ស្ទឹងត្រែងៈ កម្លាំ​ង​នគរ​បាល​គ្រឿង​ញៀន​បាន​សហ​ការ​គ្នា ចាប់​បុរស​ជន​ជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ អាយុ​​ ៤៣ ឆ្នាំ​ ដោយ​បាន​សង្ស័យ​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​ជួញ​ដូរ​សារ​ធាតុ​ញៀន​ នៅ​ច្រក​ត្រពាំង​ក្រៀល ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ កាល​ពី​ថ្ងៃ​អាទិត្យ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ​និង​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​កាល​ពី​ថ្ងៃ​ម្សិលមិញ។

ស្ថាប័ន​ដដែលនេះ​បាន​ឲ្យ​ដឹង​ថា​​ នគរ​បាលបាន​​រក​ឃើ​ញ​សារ​ធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តាមីន​ ចំនួន​ ៤៤​ កញ្ចប់​ធំ​ និង​តូច​ ដែល​គា​ត់​បាន​ច្រក​នៅ​ក្នុង ​កញ្ចប់​នំ​គ្រប់​ប្រភេទ​ ​ក្នុង​កញ្ចប់​កាហ្វេ​ និង​កញ្ចប់​​ប្រដាប់​ប្រដា​ក្មេង​លេង។

លោក​ ចែម​ ផានិត​ ប្រធាន​ការិយា​ល័យ​បង្ក្រាប​គ្រឿងញៀន​​ខេត្ត​ស្ទឹង​ត្រែង​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​កាន់​អង្គភាព​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ ​ដើម្បី​ចំ​ណាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​ បន្ទាប់​ពី​ត្រូវ​បាន​ឃាត់​ខ្លួន​មួយ​យប់​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង៕