ព្រះ​វិហារៈ បុរស​ម្នាក់ក្នុងចំណោម​គ្នា ៤ នាក់​បាន​ស្លាប់ ក្រោយពី​បរិភោគ​សត្វ​ដង្កូវ​ដួង ដែល​ពួកគេ​បាន​ចាប់យក​ពី​គល់​ត្នោត​ពុកផុយ​មួយ​ដើម នៅក្នុង​ដីស្រែ​មួយ​កន្លែង​ ក្នុងភូមិ​សែន​គង់ ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី កាលពី​ថ្ងៃទី ២៤ ខែមករា។

លោក ជួន មឿ​ន អធិការ​ស្រុក​សង្គម​ថ្មី បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅ​ព្រឹក​ថ្ងៃទី ២៤ ខែ មករា​ ឆ្នាំ ២០២១ ជនរងគ្រោះ​ឈ្មោះ ម៉ៅ លាន អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សែន​គង់ ព្រមទាំង​អ្នកជិតខាង​របស់គាត់ ៣ នាក់​ផ្សេងទៀត រួមមាន​ឈ្មោះ ប៉ុយ វីន អាយុ​ ២៨​ ឆ្នាំ ឌឹ​ម សុភា អាយុ​ ១៥ ឆ្នាំ និង ប្រាជ្ញ ពិសី អាយុ ៩ ឆ្នាំ បាននាំគ្នា​យក​ពូថៅ​ទៅ​កាប់​ពុះ​ដើមត្នោត ដែល​ដួល​ពុកផុយ​នៅ​កណ្ដាល​វាលស្រែ ក្នុងភូមិ​របស់​ពួកគេ​ដើម្បី​ចាប់​ដង្កូវ​ដួង​មក​ធ្វើជា​ម្ហូបអាហារ។

លោក មឿ​ន បាន​បន្តថា តាម​ការរៀប​រាប់រប​ស់ជន​រងគ្រោះ ឈ្មោះ ប៉ុយ វីន នៅ​ព្រឹក​ថ្ងៃទី ២៤ ខែមករា ពួកគេ​ចាប់បាន​ដង្កូវ​ដួង​ពី​ក្នុង​ដើមត្នោត​ដែល​ពុកផុយ​នោះ បាន​ប្រមាណ ១ គីឡូក្រាម យកមក​លាង​សំអាត​ជាមួយ​ទឹកអំបិល ហើយ​បាន​យក​ទៅ​បំពង​ខ្លាញ់ ហូប​ជាមួយ​បាយ​នៅពេល​ល្ងាច។

២ម៉ោង​ក្រោយមក ពួកគេ​មាន​អាកា​រៈ វិលមុខ ឈឺក្បាល ចុកពោះ និង រាគរូស។ ភ្លាមៗនោះ ពួកគេ​បាននាំគ្នា​ឆុងតែ​ក្រូចឆ្មា​លាយ​ទឹកឃ្មុំ​ផឹក លើកលែងតែ​ឈ្មោះ ម៉ៅ លាន ម្នាក់​ប៉ុណ្ណោះ ដែល​មិន​ផឹក ហើយ​ប្រឹង​សម្ងំ​ដេក។

លុះដល់​ម៉ោង​ប្រមាណ ១២ យប់ ម៉ៅ លាន ចាប់ផ្ដើម​មាន​អាកា​រៈ​ចុកពោះ និង​រាគរូស​កាន់តែខ្លាំង ក៏ត្រូវ​ក្រុមគ្រួសារ ដឹក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​សង្គម​ថ្មី ប៉ុន្តែ​មិនទាន់​ដល់​មន្ទីរពេទ្យ​ផង ក៏បាន​ដាច់ខ្យល់​ស្លាប់​នៅតាម​ផ្លូវ​តែម្ដង។

លោក​មឿ​ន​បាន​បញ្ជាក់ថា៖ «យោងតាម​លទ្ធផល​កោស​ល​វិច័យ​របស់​គ្រូពេទ្យ​ជំនាញ និងការបញ្ជាក់​របស់​ប៉ុយ វីន និង​សាច់​ញាតិ​ជនរងគ្រោះ ការស្លាប់​របស់​ ម៉ៅ លាន គឺ​បណ្ដាលមកពី​បរិភោគ​សត្វ​ដង្កូវ​ដួង​ច្រើន​ពេក បណ្ដាល​ឲ្យ​ពុល​ស្លាប់»។

ទោះ​ជា​បែបណា​ក្ដី លោក សោម សួត មេភូមិ​សែន​គង់ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ដង្កូវ​ដួងជា​អាហារ​ដែលមាន​រស់ជាតិ​ឈ្ងុយ​ឆ្ងាញ់ ពិសេស​ដង្កូវ​ដួង​នៅក្នុង​ដើមត្នោត និង​ដើម​ដូង ហើយ​វា​មិន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​នោះទេ។

ប៉ុន្តែ​ដង្កូវ​ដួង ដែលមាន​នៅក្នុង​គុល​ឈើ ឬគំនរ​សំរាម​ពុកផុយ​មួយចំនួន ដែលមាន​ដុះ​រោម និងបង្កង់​ខ្លួន​ព័ណ៌​ក្រ​ម៉ៅ អាច​បង្ក​ឲ្យ​ពុល​ស្លាប់ ប្រសិនបើ​បរិភោគ​វា​ច្រើន​ហួសប្រមាណ។

លោកថ្លែង​ថា៖​ «ខ្ញុំ​ចូលចិត្ត​ហូប​ដង្កូវ​ដួងនៅក្នុង​ដើមត្នោត និង​ដើម​ដូង​ព្រោះ​វា​មាន​រស់ជាតិ​ឆ្ងាញ់ និង​មាន​កម្លាំង​មិន​ចាញ់​ហូប​សាច់​គោ​នោះទេ។ ពេលខ្លះ​ខ្ញុំ​ហូប​វា​ទាំង​ឆៅ​ក៏មាន វា​មិនដែល​បង្កបញ្ហា​ដល់​សុខ​ភាព​ខ្ញុំ​ឡើយ»។

បើតាម​លោក សោម សួត ការស្លាប់​របស់​លោក ម៉ៅ លាន អាច​បណ្ដាល​មក​ពី​បរិភោគ​ដង្កូវ​ដួង​ក្នុង​ដើមត្នោត​លាយឡំ​ជាមួយ​ដង្កូវ​ដួង​តាម​គុល​ឈើ និង​គំនរ​សំរាម​ពុកផុយ​ផ្សេងទៀត ដែលមាន​ដុះ​រោម និង​បង្កង់​ខ្លួន​ព័ណ៌​ក្រ​ម៉ៅ ដែល​នាំ​ឲ្យ​ពុល។

យោងតាម​ឯកសារ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ជាតិ​នៃ​ប្រទេស​ឥណ្ឌា ស្តីពី​ម្ហូប​អាហារ និង អាហារ​រូប​ត្ថ​ម្ភ ដែល​បានចេញ​ផ្សាយ​កាលពី​ខែមិថុនា ឆ្នាំ ២០០០ បាន​បញ្ជាក់ថា ដង្កូវ​ដួងជា​ប្រភព​អាហារ​ដែលមាន​ប្រូតេអ៊ីន កាបូន​នី​ដ្រា​ត វីតាមីន​ A និង វីតា​មីន E ខ្ពស់ អាចជួយ​ពង្រឹង​សុខភាព​រាង​កាយ និង​រក្សា​ព័ណ៌​សំបុរ ស្បែក​បាន​ស្រស់ថ្លា​ក្មេង​ជាង​វ័យ៕