ភ្នំពេញៈ មន្ត្រី​ថា បុរស​ជនជាតិ​ចិន​ដែល​មាន​ជំងឺ​រលាក​សួត​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ដែល​ជា​ករណី​រកឃើញ​ដំបូង​នៅ​កម្ពុជា​នឹងត្រូវ​ចេញ​ពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោយពី​ត្រូវ​បាន​ដាក់​ក្នុង​បន្ទប់​ដាច់​ដោយឡែក​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​អស់​រយៈពេល​ ១៤ ​ថ្ងៃ ដើម្បី​ព្យាបាល​ និង​តាមដាន​ពី​សុខភាព​។ សមាជិកគ្រួសារ​ ៣ ​នាក់​របស់​បុរស​ជនជាតិ​ចិន​រូបនេះ​ក៏​ត្រូវ​រួចផុត​ពី​ការតាមដាន​សុខភាព​នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ​។

លោក​ លី សូវ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់លោក​នៅ​ថ្ងៃ​ម្សិលមិញ​ថា​កម្ពុជា​មិនទាន់​បាន​រកឃើញ​មាន​ករណី​វីរុស​កូរ៉ូណា​បន្ថែម​នៅឡើយ​ទេ ក្រៅតែពី​ការរកឃើញ​ជនជាតិ​ចិន​ម្នាក់ ដែល​ឆ្លង​វីរុស​នេះ​ ១ ​ករណី​ កាលពី​ថ្ងៃទី​ ២៧ ​ខែ​មករា ​ដែល​ធ្វើដំណើរ​ជាមួយ​គ្រួសារ​ចំនួន​ ៣ ​នាក់​ ចេញពី​ទីក្រុង​វូហាន​តំបន់​កំពុង​ឆ្លង​រាលដាល​ខ្លាំង​បំផុត នៅក្នុង​ប្រទេស​ចិន​ចូល​មក​កាន់​ខេត្ត​ព្រះសីហនុ​។

លោក​សរសេរ​ថា​៖ «​អ្នកជំងឺ​រលាក​សួត​បង្កឡើង​ដោយ​មេរោគ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី គាត់​បានជា​សះស្បើយ និង​អនុញ្ញាត​ឱ្យ​គាត់​ចាកចេញ​ពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ចន្ទ​ទី​ ១០ ​កុម្ភ:​។ អ្នក​ប៉ះពាល់​កន្លែង​ផ្សេងៗ​គ្នា​ជាមួយ​អ្នកជំងឺ និង​អ្នកជិះ​យន្តហោះ​ជាមួយ​អ្នកជំងឺ​រហូត​ដល់​ពេល​នេះ អ្នក​ទាំងនោះ​ពុំ​មាន​អ្នកចេញ​រោគសញ្ញា​អ្វី​នៅ​ឡើយ​ដែរ​»​។

លោក​បន្តថា​៖ «​ពុំទាន់​រកឃើញ​ករណី​ជំងឺ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី​បន្ថែម​ទៀត​ទេ តែ​លទ្ធភាព​រកឃើញ​ករណី​បន្ថែម​ទៀត​នឹង​អាច​កើតមាន​ព្រោះ​ជំងឺ​នេះ​នៅ​តែ​បន្ត​រាតត្បាត​នៅ​ឡើយ នៅ​ទីក្រុង​វូហាន​ប្រទេស​ចិន​។ ក្រុម​ឆ្លើយតប​បន្ទាន់​ និង​ក្រុមគ្រូពេទ្យ​ដែល​បាន​បណ្តុះបណ្តាល​អំពី​ការឆ្លើយតប​ទៅ​នឹង​ជំងឺ​រាតត្បាត​ជាង ២ ០០០ ​នាក់ ​កំពុង​បន្ត​តាមដាន​រុករក​ករណី​សង្ស័យ​នៅ​ទូទាំង​ប្រទេស​»​។

លោក​បន្ថែម​ថា ក្រុមគ្រូពេទ្យ​តាម​ព្រំដែន​កំពុង​បន្ត​ឃ្លាំមើល​អ្នកដំណើរ​ចេញ​ចូល​គ្រប់​ច្រក​តាម​ព្រំដែន​គោក ថៃ ឡាវ វៀតណាម ផ្លូវ​សមុទ្រ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​ ៣ ដូចជា​នៅ​ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ​តាមរយ:​ម៉ាស៊ីន​ស្ទង់កម្តៅ និង​ពិនិត្យ​សុខភាព​។

បើ​តាម​លោក លី សូវ៉ាន់ ក្រៅ​នេះ​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​ដំណើរការ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើតេស្ដ​វត្ថុ​វិភាគ​ដែល​បាន​ផ្ញើ​មកពី​ទូទាំង​ប្រទេស ហើយ​ក្រសួង​សុខាភិបាល​ក៏​បាន​ត្រៀម​មន្ទីរពិសោធន៍​ ២ ​ទៀត​នៅក្នុង​ក្រសួងសុខាភិបាល ដើម្បី​ជំនួយ​ដល់​ការធ្វើ​តេស្ដ​រក​មេរោគ​វីរុស​កូរ៉ូណា​នេះ​។

លោក លី សូវ៉ាន់ មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​កាលពី​ម្សិលមិញ​៕

វីដេអូ៖