ភ្នំពេញៈ បុរស​ជន​ជាតិ​ចិន​តៃ​វ៉ាន់​ម្នាក់ ត្រូវ​បាន​កម្លាំង​នគ​របាល​អន្តោ​ប្រវេសន៍​ និង កម្លាំង​នគរ​បាល​ការិយា​ល័យ ​(ក១)​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ​សហការ​ជាមួយ​កម្លាំង​គយ ​ប្រចាំ​ច្រកទ្វារ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំ​ពេញ ​ចាប់​ឃាត់​ខ្លួន​នៅថ្ងៃទី ២២ ខែតុលា​នេះ ពាក់​ព័ន្ធករណី​គ្រឿង​ញៀន​ជិត​២​គីឡូ​ក្រាម។

លោក​ មាស វីរិទ្ធ ​អ្នក​នាំពាក្យ​អាជ្ញាធរ​ប្រឆាំង​គ្រឿង​ញៀន ​បាន​ថ្លែង​ថា ​បុរស​ជន​ជាតិ​តៃវ៉ាន់​ឈ្មោះ ​YU WEI YI បាន​លាក់​គ្រឿង​ញៀន​ប្រភេទ​អាយស៍​មេតំ​ហ្វេតា​មីន សរុប​ចំនួន​១ ៩៩៤,៧២ ក្រាម ​ដោយ​ដាក់​ក្នុង​ថង់​ចំនួន៤​ ហើយ​បិទស្កុត​រុំជាប់​ភ្លៅ​ទាំង​សង​ខាង​និង​ដង​ខ្លួន​ បម្រុង​នាំ​ចេញ​ទៅ​កាន់​ទីក្រុង​ហុង​កុង​ប្រទេស​ចិន​ ដោយ​ធ្វើ​ដំណើ​តាម​ជើង​ហោះ​ហើរ​ HX370 ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​កម្ពុជា​ចាប់​ឃាត់​ខ្លួន​ ខណៈ​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​ត្រួត​ពិនិត្យ​នៃ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ។ ​

លោក​បញ្ជាក់​ថា​៖«ជន​សង្ស័យ​ ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​ភ្លាមៗ​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ ដើម្បី​សួរ​ចម្លើយ»។

បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ពី​លោក អ៊ិន សុង ​អនុ​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ករណី​ខាង​លើ​នេះ ​ជន​សង្ស័យ​អាច​មាន​បក្ខ​ពួក​មួយ​ចំនួន ​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​កម្ពុជា។

លោក​បាន​ថ្លែង​ថា​៖«នៅ​ពេល​នេះ​ ក្រុម​ស​មត្ថ​កិច្ច​យើង​កំពុង​សួរ​នាំ​ ជន​សង្ស័យ​ ដើម្បី​ស្វែង​រក​អត្ត​សញ្ញា​ណ​ ក្រុម​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ផ្សេង​ទៀត ​ដែល​នៅ​ពី​ក្រោយ​ករណី​នេះ​ ដើម្បី​ចំណាត់​ការ​តាម​នីតិ​វិធី​ច្បាប់»។

គួរ​បញ្ជាក់​ថា​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​កម្លាំង​សមត្ថ​កិច្ច​នគរ​បាល​កម្ពុជា បាន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ឆ្លង​ដែន ​ជា​ច្រើន​ករណី​ ដោយ​រឹប​អូស​វត្ថុ​តាង​គ្រឿង​ញៀន​រាប់​រយ​គីឡូ​ក្រាម និង ចាប់​បញ្ជូន​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ដែលជា​ជន​បរទេស​រាប់​សិប​នាក់ ដែល​ក្នុង​នោះ​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន​ ឡាវ ​នីហ្សេរីយ៉ា​ ហ្វីលីពីន​ វៀតណាម ​ថៃ ​និង ​ម៉ិកស៊ិក។ ​

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ ​ត្រូវ​បាន​លោកស្រី Naomi Binstead មន្រ្តី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​ស្ថាន​ទូត​អូស្រ្តាលី​ប្រចាំ​ទី​ក្រុង​ភ្នំពេញ ​លើក​សរ​សើរ​យ៉ាង​ខ្លាំង នៅ​ក្នុង​ជំនួប​ពិភាក្សា កាល​ពី​ម្សិល​មិញ ជា​មួយ​នាយ​ឧត្តម​សេនីយ៍ ​ម៉ក់ ជីតូ អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ។

លោកស្រី​ថ្លែង​ថា៖«ការ​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​បង្រ្កាប​គ្រឿង​ញៀន​របស់​រដ្ឋា​ភិបាល​កម្ពុជា​ គឺ​មាន​ប្រសិទ្ធ​ភាព​បំផុត»។

យោង​តាម​របាយ​ការណ៍​របស់​អាជ្ញាធរ​ជាតិ​បង្ក្រាប​គ្រឿង​ញៀន ​ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ ​បាន​ធ្វើ​ការ​ចាប់​ខ្លួន​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​រហូត​ដល់​ជាង​១២០០០នាក់ និង​រឹប​អូស​បាន​គ្រឿង​ញៀន​ជាង​ ៥០០​ គីឡូ​ក្រាម ។

នៅ​ក្នុង​ជំនួប​នោះ ​នគរ​បាល​ជាតិ​នៃ​ប្រទេស​កម្ពុជា ​និង អូស្ត្រាលី ​បាន​សន្យា​រួម​គ្នា​បន្ត​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ និង​គ្រឿង​ញៀន​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត ​ខណៈ​ប្រតិ​បត្តិ​ការ​រួម​គ្នា​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ទទួល​បាន​ជោគ​ជ័យ​គួរ​ជា​ទី​មោទនៈ​ដោយ​ចាប់​បាន​ឧក្រិដ្ឋ​ជន​ជា​ច្រើន​នាក់៕