មណ្ឌលគិរីៈ បុរស​ដែល​សាច់​​ញាតិ​អះ​អាង​ថា មាន​ជំងឺ​ខ្លាច​មនុស្ស​ ហើយ​ចូល​ចិត្ត​រស់​នៅ​តែម្នាក់​ឯង ត្រូវ​បាន​គេ​ប្រទះឃើញ​គ្រោង​ឆ្អឹង​​សាក​សព ​​និង​បំ​ណែក​​សម្លៀក​បំពាក់ ​នៅ​ក្នុង​ព្រៃ​​ស្ថិត​ក្នុង​ភូមិ​ពូ​ទុង​ ឃុំ​ចុងផ្លាស់​ ស្រុក​កែវ​សីមា​​ បន្ទាប់​ពី​បាត់​ខ្លួន​ពី​ផ្ទះ​ជិត​ ៤ ខែ។​

លោក ​វ៉ាន់ ​ដា​នីន​ អ​ធិ​ការ​​ស្រុ​ក​កែវ​​​សី​មា​ ​ឲ្យ​ដឹង​​​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​របស់​លោក​ស្រាវ​ជ្រាវ​ស្គាល់​រក​ឃើញ​ថា​បុរស​ដែល​ស្លាប់​នោះ​​​ឈ្មោះ ​លាង​​ សុខ​ឡេង​ អាយុ ៤៣ ​ឆ្នាំ​ ជា​​អ្នក​​​រស់​នៅ​ក្នុង​ភូមិ​-​ឃុំ​ខាងលើ។

លោក​​ថា​៖​ «​ជន​រង​គ្រោះ​ស្លាប់​នោះ ​​មិន​ដឹង​ថា​​ ស្លាប់​ដោយ​មូល​ហេតុ​អ្វី​ទេ​ប៉ុន្តែ​តាម​សាច់​ញាតិ​គ្រួសារ​​​សព​ប្រាប់​សមត្ថកិច្ច​យើង​ថា ​​ជន​រង​គ្រោះ​បាន​បាត់​ខ្លួន​ពី​ផ្ទះ»។

លោក​រំ​​ឭក​ប្រាប់​ថា ​​កាល​ពី​ថ្ងៃ​ទី ​​២​០​ ​​​​ខែ ​ឧ​ស​​ភា​ ឆ្នាំ​ ២០​១​៩ ​​មាន​ប្រជា​​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ យល់​ នឿ​ន​ ​ជា​អ្នក​ដក​ផ្សិត​បានចូល​ទៅ​ដក​ផ្សិត​ នៅ​ក្នុង​ព្រៃ​នោះ​​ ហើយ​បា​ន​ប្រទះឃើញ​លលា​ដ៍ក្បា​ល​ និង​គ្រោងឆ្អឹង​មនុស្ស​។ ​ពេល​នោះ​គាត់​បាន​រាយការណ៍​ប្រាប់​នគរ​​បាល​ប៉ុស្តិ៍​ចុង​ផ្លាស់​ ហើយ​លោ​ក​បាន​ស្នើ​សុំ​កម្លាំង​ជំ​នាញ​ ជួយ​ចុះ​ស្រាវ​ជ្រាវ ​និង​ត្រួតពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​។​ ជន​រង គ្រោះ​​បាន​បាត់​ពី​ផ្ទះ​កាល​ពី​ថ្ងៃ​ទី ​២​៨​ ខែ ​​ម​ក​រា ​​ឆ្នាំ​​ ២​០​១​៩​​ ហើ​យ​ក្រុម​គ្រួសារ​បាន​ព្យា​យាម​ស្វែងរក​ដែរ​តែ​រក​មិន​ឃើញ។

​​លោក​​ ហ៊ូ​​ តា​រា​ ប្រ​ធាន​កា​រិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​​ស្នង​ការ​ដ្ឋាន​ន​គ​រ​បាល​ខេត្ត​​មណ្ឌ​​​លគិ​រី​ ​ថ្លែង​​ពី​ម្សិល​មិញ​​ថា ​​ចំ​ពោះ​រឿង​នេះសមត្ថកិច្ច​មិន​បា​ន​​បើក​ការ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ទេ​ ព្រោះ​បើ​ផ្អែក​តាម​សាច់​ញាតិ​របស់​ជន​រង​គ្រោះ​ថា​ គាត់​ជា​មនុស្សមាន​ជំ​ងឺ​ម្យ៉ាង​ ចេះ​តែ​ខ្លាច​មនុស្ស​។ «​​គាត់​អាច​ ដើរ​ចូល​ក្នុង​ព្រៃ​ដើម្បី​គេច​ពី​មនុ​ស្ស​ហើយ​អាច​អត់​អា​ហារ​ស្លាប់​។ ចំពោះ​ការ​សង្ស័យ​ថា ​អាច​ត្រូវ​គេ​សម្លាប់​នោះ​គ្មាន​ទេ»៕