កំពង់ចាម៖ សាលា​ដំបូង​ខេត្ត​កំពង់ចាម បាន​សម្រេច​ចោទ​ប្រកាន់​បុរស​ម្នាក់​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខសង្គម» និង​បទ «រារាំង​ដល់​ការ​អនុវត្ត​វិធានការ» ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ បន្ទាប់​ពី​ជន​នេះ​បាន​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម TikTok «មាន​ចេតនា​ញុះញង់​បង្ក​ចលាចល» ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​នៅ​ថ្ងៃទី ១១ ខែ​មេសា។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​អ្នក​នាំពាក្យ​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ចាម ចេញ​នៅ​រសៀល​ថ្ងៃទី ១៣ ខែ​មេសា​នេះ បាន​ឲ្យ​ដឹង​ថា អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ និង​បន្ត​បំពេញ​កិច្ច​នីតិវិធី​សំខាន់ៗ​ផ្សេង​ទៀត និង​បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​ឈ្មោះ នូវ ខឹង ហៅ ពន្លក (ឈ្មោះ នាយ​ប្រុញ ក្នុង​គណនី​សង្គម TikTok) តាមរយៈ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ ១៧២ អ.យ.ក ចុះ​ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២១ ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

ជាមួយ​គ្នា​នេះ តាម​បញ្ញត្តិមាត្រា​ ៤៩៤ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ជន​នោះ​ក៏​ជាប់​ក្នុង​បទ «រារាំង​ដល់​ការ​អនុវត្ត​វិធានការ» តាម​បញ្ញត្តិ​មាត្រា ១១ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់ ការ​ឆ្លង​ការ​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ផង​ដែរ។

អ្នក​នាំពាក្យ នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម បាន​គូស​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​ឈ្មោះ នូវ ខឹង ហៅ ពន្លក គឺ​ធ្វើ​ឡើង​ដោយសារ​តែ​ជន​នេះ បាន​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម TikTok របស់​ខ្លួន ចាប់​តាំង​ពី​ថ្ងៃទី ២១ ខែ មីនា ឆ្នាំ​ ២០២១ រហូត​ដល់​ថ្ងៃ ១០ ខែ មេសា ឆ្នាំ ២០២១ ដោយ​ធ្វើ​ការ​បង្ហោះ​នូវ​រូបភាព និង​វីដេអូ​របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​អត្ថាធិប្បាយ​បកស្រាយ​ដែល​ខុស​ពី​ការ​ពិត​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សង្គម និង​ស្ថានភាព​សុខភាព​សាធារណៈ «ក្នុង​គោលដៅ​បង្ក​ឲ្យ​មាន​ការ​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បាន​បន្ត​ញុះញង់​ឲ្យ​អ្នក​តាមដាន​គណនី​ទំនាក់ទំនង​សង្គម TikTok របស់​ខ្លួន​ប្រឆាំង​នឹង​វិធានការ​រដ្ឋបាល​នានា ដែល​កំពុង​ត្រូវ​បាន​ដាក់​ចេញ​យ៉ាង​សកម្ម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩»។

ជន​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ខ្លួន​នៅ​ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២១ នៅ​ខេត្ត​កំពង់ចាម ដែល​ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយឧត្តម​សេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នង​ការ​រង​ទទួល​ផែន​ការងារ​សន្ដិសុខ៕