ព្រះសីហនុៈ បុរសជនជាតិចិនម្នាក់ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ និងបានប្រើហិង្សាបង្កឲ្យរងរបួសមធ្យម ហើយសមត្ថកិច្ចកំពុងត្រៀមបញ្ជូនទៅតុលាការ បន្ទាប់ពីបើកបររថយន្ដដោយមិនមានប័ណ្ណបើកបរ ហើយបង្កគ្រោះថ្នាក់បើកបុករថយន្ដ និងម៉ូតូចំនួន ៤ ករណីជាបន្ដបន្ទាប់រួចបន្ដបើករត់កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។
លោក ព្រុំ ពៅ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក ខេត្ដព្រះសីហនុប្រាប់ភ្នំពេញ ប៉ុស្ដិ៍ពីម្សិលមិញថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី ១៧ ខែវិច្ឆិកានេះ ដោយជនបង្កឈ្មោះ ZHEAR MING LUY ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូស៊ិនយ៉ុងលីស្នាក់នៅក្នុងភូមិ ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុបានបើកឡាន ១ គ្រឿង ម៉ាក HYUNDAI STARIX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2B-8018 ទៅបុកប៉ះនឹងរថយន្ត ១ គ្រឿងម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8189 បើកបរដោយឈ្មោះ ហេង ឡេង ភេទស្រី អាយុ ៣៦ ឆ្នាំស្នាក់នៅភូមិ ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ មានទិសដៅផ្ទុយគ្នារួចជនបង្កបន្ដបើករត់គេចខ្លួន។
លោកបន្ដថារថយន្តបង្កបានបើករត់ទៅបុកលើកទី ២ នឹងម៉ូតូចំនួន ២ គ្រឿងម៉ាក HONDA C125 និង ម៉ាក SMASH ឈប់ចតមុខផ្ទះ ម្ចាស់ឈ្មោះឡឹង ស្កូដាលីន ភេទស្រី អាយុ ៣៣ ឆ្នាំស្នាក់នៅភូមិ ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ហើយក៏បន្តបើករត់ទៅបុកលើកទី ៣ នឹងម៉ូតូ ១ គ្រឿងទៀតម៉ាក HONDA C100 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1B-1339 បើកបរដោយឈ្មោះ សៅ សុផារ៉ូ ភេទប្រុស អាយុ ៣០ ឆ្នាំស្នាក់នៅភូមិ ២ សង្កាត់លេខ ៣ ក្រុងព្រះសីហនុមានទិសដៅស្របគ្នា។
បន្ទាប់មករថយន្តបង្កបានបើករត់រហូតទៅបុកលើកទី ៤ នឹងរថយន្ត ១ គ្រឿងទៀតម៉ាក SIENNA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB-7572 ឈប់ចតលើផ្លូវ អ្នកបើកបរឈ្មោះ រស់ ឧត្តម ភេទប្រុស អាយុ ២៧ ឆ្នាំស្នាក់នៅភូមិ៣ សង្កាត់លេខ ២ ក្រុងព្រះសីហនុមានទិសដៅស្របគ្នារួចហើយរថយន្តបង្កក៏បានថយបុកកិនម៉ូតូ ១ គ្រឿងទៀតម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1H-6751 អ្នកបើកបរឈ្មោះ ម៉េត សុខន ភេទប្រុស អាយុ ២៨ ឆ្នាំ រួមដំណើរជាមួយឈ្មោះ ម៉េត មើត ភេទប្រុស អាយុ ២៤ ឆ្នាំអ្នកទាំង ២ ស្នាក់នៅភូមិ ២ សង្កាត់លេខ ២ ក្រុងព្រះសីហនុ មានទិសដៅស្របគ្នា។
