ភ្នំពេញៈ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ទាត់​ក្មេង​ប្រុស​ម្នាក់​អាយុ ៤ ឆ្នាំ​រហូត​បាក់ឆ្អឹង​ដង​កាំបិត​កាល​ពី​ថ្ងៃ​ទី ២១ មករា​នៅ​ភូមិ​ដី​ថ្មី​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​​ភ្នំពេញ។

លោក ហួ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ ប្រាប់​កាលពី​ម្សិលមិញ​ថា បុរស​ជា​ជន​សង្ស័យ​ដែល​ទាត់​លើ​ក្មេង​បណ្តាល​ឲ្យ​បាក់​ឆ្អឹង​ដង​កាំបិត​ផ្នែក​ខាង​ធ្វេង​នោះ ឈ្មោះ ប៉ែន ចាន់​ត្រា អាយុ ៣៤ ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​កង់បី។ ចំណែក​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ហ៊េល ទេវា អាយុ ៤ ឆ្នាំ រស់​នៅ​ក្នុង​ភូមិ-សង្កាត់​កើត​ហេតុ​ខាង​លើ​ជាមួយ​ជន​សង្ស័យ​ដែរ។

លោក​ប្រាប់ថា៖ «បុរស​សង្ស័យសមត្ថកិច្ច​ខ្ញុំ​បាន​ឃាត់ខ្លួន​គាត់​ហើយ ហើយក៏​គ្រោង​នឹង​បញ្ជូន​គាត់​ទៅ​តុលាការ​នៅ​ថ្ងៃ​ស្អែក (ថ្ងៃ​ពុធ) នេះ​ដែរ ដើម្បី​ឲ្យ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវ​ច្បាប់​បន្ត​ទៀត»។

ករណី​នេះដែរ លោក ដួង វណ្ណៈ នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់គោក​ឃ្លាង​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា៖ «បុរស​នោះ​គាត់​បាន​ឆ្លើយថា​ការ​ទាត់​នេះ​ដោយសារ​ខឹង​ក្មេង​រង​គ្រោះ​រពឹស ចេះ​តែ​បេះ​នេះ​បេះ​នោះ​ធ្វើ​ឲ្យ​ខូច​របស់​របរ​គាត់ (ជន​សង្ស័យ)។ ប៉ុន្តែ​ក្មេង​រង​គ្រោះ​ត្រូវ​ឪពុកម្តាយ​របស់​គាត់​ឲ្យ​គ្រូពេទ្យ​ព្យាបាល​ហើយ»។

លោក​រំឭក​ប្រាប់ថា ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា​នេះ មុន​ឃាត់ខ្លួន​ជន​សង្ស័យ​គឺមាន​ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ភូមិ-សង្កាត់​ខាង​លើ បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​របស់​លោក។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​ហើយ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​យកមក​ប៉ុស្តិ៍​នគរបាល​គោក​ឃ្លាង​តែ​ម្តង។

ទាក់ទិន​នឹង​ការប្រើ​អំពើហិង្សា​លើ​អនីតិជន​រហូត​របួសធ្ងន់​បែបនេះ លោកស្រី មេធាវី លឹម ច័ន្ទ​លីដា បាន​ពន្យល់​ថា​ចំពោះ​អ្នក​ប្រព្រឹត្ត​ជា​មនុស្ស​ពេញ​វ័យ គឺ​ខុស​ច្បាប់​ហើយ ហើយ​ជន​នោះ​ត្រូវ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់។ ប៉ុន្តែ​ប្រសិន​បើ​ជន​នោះ​ព្រម​សង​សំណង​ទៅ​ឪពុក​ម្តាយ​ឬ​អាណា​ព្យាបាល​ក្មេង​រង​គ្រោះ​ហើយ​បើ​ភាគី​រងគ្រោះ​មិន​ប្តឹង​ទៅ​តុលាការ​នោះ​គឺ​អាស្រ័យ​លើ​ការ​សម្រុះ​សម្រួល​គ្នា​ណាមួយ​របស់​ពួកគេ។

លោកស្រី​បញ្ជាក់ថា៖ «ករណីនេះ បើ​និយាយ​ពី​ផ្លូវច្បាប់​គឺ​ជន​នោះ​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់ ហើយ​គាត់​ត្រូវ​តែ​មាន​ទោស​ទណ្ឌ​ទៅ​តាម​កម្រិត​នៃ​អំពើ​របស់​គាត់។ ការ​រស់​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​ប្រជាពលរដ្ឋ​តែង​តែ​មាន​មនោ​សញ្ចេតនា​រវាង​គ្នា​នឹង​គ្នា​អាច​ត្រឹម​ចេញ​ជា​សំណង​ដើម្បី​បញ្ចប់​រឿង​ក៏មាន។ ប៉ុន្តែ​ឧបមា​ថា រឿង​នេះ​ត្រូវ​បញ្ជូន​ដល់​តុលាការ ហើយ​ខាង​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​ដក​ពាក្យ​បណ្តឹង​វិញ​នោះ​តុលាការ​ក៏​អាច​ពិចារណា​រឿង​ទោស​ទណ្ឌ​ដែរ»៕

(កែសម្រួល ព្រុំ ភ័ក្ត្រ)