បន្ទាយមានជ័យ៖ បុរស​ម្នាក់​ដែល​ញៀន​គ្រឿង​ញឿន ឈ្មោះ ហួយ រតនា អាយុ​ជាង ៣០ ឆ្នាំ ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​បុរស​អនាថា​បណ្តាល​ឱ្យ​ស្លាប់ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត។

លោក ម៉ែន ភិរម្យ មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ១០ ខែ​ឧសភា នេះ​ថា យុវជន​ដែល​ជា​ជន​សង្ស័យ​ឈ្មោះ ហួយ រតនា ត្រូវ​បាន​បញ្ជូន​ទៅ​អយ្យការ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី ១០ ខែ​ឧសភា​នេះ ដើម្បី​អនុត្ត​នីតិវិធី​បន្ត បន្ទាប់​ពី​សាកសួរ​ និង​បញ្ចប់​ការ​កសាង​សំណុំ​រឿង​រួច​មក។

លោក ម៉ែន ភិរម្យ មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទេ ជុំវិញ​ករណី​នេះ ដោយ​ប្រាប់​ថា លោក​កំពុង​រវល់​ស្ថិតនៅ​គោលដៅ​ប៉ោយប៉ែត។ លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឱ្យ​ទាក់ទង​ទៅ​លោក យ៉ាន់ សុវណ្ណ មេ​បញ្ជាការ​កងរាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ ដើម្បី​ទទួលព័ត៌​មាន​លម្អិត។

ទោះ​យ៉ាងណា លោក យ៉ាន់ សុវណ្ណ ក៏​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ដែរ ដោយ​ប្រាប់​ថា កំពុង​បើក​រថយន្ត។

ប៉ុន្តែ​លោក សុវណ្ណ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា ជន​សង្ស័យ​ខាង​លើ​រស់នៅ​ភូមិ​អូរតាគាំម ២ ឃុំ​ទួលតាឯក ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង បាន​ប្រើ​ហិង្សា​វាយ​ទៅ​លើ​យុវជន​អនាថា​ម្នាក់​ (មិន​ស្គាល់​ឈ្មោះ) ភេទប្រុស អាយុ​ប្រហែល ៣៧ ឆ្នាំ ចំសៀត​ផ្កា​ខាង​ឆ្វេង​របួស​ធ្ងន់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ កាល​ពី​ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២១ នៅ​សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

លោក​ យ៉ាន់ សុវណ្ណ ថ្លែង​ថា៖ «ជន​សង្ស័យ​បែក​ថ្នាំ​នេះ គេ​បាន​ឃើញ​វត្តមាន​នៅ​ក្នុង​សួន​មានជ័យ​នេះ តាំង​ពី​ថ្ងៃទី ៧ ខែ​​ឧសភា​មក​ម៉្លេះ។ ជន​នេះ ជក់​ថ្នាំ​ញៀន​ផង ហិត​កាវ​ទៀត។ មាន​សតិ​ដូច​មនុស្ស​ឆ្កួត ដើរ​រក​រឿង​គេ​ពេញ​សួន​មានជ័យ​តែ​ម្តង។ គ្មាន​អ្នក​ហ៊ាន​តដៃ​នឹង​ជន​នេះ​ឡើយ»។

លោក តេង ម៉ៃ អ្នក​នាំពាក្យ​តំណាង​អយ្យការអម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា លោក​មិន​ទាន់​ទទួល​បាន​បណ្តឹង​ជុំវិញ​ករណី​នេះ​ទេ ដោយ​លោក​រង់ចាំ​សួរ​ខាង​រដ្ឋបាល​សិន។

ទោះ​ជា​យ៉ាងណា​លោក​ តេង ម៉ៃ បញ្ជាក់​ថា បើ​សិន​ជា​ខាង​កងរាជ​អាវុធហត្ថ​បញ្ជូន​មក​ព្រឹក​នេះ ប្រហែល​ជា​មិន​ទាន់​មក​ដល់​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «បន្ទាប់​ពី​ទទួល​បាន​ករណី​នេះ អយ្យការ​របស់​យើង​នឹង​ចាប់​ផ្តើម​ស៊ើប​អង្កេត​ជា​មុន​សិន​ថា ដូច​អ្វី​ដែល​ខាង​កងរាជអាវុហត្ថ​បាន​ធ្វើ​នៅ​ក្នុង​របាយការណ៍​នោះ​ដែរ​ទេ»៕