លោក ពៅ បញ្ជាក់ថា៖ «ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កឈ្មោះ ZHEAR MING LUY ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់អូសចេញក្រៅរថយន្ត រួចហើយវាយដំបណ្តាលឲ្យរងរបួសមធ្យម។ ពេលសមត្ថកិច្ចទៅដល់ទើបឃាត់ប្រជាពលរដ្ឋ និងបញ្ចូនជនបង្កទៅព្យាបាលនៅមន្ទីរពេទ្យ ហើយរហូតមកដល់ពេលនេះ (ម្សិលមិញ) យើងបាននាំជនបង្កមកការិយាល័យនគរបាលចរាចរណ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាតាមនីតិវិធី»។
លោកឲ្យដឹងថាគ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសមនុស្សចំនួន ៣ នាក់ ១-ឈ្មោះ ម៉េត សុខន អ្នកបើកបរម៉ូតូ HONDA C125 រងរបួសស្រាល ២-ឈ្មោះ ម៉េត មើត អ្នករួមដំណើរលើម៉ូតូ HONDA C125 រងរបួសស្រាល។ ៣-ឈ្មោះ ZHEAR MING LUY ជនបង្កហេតុ រងរបួសមធ្យមបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោកបញ្ជាក់ថា៖ «ខ្ញុំសោកស្ដាយដែរព្រោះប្រជាពលរដ្ឋយើងខ្លះគាត់នៅមិនទាន់យល់ពីនីតិវិធីចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយពួកគាត់បានបង្កអំពើហិង្សាទៅលើជនបង្ក។ ករណីគ្រោះថ្នាក់ចរចរណ៍បែបនេះ បើពួកគាត់បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬដល់ថ្នាក់បាត់បង់ជីវិត ពួកគាត់នឹងប្រឈមមុខចំពោះមុខច្បាប់ បើមានករណីកើតហេតុ ឬចាប់បានជនបង្កត្រូវទុកឲ្យសមត្ថកិច្ចជាអ្នកដោះស្រាយ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្ដព្រះសីហនុពិតជាមានការកើតឡើងច្រើនឡើងនាពេលបច្ចុប្បន្ន ហើយភាគច្រើនបង្កឡើងដោយជនបរទេសដែលបើកបរដោយខ្លួនឯង និងគ្មានប័ណ្ណបើកបរ។
លោកស្រីបន្ដថា៖ «កាលពីមិនទាន់មានជនជាតិចិន ជនបរទេសផ្សេងៗ គេបើកបរដោយខ្លួនឯងដែរ តែបើកតែម៉ូតូទេ និងមិនសូវមានបង្កគ្រោះថ្នាក់ដូចពេលនេះទេ។ បច្ចុប្បន្ននេះជនបង្កភាគច្រើនគឺជាជនជាតិចិន ដែលជួល និងទិញរថយន្ដយកមកបើកបរដោយខ្លួនឯង ហើយមិនគោរពច្បាប់នោះទេ»។
លោកស្រីបន្ថែមថា៖ «ខ្ញុំសូមស្នើសុំដល់ប៉ូលិសដោយឲ្យពង្រឹងទៅលើច្បាប់ចរាចរណ៍ ដោយត្រួតពិនិត្យ ឆែកឆេរ នូវរាល់ការបើកបរដែលសង្ស័យថា មានការបើកបរដោយជនបរទេស ចំពោះប័ណ្ណបើកបរ។ មួយទៀតសូមសមត្ថកិច្ចទៅឲ្យបានទាន់ពេល ពេលមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដើម្បីទប់ស្កាត់បទល្មើស និងនាំខ្លួនជនបង្កទៅផ្ដន្ទាទោសតាមច្បាប់ ព្រោះកន្លងមកភាគច្រើនគ្រោះថ្នាក់ចរាចរណ៍ច្រើនតែមានការសម្របសម្រួលហើយរួចខ្លួន»។
តាំងពីមានជនជាតិចិន សម្រុកចូលមកខេត្តព្រះសីហនុកាន់តែច្រើនត្រូវបានគេសង្កេតឃើញថា ក្រៅពីគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនក៏មានបញ្ហាផ្សេងទៀតដូចជាជម្លោះវាយតប់ជាដើមដែលមួយរយៈនេះមិនសូវមានភ្ញៀវទេសចរទៅកម្សាន្តច្រើន៕