ភ្នំពេញៈ< បុរសម្នាក់ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខណ្ឌ ពោធិសែនជ័យ ឃាត់ខ្លួន នៅរសៀលថ្ងៃទី ២០ ខែមីនា បន្ទាប់ពីស្ត្រីជាប្រពន្ធ បានប្តឹងថា បុរសរូបនេះ បានប្រើអំពើហិង្សា និង ប្រើទារុណកម្មផ្លូវភេទលើខ្លួនថែមទាំងបង្ខំឲ្យខ្លួនអារប្រដាប់ភេទ។
លោក សើន កែវវន្នី មេបញ្ជការរងកងរាជអាវុធហត្ថខណ្ឌពោធិសែនជ័យទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បាននិយាយថា ៖ «យើងបានទទួលបណ្តឹងផ្ទាល់មាត់ពីស្ត្រីជាប្រពន្ធ»។
លោកថា លោកបានឃាត់ខ្លួនជនសង្ស័យរួចហើយ ហើយបានបញ្ជូនគាត់ទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
លោកបន្តថា ៖ «យើងសង្ស័យគាត់ប្រើអំពើហិង្សា និងប្រើប្រាស់គ្រឿងញៀន»។ បើតាមលោក កែវវន្នី ស្រ្តីជាប្រពន្ធ ឃើញមានស្នាមជាំ នៅលើឆ្អឹងជំនីរ និងនៅលើដៃ។ «វាជាបទលើ្មសជាក់ស្តែង អ៊ីចឹងហើយយើងក៏ឃាត់ខ្លួនគាត់ទៅ»។
លោក សេម កូម៉ុន ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា បុរសនោះ បានបង្ខំស្ត្រីជាប្រពន្ធឲ្យរួមភេទទាំងគេអត់ចង់។
លោកបានបន្តថា ៖ «គាត់បានបង្ខំស្ត្រីឲ្យអារប្រដាប់ភេទរបស់គាត់។ ប៉ុន្តែបើយោងតាមសម្តីរបស់ជនសង្ស័យ គាត់បានប្រាប់ថា គ្រាន់តែបង្ខំឲ្យអារប្រដាប់ភេទ ប៉ុន្តែជនរងគ្រោះ មិនទាន់បានអារទេ»។
ចំណែកចម្លើយជនរងគ្រោះវិញ លោកថា ៖ «ជនរងគ្រោះ ម្តងប្រាប់ថា បានអារ ម្តងថា មិនទាន់អារដោយសារមានការអៀនខ្មាស។ ជនសង្ស័យតែងតែប្រើហិង្សាមកលើជនរងគ្រោះជារឿយៗ។ ជនសង្ស័យជាមនុស្សញៀនថ្នាំ។ យើងនឹងបញ្ជួនគាត់ទៅតុលាការពីបទហិង្សាក្នុងគ្រួសារ»។
មានការអះអាងពីស្ត្រីជាប្រពន្ធថា ជនសង្ស័យ ថែមទាំងបានថតវីដេអូ នៅពេលរួមភេទ ប៉ុន្តែសមត្ថកិច្ច មិនបានរកឃើញថា មានការថតវីដេអូពេលរួមភេទទេ ឬបង្ហោះនៅក្នុងហ្វេសប៊ុកនោះឡើយ៕