ភ្នំពេញៈ ក្រសួង​សុខាភិបាល​បានប្រកាស​នៅ​ថ្ងៃ​ម្សិលមិញ​ពី​ករណី​បុរស​ជនជាតិខ្មែរ​អាយុ ៥០ ​ឆ្នាំ​ម្នាក់​ ដែល​បានទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ ១៩​ ជា​លើកដំបូង​នៅ​កម្ពុជា​ ដែល​ការស្លាប់​របស់​បុរស​រូប​នេះ គឺ​បន្ទាប់ពី​គាត់​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់​រយៈពេល​ជាង​ ១០ ​ថ្ងៃ ខណៈ​អ្នក​កំពុង​សម្រាក​ព្យាបាល​សរុប​មាន​ចំនួន ៥៦៥ ​នាក់​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ឱ្យ​ដឹងថា​៖ «​នា​ថ្ងៃទី​ ១១ ខែមីនា វេលា​ម៉ោង ១០:៤០ នាទី​ព្រឹក​មាន​បុរស​ជនជាតិខ្មែរ​ម្នាក់ អាយុ ៥០ ​ឆ្នាំ​បានទទួល​មរណភាព ដោយសារ​ជំងឺ​កូវីដ​ ១៩​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ ដែល​ជា​ករណី​ស្លាប់​លើកដំបូង​នៅ​កម្ពុជា​»​។ ជនរងគ្រោះ​រូបនេះ​មាន​លំនៅ​ក្នុង​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​ថៅកែ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។

ក្រសួង​បញ្ជាក់ថា សព​បុរស​រូបនេះ​ត្រូវបាន​រកឃើញ​មាន​ឆ្លង​វីរុស​កូវីដ​ ១៩ នៅ​ថ្ងៃទី​ ២៧ ខែ កុម្ភៈ ឆ្នាំ​ ២០២១ ដែលមាន​លទ្ធផល​បញ្ជាក់​ដោយ​មន្ទីរពិសោធន៍​​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​មិន​អាចទាក់ទង​ដើម្បី​សុំ​អត្ថាធិប្បាយ​ករណី​ខាងលើ​នេះ​បានទេ ប៉ុន្តែ​លោកស្រី​បាន​បញ្ជាក់​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​នឹង​ទូរទស្សន៍​ក្នុងស្រុក​មួយ​ពីថ្ងៃ​ម្សិលមិញ​ថា ពិតជា​មាន​បុរស​ជនជាតិខ្មែរ​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ​មែន​។ អ្នកជំងឺ​រូបនេះ​បាន​វិវត្ត​ទៅរក​សភាព​ធ្ងន់ធ្ងរ​នៅ​ថ្ងៃទី​ ៥ ខែមីនា ដែល​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យឃើញថា ស្ថានភាព​របស់គាត់​មិនល្អ​ដោយ​គាត់​មាន​អាការ​ហត់​ខ្លាំង​ក៏បាន​បញ្ជូន​គាត់​ពី​មណ្ឌល​សុខភាព​ចាក់អង្រែ​មក​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​។

លោកស្រី​ ឱ វណ្ណឌីន ថ្លែងថា​៖ «​ក្រុមគ្រូពេទ្យ​បាន​ធ្វើការ​ថត​សួត​របស់​គាត់​ហើយ​ឃើញថា សួត​របស់គាត់​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទាំង​សងខាង​ហើយ​នៅពេល​ដែលមាន​បញ្ហា​សួត​ទាំងសងខាង​ធ្វើ​ឱ្យ​គាត់​មាន​កង្វះ​នូវ​អុកស៊ីហ្ស៊ែន​ហើយ​ក្រុមគ្រូពេទ្យ​ក៏បាន​ព្យាយាម​ព្យាបាល​ និង​ជួយ​គាត់​អស់​លទ្ធភាព​តាម​ដែល​អាច​ធ្វើទៅ​បាន​ប៉ុន្តែ​មិន​អាចជួយ​សង្គ្រោះបាន​»​។

