ក្រចេះ: បុរស​ជា​កូនបង្កើត​ និង​ជា​មនុស្ស​ញៀន​ថ្នាំ​ម្នាក់​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​ ៩ ​មេសា បន្ទាប់ពី​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ៧ ​មេសា​ពាក់ព័ន្ធ​ប៉ង​អារក​ឪពុក​បង្កើត​ដោយសារ​ខឹង​សុំ​លុយ​ ១០ ​ម៉ឺន​រៀល​មិន​បាន​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ច្រាប ឃុំ​ ២ ​ធ្នូ ស្រុក​ស្នូល ខេត្តក្រចេះ​។

លោកស្រី នៅ រតនា ស្នងការរង​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ លី រ៉ហ្វាត អាយុ​ ២៣ ​ឆ្នាំ​ត្រូវបាន​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​បញ្ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ហើយ​កាលពី​រសៀល​ម្សិលមិញ​។ ​ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​របស់​លោកស្រី​ត្រូវ​ធ្វើ​របាយការណ៍​សំយោគ និង​ត្រូវ​សាកសួរ​ជនសង្ស័យ​បន្ថែមទៀត​សិន​មុន​នឹង​បញ្ជូន​ជនសង្ស័យ​បន្តទៅ​សាលាដំបូង​ខេត្តក្រចេះ​។

លោកស្រី​ថ្លែង​ថា ជនសង្ស័យ​ម្នាក់​នោះ​នឹងត្រូវ​បញ្ជូន​ខ្លួន​ទៅ​ព្រះរាជអាជ្ញា​នៅ​ថ្ងៃទី​ ៩ ខែ​មេសា​ចំពោះ​ការចោទប្រកាន់​យ៉ាងណា​នោះ​គឺ​អាស្រ័យ​ព្រះរាជអាជ្ញា​។

លោក នន់ រ័ត្ននារី នាយផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​គឺជា​មនុស្ស​ញៀនថ្នាំ​ខ្លាំង​បាន​យក​កាំបិត​ប៉ុនប៉ង​អារក​សម្លាប់​ឪពុក​ជា​ជនរងគ្រោះ​ឈ្មោះ​ ប្រឹម ម៉ាលី អាយុ​ ៦១ ​ឆ្នាំ​ពួកគេ​ជា​ឪពុក-កូន​បង្កើត​ហើយ​ជា​ខ្មែរ-អ៊ិស្លាម​។ ជនសង្ស័យ​មិនទាន់​អារក​ជនរងគ្រោះ​នៅឡើយ​ទេ​គាត់​គ្រាន់​តែ​ជន្ល​ហើយ​បងស្រី​គាត់​ឃើញ​ក៏​ទៅ​ឃាត់​។ កូនប្រុស​នោះ​ខឹង​សុំ​លុយ​ឪពុក​មិនបាន​។

លោក រ័ត្ននារី បាន​ឲ្យ​ដឹង​ដោយ​យោងតាម​សម្តី​សាច់ញាតិ​របស់​ជនរងគ្រោះ​ថា ជនសង្ស័យ​ជា​មនុស្ស​ញៀន​ថ្នាំខ្លាំង ហើយ​កន្លងមក​សូម្បី​តែ​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​ទាំងប៉ុន្មាន​ក៏ត្រូវ​ជន​ម្នាក់នេះ​លួច​លក់​អស់​ដែរ​ពោល​គឺ​បំផ្លាញ​ទ្រព្យ​នៅក្នុង​ផ្ទះ​តែម្តង​ដើម្បី​យក​លុយ​ទៅ​ទិញ​ថ្នាំញៀន​ជក់​។

មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​សុំ​លុយ​ឪពុក​របស់​ខ្លួន​ចំនួន​ ១០ ​ម៉ឺន​រៀល​ ប៉ុន្តែ​ជនសង្ស័យ​មិនបាន​ប្រាប់​ជនរងគ្រោះ​ថា​យកលុយ​នោះ​ទៅ​ធ្វើ​អ្វី​ទេ​។ ពេលនោះ​ជនរងគ្រោះ​ថា​គ្មាន​លុយ​ឲ្យ​ទេ​ហើយ​ស្រាប់តែ​ជនសង្ស័យ​ខឹង​ស្ទុះ​ទៅយក​កាំបិត​ដែល​មាន​ទំហំ​ ៤ ​ម្រាមដៃ​មនុស្ស​ចាស់​ទៅ​ប៉ុងប៉ង​អារក​ជនរងគ្រោះ​តែម្តង​។

លោក​ប្រាប់​បន្តថា តែ​ដោយសារ​បងស្រី​របស់​ជនសង្ស័យ​ឃើញ​ទាន់​ហើយ​បាន​ស្ទុះ​ទៅ​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ​ដណ្តើម​យកបាន​កាំបិត​ហើយក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​របស់​លោក​តែម្តង​។ បន្ទាប់មក​សមត្ថកិច្ច​របស់លោក​បាន​នាំ​កម្លាំង​ចុះ​ដល់​កន្លែង​កើតហេតុ​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​ដើម្បី​សាកសួរ​បន្ត​៕