ភ្នំពេញៈ សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​បាន​ដោះលែង ឈ្មោះ រុំ ពិសិដ្ឋ អាយុ ៣១ ​ឆ្នាំ​ កាលពី​ថ្ងៃ​សៅរ៍​កន្លងមកនេះ ក្រោយពី​រកឃើញ​ថា មាន​សតិ​មិន​ប្រក្រតី​។ នេះ​បើ​យោងតាម​ម្ដាយ​របស់​បុរស​រូបនេះ​។

មន្ត្រី​នគរបាល​ខណ្ឌ​ដូនពេញ បាន​ឃាត់ខ្លួន ឈ្មោះ ​រុំ ពិសិដ្ឋ និង​បាន​សាកសួរ​គាត់​ពាក់ព័ន្ធ​នឹង​កណី​យក​ដុំថ្ម​គប់​ចូល​ទៅក្នុង​ភូមិគ្រឹះ​របស់​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ស្ថិត​នៅ​ជិត​វិមានឯករាជ្យ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​ ៨ ខែ​ មករា ឆ្នាំ​ ២០២០ ថ្មីៗ​កន្លងទៅនេះ​។

អ្នកស្រី ហ៊ាន ទៀង ដែល​ជា​ម្តាយ​របស់លោក រុំ ពិសិដ្ឋ បាន​ថ្លែង​ថា​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​បាន​សម្រេច​ធ្វើការ​ដោះលែង​កូន​របស់គាត់​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​គាត់​បង្ហាញ​លិខិត​របស់​គ្រូពេទ្យ​រោគចិត្ត មេភូមិ​ក្បាលកោះទៀវ និង​មេឃុំ​សំពៅពូន​នៃ​ស្រុក​កោះធំ​ដែល​​បាន​បញ្ជាក់ថា គាត់​ពិត​ជា​កើត​​មាន​ជំងឺសរសៃប្រសាទ​នោះ​ប្រាកដ​មែន​។

អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «​គាត់​​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​។ គេ​បាន​ទទួល​ស្គាល់​យើង​ថា មាន​ជំងឺ​ផ្លូវចិត្ត បន្ទាប់ពី​យើង​បាន​បង្ហាញ​លិខិត​របស់​លោក​គ្រូពេទ្យ​រោគចិត្ត និង​លោក​​មេភូមិ និង​លោក​មេឃុំ​។ យើង​មាន​អារម្មណ៍​ត្រេកអ​រណាស់​​នៅពេល​ដែល​គេ​លែង​។ ​អារម្មណ៍​គ្មាន​អ្វី​ប្រៀប​បានទេ យើង​មានឱកាស​យក​កូន​ទៅ​ព្យាបាល ដោយសារ​បើ​យើង​ទុកគាត់​នៅ​យូរ​ទៀត ជំងឺ​គាត់​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​»​។

អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ​ដែល​គាត់​យក​ដុំថ្ម​​តូចធំ​ជាច្រើន​ដុំ​គប់​ចូលក្នុង​ភូមិគ្រឹះ​របស់លោក ហ៊ុន សែន ​គឺ​ដោយ​គាត់​ចង់​ចូលជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ដោយ​ខ្លួន​គិតថា លោកនាយករដ្ឋមន្ត្រី​គឺជា​ព្រះឥន្ទ្រ ហើយ​ថា​កន្លង​ទៅ​កូន​របស់​អ្នកស្រី​ធ្លាប់​បាន​ទៅ​ភូមិគ្រឹះ​របស់​លោក ហ៊ុន សែន ជា​ច្រើនដង​ដើម្បី​សុំ​​ជួប​លោក​នាយក​រដ្ឋមន្ត្រី​តែ​ត្រូវបាន​អង្គរក្ស​មិន​ឲ្យ​ចូល​។

អ្នកស្រី​បាន​បញ្ជាក់​បន្ថែម​​ថា​៖ «​គាត់​បាន​ប្រាប់ថា គាត់​ចង់​ចូល​ជួប​សម្តេច ពីព្រោះ​គាត់​គិត​ថា​សម្តេច​គឺជា​ព្រះឥន្ទ្រ​ហើយ​គាត់​ថា មាន​តែ​សម្តេច​ទេ ដែល​គាត់​មិន​ទាន់​បាន​ជួប​»​។

អ្នកស្រី​ក៏បាន​សម្តែង​ការសោកស្តាយ​ដែល​កូន​របស់​​អ្នកស្រី​បាន​គប់​ដុំថ្ម​ចូល​ទៅ​​ក្នុង​ភូមិគ្រឹះ​របស់លោក ហ៊ុន សែន ហើយ​ថា អ្នកស្រី​នឹង​យក​គាត់​ទៅ​ទទួល​ការព្យាបាល​ជំងឺផ្លូវចិត្ត​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​បន្តទៀត បន្ទាប់ពី​គាត់​មាន​ជំងឺ​នេះ​អស់​ជាង ២ ​ឆ្នាំ​មកហើយ ។ ក្រោយមក​លោក រុំ ពិសិដ្ឋ បាន​លេបថ្នាំ​ព្យាបាល​ផ្លូវចិត្ត​បាន​ធូរស្រាល​វិញ ហើយ​ទើប​តែ​ជំងឺ​រើ​ឡើង​ធ្ងន់ធ្ងរ​ម្ដងទៀត​នៅ​ ២ ​ខែ​មុននេះ​។

លោក អំ ​សំអាត ​ប្រធាន​អ្នកស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​ថ្លែងថា ​ការដែល​សមត្ថកិច្ច​ដោះលែង​បុរស​នោះ​គឺជា​រឿង​ដែល​ត្រឹមត្រូវ និង​ល្អ​សម្រាប់​ក្រុមគ្រួសារ ដើម្បី​ឲ្យ​ក្រុមគ្រួសារ​មាន​ឱកាស​យក​គាត់​ទៅ​ព្យាបាល ៕