តាកែវៈ បុរស​ម្នាក់​ត្រូវបាន​តុលាការ​ខេត្តតាកែវ ចោទប្រកាន់ និង​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ពី​បទឃាតកម្ម​កាលពី​ថ្ងៃទី ១០ ខែឧសភា ខណៈ​កងរាជ​អាវុធហត្ថ​កំពុង​បន្ត​តាម​ចាប់ខ្លួន​បក្ខពួក​ក្រុម​ជនសង្ស័យ​ចំនួន​ ៥ ​នាក់​ទៀត ពាក់ព័ន្ធ​នឹង​រឿង​ព្រួត​គ្នា​កាប់​យុវជន​ម្នាក់​ស្លាប់​នៅ​សង្កាត់​រកាក្នុង ក្រុង​ដូនកែវ កាលពី​យប់​ថ្ងៃទី​ ៨ ខែឧសភា​។

លោក​ លឹម សុខន អ្នកនាំពាក្យ​សាលាដំបូង​ខេត្តតាកែវ​ប្រាប់​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ ខាត់ សង្ហា អាយុ​ ២៧ ​ឆ្នាំ​ត្រូវ​បាន​លោកស្រី​ចៅក្រម​ស៊ើបសួរ​ឈ្មោះ ជ័យ មាលា សម្រេច​ចោទប្រកាន់​តាម​សំណើ​របស់​ព្រះរាជអាជ្ញា និង​ត្រូវ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ហើយ​កាលពី​ថ្ងៃ​ទី​ ១០ ​ឧសភា ឆ្នាំ​ ២០២០​។ លោក​ថា​៖ «​ជនសង្ស័យ​ត្រូវ​ចោទ​ពី​បទឃាតកម្ម​តាម​មាត្រា​ ១៩៩ ​នៃ​ក្រមព្រហ្មទណ្ឌ​»​។

យោង​មាត្រា​ ១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​នេះ ប្រសិន​បើ​តុលាការ​រកឃើញ​ថា ជនជាប់ចោទ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន​នោះ​នឹង​ត្រូវ​ជាប់ពន្ធនាគារ​ពី ១០ ​ទៅ​ ១៥ ​ឆ្នាំ​។

លោក​ ចាន់ ជៀប នាយការិយាល័យ​ព្រហ្មទណ្ឌ​នៃ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្តតាកែវ​បាន​រំឭក​ប្រាប់​ពី​ម្សិលមិញ​ថា កាលពី​ម៉ោងជាង ៨ ​យប់ ថ្ងៃទី ៨ ខែ​ឧសភា​មាន​ករណី​ក្មេង​ ២ ​ក្រុម​ដែល​ខាង​ក្រុម​ជនល្មើស​មាន​គ្នា ៦ ​នាក់​ជិះ​ម៉ូតូ​ ៣ ​គ្រឿង និង​ក្រុម​ជនរងគ្រោះ​មាន​គ្នា​ ៣ ​នាក់ ជិះ​ម៉ូតូ​ ២ ​គ្រឿង ដោយ​ពួកគេ​ ១ ​ក្រុមៗ​អង្គុយលេង​នៅ​សួនច្បារ​ក្នុង​ក្រុង​ដូនកែវ​។

ខណៈនោះ​ភាគី​ខាង​ជនល្មើស​បាន​ជិះ​ម៉ូតូ​បណ្តើរ និង​បាន​ចុច​ស៊ីផ្លេ​បណ្តើរ ហើយ​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ ៣ ​នាក់​បាន​ប្រាប់​គ្នា​គេ​ឲ្យ​ជិះ​ម៉ូតូ​ទៅ​មើល ថា​តើ​អ្នក​ចុច​ស៊ីផ្លេ​នោះ ជា​គ្នាឯង​ ឬ​អ្នកណា​។ នៅពេល​ជិះ​ម៉ូតូ​ទៅ​មិនទាន់​ទាំង​ដល់​ផង ស្រាប់តែ​ក្រុម​ជនល្មើស​ជិះ​ម៉ូតូ​ដេញ​កាប់ ធ្វើឲ្យ​ក្រុម​ជនរងគ្រោះ​បើក​ម៉ូតូ​រត់ ប៉ុន្តែ​ដោយ​ម៉ូតូ​របស់​ក្រុម​ជនរងគ្រោះ​មាន​ល្បឿនខ្សោយ​ជាង​ម៉ូតូ​ក្រុម​ជនល្មើស​ធ្វើឲ្យ​ក្រុម​ជនល្មើស ដេញទាន់ និង​យក​ពូថៅ​ដែល​គេ​ដាក់​តាម​ខ្លួន កាប់​ជនរងគ្រោះ​ឈ្មោះ​ ប៉ុល រឿន ​អាយុ ២១ ​ឆ្នាំ​រស់នៅ​ភូមិ ចក សង្កាត់រការ​ក្នុង​ក្រុង​ដូនកែវ​ស្លាប់​នៅ​កន្លែង​កើតហេតុ​។

ចំណែក​គ្នា​គេ​ ២ ​នាក់​ទៀត​ដោយសារ​ពេល​បើក​ម៉ូតូ​រត់​បាន​ទៅបុក​នឹង​គំនរ​ខ្សាច់​ហើយ​បាន​ខ្ទាត​ធ្លាក់​ពីលើ​ម៉ូតូ​រងរបួស​ស្រាល រីឯ​ក្រុម​ជនល្មើស​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។ ជនរងគ្រោះ​ត្រូវ​ក្រុម​ជនល្មើស​កាប់​ត្រូវ​ក្បាល និង​ដងខ្លួន​ស្លាប់​នៅ​កន្លែងកើតហេតុ​។

លោក​ ចាន់ ចៀប បាន​ឲ្យ​ដឹង​បន្តទៀតថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​របស់លោក​បាន​ទៅដល់​ទីតាំង​នោះ​ហើយ​ជនរងគ្រោះ ២ ​នាក់​ បាន​ប្រាប់​ពី​ភិនភាគ​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​។ បន្ទាប់ពី​ប្រមូល​បាន​ព័ត៌មាន​ហើយ​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​របស់​លោក​បាន​ជិះ​ម៉ូតូ​តាមរក​រហូត​ប្រទះឃើញ​ម៉ូតូ​ ១ ​គ្រឿង​ដូច​ភិនភាគ ដែល​ជនរងគ្រោះ​ (​អ្នករបួស​) ​បាន​ប្រាប់​ក៏​ដេញតាម​ចាប់​ជនសង្ស័យ​បាន​ម្នាក់ រីឯ​ជន​ជា​បក្ខពួក​ ៥ ​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​។ ពួកគេ​ទាំង​ ២ ​ក្រុម​នេះ​គឺ​សុទ្ធតែ​រស់នៅក្នុង​ក្រុង​ដូនកែវ​ជាមួយ​គ្នា​៕