លោកស្រី​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការទទួល​មរណភាព​របស់​ជន​រងគ្រោះ​រូបនេះ​។ «​បច្ចុប្បន្ននេះ​អ្នកជំងឺ​មួយចំនួន​ទៀត​ស្ថិត​ក្នុង​ស្ថានភាព​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ដែរ​ទេ​ហើយ​ក្រុមគ្រូពេទ្យ​របស់​យើង​ក៏​កំពុងតែ​ខ្នះខ្នែង​នៅក្នុង​ការជួយ​សង្គ្រោះ​ពួកគាត់​ផងដែរ ប៉ុន្តែ​ស្ថានភាព​បែបណា​នោះ យើង​នឹង​បន្ត​ធ្វើការ​តាមដាន​ទៀត​»​។

អ្នកនាំពាក្យ​រូបនេះ​បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ត្រូវ​មើលស្រាល​លើ​ការវាយលុក​របស់​កូវីដ​ ១៩​ នោះទេ ពិសេស​កូវីដ​បំប្លែង​ខ្លួន​ថ្មី ហើយ​ស្ថានភាព​បច្ចុប្បន្ន​នេះ គឺជា​ស្ថានភាព​ដែល​គ្រប់គ្នា​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ហើយ​កុំ​ភ្លេច​ឱ្យសោះ​នូវ​វិធាន​សុខាភិបាល «៣ ​ការពារ និង​ ៣ ​កុំ​»​។

គួរបញ្ជាក់​ផងដែរ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​យប់​ថ្ងៃទី​ ១០ ខែមីនា បាន​ផ្ញើ​សារ​ជា​សំឡេង​ដោយ​បញ្ជា​ឱ្យ​ថ្នាក់ដឹកនាំ​នៃ​រាជធានី​-​ខេត្ត ទាំងអស់​ត្រូវ​ត្រៀម​រៀបចំ​ជា​មុន​នូវ​ទីកន្លែង​សម្រាប់​បូជាសព និង​បញ្ចុះសព​តាម​ប្រពៃណី​ទំនៀមទម្លាប់​របស់​ពលរដ្ឋ​កម្ពុជា​។

ជាមួយ​គ្នា​នេះ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​បញ្ជាក់ថា ការដែល​លោក​ត្រៀម​រៀបចំ​នូវ​កន្លែង​បូជាសព​ ឬ​កប់​សព និង​ការត្រៀម​ក្តារមឈូស​សម្រាប់​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ គឺ​មិនមែន​ជា​ការប្រមាថ​ជីវិត​របស់​ពលរដ្ឋ​ទេ ប៉ុន្តែ​ជា​ការគោរព​ទៅដល់​ប្រជាជន​នៅពេល​ដែល​មាន​ឧបសគ្គ​កើតមានឡើង​។

លោក​ ហ៊ុន សែន បាន​ស្នើឱ្យ​រាជធានី-ខេត្ត​ទាំងអស់​រៀបចំ​នូវ​កន្លែង​បញ្ចុះសព​ និង​ប៉ាឆា​បូជាសព​ដែល​លោក​បាន​យល់ព្រម​ឱ្យ​មាន​ការប្រារព្ធ​ពិធី​តាម​ទំនៀមទម្លាប់​របស់​ប្រជាពលរដ្ឋ​នៅពេល​មាន​សមាជិក​គ្រួសារ​ស្លាប់​។

