២០ ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងនំ ស្នាក់នៅកន្លែងកើតហេតុ ( រងរបួសធ្ងន់ )។ ឈ្មោះ លាំង ជិនឆាវ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន មុខរបរបុគ្គិលិកហាងនំ ស្នាក់នៅកន្លែងកើតហេតុ ( រងរបួសធ្ងន់ )។ លី ជៀនយាន ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិចិន (សង្សារបស់ ឈ្មោះ ឈូ ហ័រសាំង )ស្នាក់នៅកន្លែងកើតហេតុ ( រងរបួសធ្ងន់ )។
ទោះយ៉ាងណា បើតាមមន្រ្តីនគរបាលមួយរូបនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានឲ្យដឹងដោយយោង តាមសម្តីសាក្សីនៅក្បែរទីតាំងកើតហេតុថា មុនពេលកើតហេតុគេបានឮសំឡេងជជែកគ្នាខ្លាំងៗចេញពីហាងនំប៉ុន្តែមិនដឹងថាការជជែកគ្នានោះមានន័យអ្វីទេព្រោះជាភាសាចិន។ បន្ទាប់ពីជជែកគ្នាបានមួយសន្ទុះស្រាប់តែគេឃើញអ្នកទាំង ៤ នាក់ ប្រតាយប្រតប់គ្នារត់ពេញក្នុងហាងនំ និងអ្នកខ្លះមានកាន់កាំបិតទំហ៊ំប៉ុន ២ ទៅ ៣ ម្រាមដៃដេញចាក់គ្នា។
មន្រ្តីបន្តថា ពេលនោះគេឃើញអ្នកខ្លះត្រូវបានចាក់នឹងកាំបិតមានហូរឈាម និងបុរសរងគ្រោះម្នាក់ (អ្នកស្លាប់) ប្រហែលជាត្រូវរបួសធ្ងន់បានដួលដេកនៅលើកំរាលឥដ្ឋហើយមួយសន្ទុះសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុបានចុះដល់កន្លែងកើតហេតុបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ។
មន្រ្តីរូបនោះបន្តថា ក្រោយកើតហេតុសមត្ថកិច្ចបានពិនិត្យលើជនរងគ្រោះដោយអ្នកស្លាប់ត្រូវគេចាក់ ២ កាំបិតចំពោះខណៈជនទាំង ៣ នាក់ទៀតត្រូវចាក់ចំដងខ្លួន និងត្រូវចំក្បាលពោះ។
ទោះយ៉ាងណា បើតាមលោកស្នងការរងប្រាប់ថាហេតុការណ៍មិនមានជនល្មើសផ្សេងទេ ពោលគឺពួកគេទាំង ៤ នាក់ បង្កហេតុជាមួយគ្នាហើយចំពោះការអនុវត្តការងារបន្តយ៉ាងណានោះរង់ចាំជនទាំង ៣ នាក់ជាសះស្បើយពីជំងឺសិន៕