កណ្តាលៈ បុរស​ជនសង្ស័យ​ម្នាក់​កំពុង​ត្រូវបាន​នគរបាល​ខេត្តកណ្តាល​សាកសួរ ក្រោយពី​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​ ២ មករា ពាក់ព័ន្ធ​ករណី​បើករថយន្ត​បុក​បង្គោល​ភ្លើង​បាក់​ចំនួន​ ៣ ​ដើម​នៅ​ភូមិ​កំពង់ថ្កុល ឃុំ​សំពៅពូន ស្រុក​កោះធំ ហើយ​បាន​យក​កាំភ្លើង​ពី​ការិយាល័យ​សមត្ថកិច្ច​បាញ់​គំរាម​ចំនួន​ ៧ ​គ្រាប់​។

លោក​ ស៊ីម ឃាង អធិការ​នគរបាល​ស្រុក​កោះធំ​ប្រាប់​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ ពៅ ហុង ភេទ​ប្រុស អាយុ​ ២៧ ​ឆ្នាំ ​ជនជាតិ​ខ្មែរ មុខរបរ​ស៊ីឈ្នួល​បើកបរ​រថយន្ត​រស់នៅ​ភូមិ​កំពង់ពោធិ៍ ឃុំ​ក្រាំងយ៉ូវ ស្រុក​ស្អាង ខេត្តកណ្តាល ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​ ២ ខែ​មករា​នៅ​ទីតាំង​ខាងលើ​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​បញ្ជូន​ខ្លួន​ និង​កសាង​សំណុំរឿង​ទៅ​ស្នងការដ្ឋាន​ខេត្តកណ្ដាល​រួចរាល់​ហើយ​។ ខ្ញុំ​គិតថា មិនទាន់​បញ្ជូនទៅ​តុលាការ​ទេ ប្រហែល​មន្ត្រី​ជំនាញ​កំពុង​ធ្វើការ​សាកសួរ​នៅឡើយ​។ តែ​សំណុំ​រឿងនេះ​ផុតពី​ដែន​សមត្ថកិច្ច​ខ្ញុំ​ហើយ​។ ករណី​នេះ​អត់​មាន​អ្នករងរបួស​ទេ​»​។

លោក​ រឿន ណារ៉ា ស្នងការរង​នគរបាល​ខេត្ត​កណ្ដាល​ទទួល​ផែន​ព្រហ្មទណ្ឌ ឱ្យដឹងពី​ម្សិលមិញ​ថា​ជនសង្ស័យ​កំពុង​ត្រូវបាន​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​នៅឡើយ ដោយ​គ្រោង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃទី​ ៤ មករា​។

លោក​បញ្ជាក់ថា​៖ «​យើង​កំពុង​សាកសួរ​គាត់​សិន ហើយ​នៅ​រៀបចំ​ឯកសារ ឬ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់វិធានការ​បន្តទៀត​»​។

តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ឱ្យ​ដឹងពី​ម្សិលមិញ​ថា ជនល្មើស​បាន​បង្ក​ឱ្យ​ខូចខាត​សម្ភារ​ដូចជា បើកបរ​បុក​បង្គោល​ភ្លើង​ចំនួន​ ៣ ​ដើម​។ បន្ទាប់មក​បាន​បង្ក​ឱ្យ​ផ្ទុះអាវុធ​បែក​កញ្ចក់ទ្វារ​ ១ ​ផ្ទាំង បែក​កញ្ចក់​បង្អួច​ ១ ​ផ្ទាំង បែក​កញ្ចក់ ដាក់​លើ​តុ​ ១ ​ផ្ទាំង ខូចខាត​ទូ​ដាក់​ឯកសារ​ចំនួន​ ២ ខូចខាត​កុំព្យូទ័រ​ ១ ​គ្រឿង ខូចខាត​កន្លែង​ទុកដាក់​អាវុធ និង​ធ្លុះ​ដំបូល​ប៉ុស្តិ៍​រដ្ឋបាល​។

