ភ្នំពេញៈ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបាននិងកំពុងធ្វើប្រតិបត្តិការបង្ក្រាបលើករណីបុរសជនជាតិចិនមួយក្រុមចាប់ពង្រត់ស្រ្តីជនជាតិចិនដូចគ្នាចំនួន ៥ នាក់ សេពសន្ថវៈ និងជំរិតយកលុយកាលពីយប់ថ្ងៃទី ២០ មេសា ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពតដោយប្រតិបត្តិការនេះបុរសជនជាតិចិន ៣ នាក់ ត្រូវបានចាប់ខ្លួន និង ២ នាក់ទៀត សមត្ថកិច្ចកំពុងបន្តស្វែងរក។
លោក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថារឿងបុរសជនជាតិចិនមួយក្រុមចាប់ពង្រត់ក្រុមស្រ្តីជនជាតិចិនដូចគ្នានោះពេលនេះសមត្ថកិច្ចរបស់លោកកំពុងប្រតិបត្តិការបង្ក្រាបលើករណីនេះហើយប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតពីលទ្ធផលនៃការបង្រ្កាបនេះទេ។
លោកថ្លែងថា៖ «រឿងនេះខាងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងកំពុងបន្តប្រតិបត្តិការហើយ។ នៅពេលនាយកដ្ឋានខ្ញុំធ្វើកិច្ចការនេះចប់នឹងធ្វើរបាយការណ៍ទៅអគ្គស្នងការនគរបាលជាតិហើយភ្នំពេញប៉ុស្តិ៍ចាំសួរអ្នកនាំពាក្យនៅអគ្គស្នងការដ្ឋាននគរបាល»។
ទោះយ៉ាងណាបើយោងតាមរបាយការណ៍សមត្ថកិច្ចបង្ហាញថារហូតមកដល់ថ្ងៃទី ២២ មេសាឆ្នាំ ២០១៩ នេះ សមត្ថកិច្ច បានចាប់ខ្លួនបុរសជនជាតិចិនបាន ៣ នាក់ហើយក្នុងចំណោម៥នាក់ដែលរួមមានទី១ ឈ្មោះGuo Yuwei អាយុ ៣១ ឆ្នាំ ទី២ ឈ្មោះ Li Xiaoxiang អាយុ ២៧ ឆ្នាំ និង ឈ្មោះ Li Hongjie អាយុ ៣២ ឆ្នាំ ឯជនសង្ស័យជាជនជាតិចិន ២ នាក់ទៀតកំពុងរត់គេចខ្លួន។
ចំពោះវត្ថុតាង សមត្ថកិច្ចដកហូតបានទូរស័ព្ទដៃ ១ គ្រឿង ជារបស់ជនរងគ្រោះ រថយន្តម៉ាក Starex ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AX-8067 ជា រថយន្តធ្វើសកម្មភាព។ ជាមួយគ្នានេះដែរសមត្ថកិច្ចរំដោះបាននារីជនជាតិចិន ២ នាក់នៅខេត្តព្រះសីហនុ។
របាយការណ៍របស់នាយកដ្ឋានព្រហ្មទណ្ឌ បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសជនជាតិចិន ១ ក្រុមមានគ្នា ៥ នាក់ នាំនារីរងគ្រោះយកមកពីហាងបាយយីហោ «ថាងទីង» ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងបានចូលច្រៀងខារ៉ាអូខេយីហោតុងហ្វាំងម៉េងជូ។
ក្រុមជនសង្ស័យ បានបើករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ គ្មានស្លាកលេខ ដឹកនារីរងគ្រោះចេញពីភ្នំពេញឡើងភ្នំ (អត់ស្គាល់) រួចដកយកប្រាក់ពីនារីរងគ្រោះផ្ទេរតាមទូរស័ព្ទ (WeChat) សរុបនារីទាំង ៥ នាក់ ជាង ៤ ពាន់ដុល្លារ។
បន្ទាប់មក ពួកគេបានចាប់នារីរងគ្រោះរំលោភសេពសន្ថវៈ ក្នុងរថយន្ត។ជនសង្ស័យបានមកដល់ក្រុងកំពត នៅម៉ោងប្រមាណជា ៥ ភ្លឺ ហើយជនសង្ស័យ ក៏បានទាញជនរងគ្រោះចេញពីរថយន្តចំនួន៣នាក់មាន Xiang kai pi, Chen Sihong និង Huang Shuang Giong រីឯនារីរងគ្រោះ peng Lin hui និង Hua. Na ត្រូវបានជនសង្ស័យ យកទៅជាមួយពួកគេ ដែលរថយន្តនោះ បានបើកតាមបណ្តោយមាត់ព្រែកឆ្ពោះទៅទិសខាងជើងសំដៅទៅស្ពានថ្មី រហូតមានការចាប់ខ្លួនបាននៅក្រុងព្រះសីហនុ។
បើតាមរបាយការណ៍ដដែល រវាងជនសង្ស័យ និងជនរងគ្រោះ ពួកគេស្គាល់គ្នាតាមរយៈ WeChat ហើយមុនកើតហេតុ ជនសង្ស័យបានណាត់ជនរងគ្រោះ មកហូបបាយនៅហាងថាងទីង៕