ភ្នំពេញ/ស្ទឹងត្រែងៈ បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប និង​ចាប់បាន​ជាមួយ​គ្រឿងញៀន​ជិត​ ៤០ ​គីឡូក្រាម​ កាលពី​ថ្ងៃទី​ ២ ខែ​តុលា​ នៅ​ទីតាំង​ខុនដូ​មួយកន្លែង​ក្នុង​សង្កាត់​ទន្លេបាសាក់ រាជធានី​ភ្នំពេញ ខណៈ​បុរស​ជនជាតិ​ឡាវ​ម្នាក់ទៀត​ត្រូវបាន​ចាប់ខ្លួន​នា​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ​នៅ​ខេត្ត​ស្ទឹងត្រែង​ជាមួយ​គ្រឿងញៀន​ ៣ ​គីឡូក្រាម​ ដែល​សមត្ថកិច្ច​កំពុង​បន្ត​សាកសួរ​បុរស​ឡាវ​រូបនេះ​ពី​ម្សិលមិញ​។

លោក​ មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ល្ងាចម្សិលមិញ​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​បាន​បង្ក្រាប​ចាប់​បុរស​ជាតិ​ចិន​ម្នាក់​ជាមួយ​គ្រឿងញៀន​ជិត​ ៤០ ​គីឡូក្រាម​ នៅ​ទីតាំង​ខុនដូ​មួយកន្លែង​ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។

លោក​បញ្ជាក់ថា បុរស​ជនសង្ស័យ​ឈ្មោះ YUN LIANFU អាយុ​ ៥១ ​ឆ្នាំ ជា​ជនជាតិ​ចិន​។ ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​ចំនួន​ ៣៩ កញ្ចប់​ធំ ​ដែល​មាន​ទម្ងន់​ ៣៩ ​គីឡូក្រាម​។

លោក​បាន​បញ្ជាក់ថា​៖ «​ចំពោះ​សំណុំ​រឿងនេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​នីតិវិធី​សាកសួរ​ និង​ស្រាវជ្រាវ​រក​ជន​ពាក់ព័ន្ធ ព្រោះ​ជនសង្ស័យ​ម្នាក់ឯង​មិនអាច​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​គ្រឿងញៀន​ដ៏ធំ​បែបនេះ​នោះទេ​។ ដូច្នេះ​យើង​ត្រូវ​ស្រាវជ្រាវ​រក​មេខ្លោង និង​ក្រុម​បក្ខពួក​ព្រមទាំង​ខ្សែបណ្ដាញ​របស់​ពួកគេ ដើម្បី​បង្ក្រាប​ចាប់​យក​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​»​។

លោក​បាន​បន្តថា​នៅពេល​នេះ​ជនសង្ស័យ​ និង​ថ្នាំញៀន​ជិត​ ៤០ ​គីឡូក្រាម​នោះ​ កំពុង​ស្ថិត​ក្រោម​ការសាកសួរ និង​ត្រួតពិនិត្យ​ដោយ​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​។

លោក ដុសវណ្ណា វឌ្ឍនៈ នាយការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​ (​ក​៩) ​នៃ​ស្នងការដ្ឋាន​ខេត្ត​​ស្ទឹងត្រែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា មេខ្លោង​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ជនជាតិ​ឡាវ​ខាងលើ​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ «​ក​៩» ​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដោយ​បង្ក្រាប​បាន​គ្រឿងញៀន​ ៣ ​គីឡូក្រាម​។

លោក​ថ្លែងថា បច្ចុប្បន្ន​នគរបាល​ជំនាញ​កំពុង​បន្ដ​សាកសួរ​ជនសង្ស័យ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ស្ទឹងត្រែង​នៅ​​ឡើយ ខណៈ​ជនសង្ស័យ​រូបនេះ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​​ថ្មី​ដែល​សមត្ថកិច្ច​ទើប​ស្រាវជ្រាវ​ចាប់បាន​។

