កណ្តាលៈ អយ្យការ​​អម​សាលា​ដំបូង​ខេត្ត​កណ្តាល​​ កាល​ពី​ម្សិលមិញ​ បាន​​សម្រេច​ដោះ​លែង​ឲ្យបុរស​ម្នាក់​ ដែល​សង្ស័យថា បាន​​វាយ​សម្លាប់​កូន​ប្រុសបង្កើត​របស់ខ្លួន​​ម្នាក់​​​ នៅ​ភូមិ​ម្កាក់​ ឃុំ​ដើម​ឫស​ ស្រុក​កណ្តាល​ស្ទឹង​ត្រឡប់​ទៅ​​ផ្ទះវិ​ញ បន្ទាប់​ពី​សមត្ថកិច្ច​​ចាប់​បញ្ជូន​​ដល់​តុលាការ​ ប៉ុន្មាន​ម៉ោង។

លោក​ព្រះ​រាជ​អាជ្ញារង​​ ទិន ​សុ​ចិត្រា​ ​ដែល​ជា​អ្នក​នាំ​ពាក្យ​នៃ​សាលា​ដំបូង​ខេត្ត​កណ្តាល​ ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ​បុរស​ចំណាស់​ម្នាក់​ ឈ្មោះ​ ផង់​​ ជាង​ អាយុ​ ៦៨ ​ឆ្នាំ​ ដែល​សង្ស័​យ​ថា​ បាន​វាយ​សម្លាប់​កូន​ប្រុស​របស់​​ខ្លួន ​ហើយ​ដែល​មន្រ្តី​នគរ​បាល​ ​​ខេត្ត​កណ្តាល​ បាន​ចាប់​បញ្ជូន​​មក​តុលាការ​ខេត្ត​នោះ ​ត្រូវ​តុលាការ​​អនុញ្ញាតឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះវិញ​សិន​ហើយ។

លោក​បញ្ជាក់​​ថា​៖ ​«​តុលាការ ​ឲ្យគាត់​ទៅ​​ផ្ទះ​វិញ​ព្រោះយល់​​ថា សំ​ណុំ​រឿង​នេះ​នៅ​មាន​វិម​តិ​សង្ស័យ​​ច្រើន​ ដែល​អាច​ត្រូវ​​តុលាការ​​ និង​សមត្ថកិច្ចន​គរបាល​ស្រាវជ្រាវ​បន្ត​ទៀត​។​ គ្មាន​ការ​ដាក់​ប្រាក់​តម្កល់​ធានា​​ខ្លួន​អី​ទេ​ប៉ុន្តែ​យោង​លើ​សាច់ញាតិ​របស់​គាត់​មក​អះអាង​ពី​ការ​មិន​ជាប់​ពាក់ព័ន្ធ​បទ​ល្មើស»។

លោក ​ចៅ ​វុទ្ធី​ ប្រធាន​ការិ​​យា​​ល័យ​​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការ​ដ្ឋាននគរ​បាល​ខេត្ត​កណ្តាល​ឲ្យ​ដឹង​កាល​​ពី​ម្សិលមិញ​​ថា​ តាម​របាយការណ៍​រប​ស់​នគរបាល​ស្រុក​កណ្តាល​ស្ទឹង ​​បង្ហាញថា នៅ​ថ្ងៃ​ទី​ ១០​ ខែកុ​ម្ភៈ​ ២០១៩​ វេលា​ម៉ោង​ ១៨​ និង​ ៣០ នាទី​ ជន​សង្ស័យ​ជា​​ឪពុក ​ឈ្មោះ​ ផង់​ ជាង​ បាន​ទៅ​ហូប​ការ​គេ​ជាមួយ​ចៅស្រីម្នាក់​អាយុ​ ៤ ឆ្នាំ​នៅ​ក្នុងភូមិ​ ដោយ​ផឹកស្រាបៀរ​អស់​ ២ ​កំប៉ុង​ រហូត​ដល់​ម៉ោង​២០ ​និង​ ១០ ​នាទី​ ទើប​ត្រឡប់​មក​ផ្ទះ​វិញ​​ រួច​ក៏​ចូល​ដេក​ក្នុង​បន្ទប់​ក្រោមផ្ទះ​ពេល​ កំពុង​ដេក​នៅ​ វេលា​ម៉ោង​ប្រហែល ​២​ និង​ ២០ ​នាទី​រំលង​អា​ធ្រាត្រ ឈានចូលថ្ងៃទី ១១ កុម្ភៈពេល​ជន​រង​គ្រោះជា​កូន​ឈ្មោះ​ ផង់​ បាន​ ត្រឡប់​មក​ពី​ហូប​ការ​គេ​ក្នុងភូមិ​ ស្រែក​ឡូឡា​ជេរ​ ហើយ​ជន​សង្ស័យ​ បាន​តប​វិញ​ថា​​ ឡូឡា​អី​ថ្មើរ​ ហ្នឹង​ ស្រាប់តែ​ជន​រង​គ្រោះ​ស្ទុះ​យក​ដំបង​ឈើ​ជ្រុង​វាយ​ជន​សង្ស័​យ​ជា​ឪពុក​ តែ​ឪពុក​គេច​ផុត​ រួច​ជន​រង​គ្រោះ​នៅ​បន្ត​ជេរ​ជនសង្ស័យ​ដដែលៗ។

ពេល​ជន​រង​គ្រោះ​ដើរទៅ​ដេក​លើ​អង្រឹង​ក្រោមផ្ទះ​ ជនសង្ស័យ​ក៏​ចូល​ក្នុង​បន្ទប់​ទាញ​យក​ដែក​ជ្រុង​ចន្ទ​ល់​ទ្វារ​ ហើយស្ទុះ​ទៅ​វាយ​ជន​រង​គ្រោះ​​រហូត​ដល់​ស្លាប់ ហើយ​បាន​ចូល​ដេក​រហូ​ត​ទល់​ភ្លឺ​។ ដល់​​ព្រឹក​ឡើង​ ទើប​មានការ​ភ្ញាក់ផ្អើល​ដឹង​ពី​ហេតុ​ការណ៍​ថា ​ជន​រង​គ្រោះ​ស្លាប់​ នៅ​ក្រោមផ្ទះ​។ លុះនៅ​ព្រឹក​ថ្ងៃ​ទី​ ១១​ ខែកុម្ភៈ​ ឆ្នាំ ​២០១៩ ​ត្រូវ​​សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​​នៅ​ក្នុង​ភូមិ​ម្កាក់៕