លោក​ថ្លែងថា​៖ «​ការរៀប​ចំនេះ​ គឺ​ការត្រៀម​ទុកជាមុន​ដែល​ខុស​ពី​អ្វីដែល​មនុស្ស​ ១ ​ក្រុម​បែរជា​និយាយថា ​ការដែល​ខ្ញុំ​ត្រៀម​រៀបចំ​ដូចនេះ​ជា​ការប្រមាថ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ទៅវិញ​។ តែ​ខ្ញុំ​សុំ​ជម្រាប​ថា ខ្ញុំ​មិន​បាន​ប្រមាថ​ជីវិត​របស់​ប្រជាពលរដ្ឋ​ណា​ទេ​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្ថែមថា​៖ «​ប៉ុន្តែ​ផ្ទុយទៅវិញ នេះ​ជា​ការគោរព​ទៅដល់​ប្រជាជន​នៅពេល​ដែល​មាន​ឧបសគ្គ​កើតឡើង​ទាក់ទិន​ជាមួយ​នឹង​មរណភាព​របស់​អ្នកជំងឺ​កូវីដ​១៩​ដែល​យើង​មិនត្រូវ​បាត់​ម្ចាស់ការ​ហើយ​នាំទៅដល់​ការចម្លង​មេរោគ​ទៅកាន់​ក្រុមគ្រួសារ និង​អ្នកដទៃ​នោះទេ​»​។

លោក​ ហ៊ុន សែន បាន​ពន្យល់​ទៀតថា នៅក្នុង​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ភាគច្រើន​នៅពេល​ដែល​មាន​ឪពុកម្តាយ​ចាស់​តែងតែ​ធ្វើ​ក្តារ​មឈូស​ទុក​ជូន​ពួកគាត់ និង​តែងតែ​ធ្វើ​ចេតិយ​ទុក​មុន​ពេលដែល​ពួកគាត់​ស្លាប់​ទៀត​។ តើ​នោះ​ជា​ការប្រមាថ​ចំពោះ​ជីវិត​របស់​ឪពុកម្តាយ​ដែរឬទេ​?»​។

ទន្ទឹមនឹង​នេះដែរ លោក​នាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​សណ្ឋាគារ​ ២ ​បន្ថែមទៀត ដើម្បី​ដាក់​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩ និង​ស្នើឱ្យ​ក្រុមគ្រូពេទ្យ​ទាហាន​ចេញ​អន្តរាគមន៍​ជួយ​គ្រូពេទ្យ​ស៊ីវិល​ ខណៈ​អ្នកជំងឺ​កូវីដ​១៩​មាន​ការកើនឡើង ព្រមទាំង​អ្នកជំងឺ​ផ្សេងៗ​ផងដែរ​។

ដោយមាន​ការបារម្ភ​ពី​ការកើនឡើង​នូវ​អ្នក​ឆ្លង​ជំងឺ​កូវីដ ​១៩​ និង​ជំងឺ​ផ្សេងៗ​ទៀត លោក​ក៏បាន​បញ្ជា​ឱ្យ​សាលា​រាជធានី​ភ្នំពេញ និង​មេបញ្ជាការ​កងទ័ព​ជើងគោក​រៀប​ទីតាំង​សម្រាប់​ព្យាបាល​ ២ ​បន្ថែមទៀត​ដោយ​យក​សណ្ឋាគារ ធ្វើ​ជា​ទីកន្លែង​រៀបចំ​ដែល​អាចមាន​ប្រមាណ​ ២០០ ​បន្ទប់​ ឬ​អាច​លើស​នេះ​។ «​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​នឹង​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បញ្ចេញ​ពេទ្យ​កងទ័ព​ដើម្បី​ជួយ​ដល់​គ្រូពេទ្យ​ស៊ីវិល​។ ខាង​កងទ័ព​ក៏បាន​រៀបចំ​ ៣០ ​ក្រុម​នៃ​ក្រុម​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ដើម្បី​ជួយ​ដល់​ផ្នែក​ស៊ីវិល​»​។

លោក ហ៊ុន សែន បាន​បន្តថា នៅពេល​ដែល​មន្ទីរពេទ្យ​ ២ ​នេះ​បាន​បង្កើតឡើង គឺ​ត្រូវ​ប្រគល់​ឱ្យ​ពេទ្យ​កងទ័ព​ជា​អ្នករៀបចំ និង​គ្រប់គ្រង​តែម្តង និង​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ហើយ​កម្លាំង​សល់​ក៏​នឹងត្រូវ​ត្រៀម​ទៅតាម​គោលដៅ​ដែលមាន​ហានិភ័យ​ខ្ពស់​។