លោក​ថា​៖ «​យើង​កំពុង​បន្ដ​សាកសួរ​ជនសង្ស័យ​។ ក្រោយពេល​ឃាត់ខ្លួន​យើង​រឹបអូស​បាន​សារធាតុ​ញៀន​ប្រភេទ​មេតំហ្វេតាមីន​ចំនួន​ ៣ ​កញ្ចប់​ធំ​ មាន​ទម្ងន់​ប្រហែល​ ៣ ​គីឡូក្រាម និង​ទូរស័ព្ទ​​ ២ ​គ្រឿង​។ ក្នុងពេល​ប្រតិបត្ដិ​នេះ​ក៏មាន​បក្ខពួក​ជនសង្ស័យ​មួយ​ចំនួន​ទៀត​ដែរ ប៉ុន្ដែ​ពួកគេ​បាន​រត់​រួច​»​។

លោក​ ដុសវណ្ណា វឌ្ឍនៈ បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ខាងលើ​មានឈ្មោះ សា វី អាយុ​ ៣៥ ​ឆ្នាំ​ ជនជាតិ​ឡាវ​មុខរបរ​កសិករ​រស់នៅ​ភូមិ​ឡាក់សៅ ស្រុក​ខាំកឺប ខេត្ត​បូលីខាំសៃ ប្រទេស​ឡាវ​។

លោក​ ចែម ផានិត ប្រធាន​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​ខេត្ត​ស្ទឹងត្រែង​បញ្ជាក់ថា​៖ «​យើង​កំពុង​បន្ដ​សាកសួរ​ជនសង្ស័យ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ស្ទឹងត្រែង​មិនទាន់​បញ្ចប់​ទេ​។ ជនសង្ស័យ​នេះ​បាន​នាំ​ថ្នាំញៀន​មក​ក្នុង​សកម្មភាព​ជួញដូរ​»​។

តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​បង្ហាញថា ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​ (​ថ្ងៃទី​ ១ ខែ​ មករា ដល់​ថ្ងៃទី​ ៣០ ខែ​ មិថុនា ឆ្នាំ​​ ២០១៩) ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ ៤ ១៧៥ ​ករណី​ ដែល​កើន​លើស​ ៣៣៧ ​ករណី​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ដែល​មាន ៣ ៨៣៨ ករណី​។ ​ក្នុង​នោះ​មាន​ករណី​ជួញដូរ​រក្សាទុក ២ ៥៣១ ​ករណី ករណី​ប្រើប្រាស់​ ១ ៦២៤ ​ករណី​ ការដាំដុះ​ចំនួន ១៩ ​ករណី និង​ផលិត​កែច្នៃ​ ១ ​ករណី​។

ដោយឡែក​ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ឆមាស​ទី​ ១ ​នេះ​មាន​ចំនួន ៨ ៩១១ ​នាក់​ ក្នុង​នោះ​មាន​ស្រី​ ៦៦៤ ​នាក់​ កើន​លើស ១ ៣៣១ ​នាក់​ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​​ឆ្នាំមុន​ដែលមាន​តែ ៧ ៥៨០ ​នាក់​។ ក្នុងចំណោម​នោះ​មាន​​ជនជាតិខ្មែរ ៨ ៧២៤ ​នាក់ ស្រី ៦២៤​ នាក់ និង​ជនបរទេស ១៨៧ ​នាក់ ស្រី​ ៤០ ​នាក់​។ នេះ​បើតាម​របាយការណ៍​ដដែល​។

របាយការណ៍​ដដែល​បាន​បញ្ជាក់ថា ចំពោះ​គ្រឿងញៀន​ដែល​បង្ក្រាប​បាន​ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​មាន​ចំនួន​ជាង​ ៣៤១ ​គីឡូក្រាម​ កើន​លើស​ច្រើន​ជាង​ទ្វេដង​បើ​ធៀប​នឹង​ឆ្នាំមុន​ដែលមាន​ត្រឹមតែ​ ១៤៥ ​គីឡូក្រាម​៕