បើតាម​របាយការណ៍​ដដែល​គឺ​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​បើកឡាន​ធុន​ធំ​ ១ ​គ្រឿង ខណៈ​មក​ដល់​ចំណុច​ខាងលើ​ក៏​រេ​ចង្កូត​មក​បុក​បង្គោល​ភ្លើង​ ៣ ​ដើម និង​ដាច់​ខ្សែភ្លើង​ប្រមាណ​ ៦០ ​ម៉ែត្រ​នៅ​រសៀល​ថ្ងៃទី​ ២ មករា​។ បន្ទាប់មក​សមត្ថកិច្ច​បាន​ឃាត់​រថយន្ដ​ និង​ជនបង្ក​ទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សំពៅ​ពូន ដើម្បី​រង់ចាំ​ថៅកែ​ជា​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​ជួសជុល​ដាក់​បង្គោលភ្លើង និង​តភ្លើង​សាជាថ្មី​។

បើតាម​របាយការណ៍​នៅពេល​ថៅកែ​ម្ចាស់​រថយន្ត​ឈ្មោះ​ គង់ ជៀបឡេង ភេទ​ប្រុស អាយុ ៤០ ​ឆ្នាំ ​រស់នៅ​ភូមិ​ពេទ្យ​អរជូន ឃុំ​ទឹកវិល ស្រុក​ស្អាង​មក​ដល់​នៅ​ម៉ោង​ជិត​ ៣ ​រសៀល​ថ្ងៃទី​ ៣ ​មករា ​ក៏​បាន​សម្របសម្រួល​ដោះស្រាយ និង​យល់ព្រម​ជួសជុល​បង្គោល និង​តភ្លើង​ឡើងវិញ​។ ភ្លាមៗ​នោះ មន្ត្រីរដ្ឋបាល​ឃុំ មិន​បាន​ចាក់សោ​បន្ទប់​ដាក់​ឯកសារ និង​រក្សា​អាវុធ​ទេ ស្រាប់តែ​ជនបង្ក​បាន​រត់​ចូល​បន្ទប់ ដាក់​គន្លឹះទ្វារ​ពី​ខាង​ក្នុង​មិនឱ្យ​មាន​អ្នក​ចូល ខណៈ​នៅក្នុង​បន្ទប់​មាន​ឯកសារ​រដ្ឋបាល​ប៉ុស្ដិ៍ និង​អាវុធ AK ចំនួន​ ៣ ​ដើម​ដែល​មាន​គ្រាប់​ចំនួន​ ៩០ ​គ្រាប់​ក្នុង​នោះ AK ស្វាយ​កាត់​ ១ ​ដើម​។

របាយការណ៍​បន្តថា បន្ទាប់មក​សមត្ថកិច្ច​ និង​ថៅកែ​រថយន្ត​បាន​លួងលោម​ឱ្យ​ជនសង្ស័យ​បើកទ្វារ​ចេញ​មក​ក្រៅ​វិញ ប៉ុន្ដែ​រូបគេ​មិន​ព្រម​ចេញ​តាម​សំណូមពរ​ទេ​។ ដូច្នេះ​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​រាយការណ៍​ជូន​លោក​ ស៊ីម ឃាង អធិការ​នគរបាល​ស្រុក​កោះធំ ដើម្បី​មាន​គោលការណ៍​បន្ត​។ លុះដល់​ម៉ោង​ ៧ ​យប់ ជនសង្ស័យ​ក៏​បាន​យក​អាវុធ​របស់​ប៉ុស្តិ៍​នោះ​បាញ់​គំរាម​មកលើ​សមត្ថកិច្ច​នគរបាល​ជា​បន្តបន្ទាប់​អស់​ចំនួន​ ៣ ​គ្រាប់​។

ពេលនោះ​លោក​ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​មកដល់ ក្រោយមក​ជនសង្ស័យ​ក៏បាន​ផ្ទុះអាវុធ​បាញ់​ជា​បន្តបន្ទាប់​អស់​ ៤ ​គ្រាប់​បន្ថែមទៀត​។ រហូត​ដល់​ម៉ោង​ ១០ ​យប់​ទើប​សមត្ថកិច្ច​ជំនាញ​បាន​សម្រេច​ទម្លុះ​ទ្វារ​បាញ់កាំភ្លើង​ផ្សែង​បង្ហូរទឹកភ្នែក​ចូលក្នុង​បន្ទប់​នោះ​ទើប​ជនសង្ស័យ​រត់​ចេញ​មកក្រៅ សមត្ថកិច្ច​ចាប់ឃាត់​ខ្លួន​បាន​តែ​ម្ដង​៕