លោក​ ឃួង ស្រេង អភិបាលក្រុង​ភ្នំពេញ​ថ្លែង​ពី​ម្សិលមិញ​ថា លោក​កំពុង​មាន​ជម្រើស​ ៣ ​ទៅ​ ៤ ​សណ្ឋាគារ​សម្រាប់​រៀបចំ​ជា​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩​។ «​ខ្ញុំ​មិន​ចាំ​ឈ្មោះ​សណ្ឋាគារ​ដែល​យើង​នឹង​ធ្វើការ​សម្រេចយក​នោះទេ ដោយ​ក្នុងនោះ​មាន​នៅ​ប្លុក​ត្រឡោកបែក​ក្នុង​ខណ្ឌទួលគោក​ដែលមាន​ ៤៥ ​បន្ទប់ ១ ​ទៀត​នៅ​ប្លុក​បាមាន់ចែ​មាន​ ១៣៥ ​បន្ទប់ និង​ទី​ ៣ ​សណ្ឋាគារ​តូក្យូអ៊ីង​ដែល​មាន​ចំនួន​ ៣០០ ​បន្ទប់​»​។

ប៉ុន្តែ​លោក​ ឃួង ស្រេង បញ្ជាក់​ថា​គោលដៅ​សំខាន់​របស់​ក្រុមការងារ​គឺ​នៅ​ទីតាំង​ពេទ្យ​ក្នុង​សង្កាត់​ព្រៃស ខណ្ឌដង្កោ​ដែល​ជា​ទីតាំង​ពេទ្យ​ជំនាញ សម្រាប់​ព្យាបាល​អ្នក​ជំងឺ​ដែល​មាន​បន្ទប់​ និង​ឧបករណ៍​អុក​ស៊ីហ្ស៊ែន​ទៅតាម​បច្ចេកវិទ្យា​របស់​ក្រសួង​សុខាភិបាល​។

ក្រសួង​សុខាភិបាល​ពី​ម្សិលមិញ​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ​ចំនួន ៣៩ នាក់​បន្ថែម​ទៀត​ ដែល​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​ ដែល​ធ្វើឱ្យ​អ្នក​ឆ្លង​សរុប​កើនឡើង​ដល់​ ១ ១៦៣ នាក់​។ ប៉ុន្តែ​ក៏មាន​អ្នក​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៤៨ នាក់​ផងដែរ​។

បើតាម​ក្រសួង​សុខាភិបាល​អ្នក​ឆ្លង​ទាំងនេះ​មាន​នៅ​ភ្នំពេញ (២២ នាក់​) ព្រៃវែង​ (៦ នាក់​) ខេត្តកណ្ដាល​ (៩ នាក់​) ​បាត់ដំបង ​(១ ​នាក់​) និង​ខេត្ត​ព្រះសីហនុ​ចំនួន​ (១ ​នាក់​)​។ ក្នុង​នោះ​មាន​ជនជាតិ​ចិន ៧ ​នាក់​ ជនជាតិ​វៀតណាម ១ ​នាក់ និង​ជនជាតិ​កូរ៉េ ១ ​នាក់ រីឯ​ក្រៅពីនោះ​សុទ្ធតែជា​ជនជាតិខ្មែរ​។

ទន្ទឹមនឹងនេះ​ក្រសួង​រកឃើញ​អ្នកជា​សះស្បើយ​ ៤៨ ​នាក់​ ដោយ​អ្នក​ទាំងនេះ​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០ កុម្ភៈ​។ គិត​ត្រឹម​ថ្ងៃទី​ ១១ ខែមីនា កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូវីដ​សរុប​ ១ ១៦៣ ​នាក់​ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​មាន ៥៩៧ នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៥៦៥ ​នាក់​៕