សៀមរាបៈ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានចាប់បុរសជនជាតិចិន ២ នាក់ ត្រូវបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបកាលពីម្សិលមិញ ក្រោយពីលួចកាច់សោ ក ម៉ូតូហើយគេចខ្លួន។
លោក ហង្ស សុផាភារម្យ នាយការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាបបានឲ្យដឹងកាលពីម្សិលមិញថា ជនសង្ស័យជាជនជាតិចិនទាំង ២ នាក់ឈ្មោះ លាំង ហិន អាយុ ៣២ ឆ្នាំមុខរបរមិនពិតប្រាកដ និងទី២ ឈ្មោះ វ៉េ យ៉ាងស៊ី អាយុ ៣២ ឆ្នាំ។
លោកឲ្យដឹងថា សម្ភារដែលសមត្ថកិច្ចដកហូតបានពីពួកគេមានម៉ូតូម៉ាក ឃ្លីក ១ គ្រឿង គ្មានស្លាកលេខ (របស់ជនរងគ្រោះ), សោសម្រាប់កាច់ ក ម៉ូតូចំនួន ៣, ដែកស្បែងចំនួន ៦ កំណាត់, ម៉ាស៊ីនឆូតកាតចំនួន ១ គ្រឿង, ឧបករណ៍សម្រាប់រាវរកលោហៈធាតុចំនួន ១។
លោកថ្លែងប្រាប់ថា៖ «សម្ភារឧបករណ៍ទាំងនោះពួកគេប្រាប់ថា រើសបាន ហើយពួកគេសារភាពថាបានលួចតែម៉ូតូមែន»។
លោក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាបប្រាប់ពីថ្ងៃទី ២០ វិច្ឆិកា ថាការចាប់ខ្លួនធ្វើឡើងក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះជាម្ចាស់ម៉ូតូ ហើយម្ចាស់ម៉ូតូបានឲ្យដឹងថា មានបុរសជាជនជាតិថៃម្នាក់បានជួលម៉ូតូរបស់គាត់ ១ គ្រឿងជិះ។ បន្ទាប់ពីបុរសជនជាតិថៃរូបនោះជិះបានប៉ុន្មានម៉ោងមក គាត់បានចតម៉ូតូដោយមានចាក់សោត្រឹមត្រូវផង តែត្រូវជនសង្ស័យដែលជាជនជាតិចិនទាំង ២ នាក់លួចម៉ូតូនោះបាត់៕