កំពង់ស្ពឺ៖ បុរស​ជា​កសិករ​អាយុ ៤១ ឆ្នាំ​ម្នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី ៨ ខែ​ឧសភា រឿង​កាន់​កាប់​អាវុធ​វែង​មួយ​ដើម​ដោយ​ខុស​ច្បាប់ ដែល​កំពុង​ត្រូវ​បាន​សាកសួរ​ដោយ​កងរាជ​អាវុធហត្ថ ខេត្ត​កំពង់ស្ពឺ មុន​ពេល​បន្ត​នីតិវិធី​បញ្ជូន​ទៅ​តុលាការ។

លោក ទិត្យ វណ្ណៈ មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថ​​ខេត្ត​កំពង់ស្ពឺ បាន​ថ្លែង​ឱ្យ​ដឹង​ថា សំណុំ​រឿង​នេះ មាន​ជនសង្ស័យ​ឈ្មោះ ជួន ជាង ភេទ​ប្រុស​អាយុ ៤១ ឆ្នាំ មុខ​របរ​កសិករ​មាន​ទីលំនៅ​ភូមិ​អង្រ្កង ឃុំ​ត្រពាំងជោ ស្រុក​ឪរ៉ាល់ ខេត្ត​កំពង់ស្ពឺ ជាប់​ពាក់ព័ន្ធ​ករណី​កាន់​កាប់​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​កំពុង​សាកសួរ​ដោយ​មិន​ទាន់​បាន​បញ្ជូន​ទៅ​អយ្យការ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​នៅ​ឡើយ​ទេ។

លោក ទិត្យ វណ្ណៈ ថ្លែង​ថា៖ «ខ្ញុំ​កំពុង​ធ្វើ​ការ​សាក​សួរ​គាត់ (ជន​សង្ស័យ) សិន។

ទោះ​ជា​យ៉ាង​ណា ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​បញ្ជា​ការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ចុះ​ផ្សាយ​នៅ​ថ្ងៃទី ១០ ខែ​ ឧសភា ឆ្នាំ ២០២១ នេះ​ថា កម្លាំង​កង​រាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២១ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​នៅ ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ជាប់​ពាក់ព័ន្ធ​ករណី​កាន់​កាប់​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត។

ក្នុង​ប្រតិបត្តការ​ឃាត់​ខ្លួន​ជនសង្ស័យ​នេះ កង​រាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​សហការ​ជាមួយ​កម្លាំង អង្គការ​សម្ពន្ធ័​មិត្ត​សត្វ​ព្រៃ ព្រម​ទាំង​មាន​ការ​សម្របសម្រួល​ពី​លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា​អម​សាលា​ដំបូង ខេត្ត​កំពង់ស្ពឺ ដោយ​បាន​ដក​ហូត​វត្ថុតាង​មាន អាវុធ AK47 (ស្វាយ ០១ ដើម) និង​បង់ ០១ និង​គ្រាប់​ចំនួន ៥៨ គ្រាប់៕